Home ព័ត៌មានជាតិ ថៃ បំពានកម្ពុជា លើអនុស្សារណនៃការយោគយល់គ្នាឆ្នាំ២០០០ ចំនួន៦៩៥ករណី

ថៃ បំពានកម្ពុជា លើអនុស្សារណនៃការយោគយល់គ្នាឆ្នាំ២០០០ ចំនួន៦៩៥ករណី

35
0

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានធ្វើការបកស្រាយ និងឆ្លើយតបទៅកាន់ភាគីថៃ ក្រោយបានចោទប្រកាន់កម្ពុជា បំពាន MoU ឆ្នាំ២០០០។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា បានអះអាងថា៖”ភាគីថៃបានបំពានកម្ពុជា និងបំពានលើអនុស្សារណនៃការយោគយល់គ្នា ឆ្នាំ២០០០ (MoU 2000) ចំនួន៦៩៥ករណីមកហើយ ក្នុងនោះរាប់ទាំងការធ្វើផ្លូវ និងល្បាតតាមព្រំដែន”។

នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា៖”យើងមានភស្ដុតាងទាំងអស់ ដែលថៃបានឈ្លានពាន ឬមិនគោរពនូវ MoU ឆ្នាំ២០០០។ ហើយអ្វីដែលថៃចោទកម្ពុជាបំពាននោះ គឺគ្រាន់តែជាការធ្វើស្រែលើសព្រំដែន និងឡើងច្រៀងលើប្រាសាទតាមាន់ជាដើម ខណៈថៃខ្លួនឯងបំពានកម្ពុជាដាច់តែម្ដង”។

គួរបញ្ជាក់ថា ភាគីថៃ ទាមទារចង់បានសន្ដិភាព ដោយចាត់ទុកថា ការដាក់ទ័ពរបស់គេមកព្រំដែន គឺដើម្បីការពារបូរណភាពទឹកដី មិនមានគោលបំណងឈ្លានពានប្រទេសជិតខាងនោះទេ៕