ប្រទេសចិន ៖ នៅខែមិថុនា ឆ្នាំ២០២៥ កងទ័ពរំដោះប្រជាជនចិនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសនាវាចម្បាំងអង់គ្លេសឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាការបង្កបញ្ហា ខណៈអង់គ្លេសលើកឡើងថា នាវាចម្បាំង HMS Spey បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់តាមផ្លូវទឹកធម្មតា ។ ការបញ្ជូននាវាមកកាន់ទីនេះជាផ្នែកមួយនៃផែនការដែលបង្កើតយូរមកហើយ និងធ្វើឡើងស្របតាមច្បាប់អន្តរជាតិ ។

ប្រទេសចិនចាត់ទុកថា តៃវ៉ាន់ជាទឹកដីរបស់ចិន ហើយច្រកសមុទ្រតៃវ៉ាន់ក៏ជាដែនទឹករបស់ចិនដែរ ខណៈតៃវ៉ាន់ អាមេរិក និងបណ្តាប្រទេសជាមិត្តចាត់ទុកថា ច្រកសមុទ្រតៃវ៉ាន់ គឺជាដែនទឹកអន្តរជាតិ ពុំមែនជារបស់ចិនទេ ។
បើតាមកងទ័ពរំដោះប្រជាជនចិន គឺការមកដល់របស់នាវាអង់គ្លេស HMS Spey កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគោលបំណងបង្កបញ្ហា ហើយកងទ័ពចិនបានតាមដាននាវាជានិច្ច ។ ការអះអាងរបស់អង់គ្លេសជាការបំភ្លៃច្បាប់ និងធ្វើឱ្យសាធារណជនយល់ខុស អង់គ្លេសបង្កបញ្ហាស្មុគស្មាញ បំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ កងទ័ពចិនត្រៀមខ្លួនឆ្លើយតបនឹងការគំរាមកំហែងនេះ ។
.png)
ចំណែករដ្ឋាភិបាលតៃវ៉ាន់បានសរសើរការបង្ហាញខ្លួនរបស់នាវាចម្បាំងអង់គ្លេស ដោយក្រសួងការបរទេសតៃវ៉ាន់បានបង្ហាញភាពរីករាយដែលអង់គ្លេសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារសេរីភាព និងបើកនាវាចម្បាំងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ដែលតៃវ៉ាន់ចាត់ទុកថា វាជាដែនទឹកអន្តរជាតិ ។
រយៈពេល៥ឆ្នាំមកនេះ ចិនបានធ្វើសកម្មភាពកងទ័ពជុំវិញកោះតៃវ៉ាន់ រួមទាំងធ្វើសមយុទ្ធទ្រង់ទ្រាយធំជាច្រើនលើក ដែលធ្វើឱ្យតៃវ៉ាន់ អាមេរិក និងជប៉ុនបារម្ភ ។ កាលពីថ្ងៃទី១៩ ខែមិថុនា ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te ថ្លែងថា លោកបានបញ្ជាឱ្យភ្នាក់ងារសន្តិសុខបង្កើនការឃ្លាំមើល និងស៊ើបការណ៍ដើម្បីទប់ទល់សកម្មភាពកងទ័ពចិន ដែលតៃវ៉ាន់មើលឃើញថា ចិនពុំបានកាត់បន្ថយសកម្មភាពកងទ័ពទេ បើទោះជាភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ាក្តី ។
កាលពីថ្ងៃទី២០ ខែមិថុនា ក្រសួងការពារជាតិតៃវ៉ាន់រាយការណ៍ថា ចិនបានធ្វើសកម្មភាពកងទ័ពនៅជុំវិញកោះតៃវ៉ាន់រយៈពេល២៤ម៉ោង ដោយមានយន្តហោះចិនចំនួន៥០គ្រឿង ហោះហើរលើច្រកសមុទ្រ និងសមុទ្រចិនខាងត្បូង ។.png)
គួរបញ្ជាក់ថា អង់គ្លេសធ្លាប់បញ្ជានាវាចម្បាំង HMS Richmond មកកាន់ច្រកសមុទ្រតៃវ៉ាន់កាលពីឆ្នាំ២០២១ ពេលនោះ កងទ័ពចិនក៏បានតាមដាននាវាចម្បាំងអង់គ្លេស និងប្រាប់ឱ្យចាកចេញពីច្រកសមុទ្រតៃវ៉ាន់ ៕










