កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលជាខ្លាំងលើបណ្តាញអ៊ីនធឺណែតអំពីក្រុមហ៊ុន Toyota ដែលគេសន្មត់ថាបង្កើតរថយន្តដែលប្រើទឹកជំនួសប្រេងឥន្ធនៈ។ វីដេអូ និងអត្ថបទមួយចំនួនបានអះអាងថា ប៉ាតង់ថ្មីរបស់ក្រុមហ៊ុននេះបញ្ជាក់អំពីវា។ ប៉ុន្តែការពិតវាខុសគ្នាខ្លាំងគឺ Toyota មិនមែនផលិតឡានដែលប្រើទឹកទេ ហើយគេមិនដែលនិយាយថាវាធ្វើនោះទេ។ នេះបើតាមការផ្សាយរបស់គេហទំព័រ Forbes។
.png)
ថ្មីៗនេះ Toyota បានដាក់ពាក្យសុំប៉ាតង់សម្រាប់ប្រព័ន្ធត្រជាក់ដែលប្រើក្នុងម៉ាស៊ីនដោយប្រើអ៊ីដ្រូសែន។ ប៉ាតង់នេះជួយកែលម្អរបៀបដែលម៉ាស៊ីនទាំងនេះគ្រប់គ្រងកំដៅពេលកំពុងដំណើរការ។ ប៉ុន្តែមនុស្សជាច្រើនបានយល់ច្រឡំលើប៉ាតង់នេះ ហើយបានចាប់ផ្តើមផ្សព្វផ្សាយគំនិតដែលថា Toyota បានបង្កើតរថយន្តដែលប្រើប្រាស់ទឹកជាឥន្ធនៈ។ 
តាមពិតទៅ យានជំនិះដែលដំណើរការដោយអ៊ីដ្រូសែន ប្រើប្រាស់ឧស្ម័នអ៊ីដ្រូសែន ដើម្បីផលិតអគ្គិសនី ដែលផ្តល់ថាមពលដល់ម៉ូទ័រ។ រថយន្តទាំងនេះបញ្ចេញតែចំហាយទឹកប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យមនុស្សពេលខ្លះច្រឡំរថយន្តប្រើទឹក។ ទោះយ៉ាងណាក៏ដោយ ពួកគេប្រើអ៊ីដ្រូសែនជាឥន្ធនៈ មិនមែនទឹកនោះទេ។.png)
ទឹកមិនអាចប្រើប្រាស់ជាឥន្ធនៈដោយផ្ទាល់បានទេ។ អ្នកវិទ្យាសាស្ត្របានពន្យល់ជាយូរមកហើយថាទឹកគឺជាសមាសធាតុដែលមានស្ថេរភាព អ្នកមិនអាចគ្រាន់តែចាក់វាចូលទៅក្នុងធុងឥន្ធនៈហើយធើ្វឱ្យឡានដំណើរនោះទេ។ យ៉ាងណាមិញ ដើម្បីទទួលបានថាមពលពីទឹក គេត្រូវបំបែកវាទៅជាអ៊ីដ្រូសែន និងអុកស៊ីហ្សែន ដែលជាដំណើរការហៅថា electrolysis ។ ប៉ុន្តែការធ្វើបែបនេះត្រូវការថាមពលច្រើនជាងលទ្ធផលដែលអ្នកនឹងទទួលបានពីការប្រើប្រាស់អ៊ីដ្រូសែនដែលអ្នកផលិតទៅទៀត។ នោះហើយជាមូលហេតុដែលការប្រើទឹកជាឥន្ធនៈមិនត្រឹមតែមិនមានប្រយោជន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឆាំងនឹងវិទ្យាសាស្ត្រមូលដ្ឋានទៀតផង។
.png)
គួរំលឹកថា នេះមិនមែនជាលើកទីមួយនោះទេដែលការអះអាងបែបនេះបានកើតឡើង។ កាលពីមុន ក្រុមហ៊ុន និងអ្នកបង្កើតផ្សេងទៀត បានធ្វើសេចក្តីថ្លែងការណ៍ស្រដៀងគ្នាអំពីយានជំនិះដែលប្រើទឹក។ ជាឧទាហរណ៍ នៅក្នុងឆ្នាំ ២០០៨ មានក្រុមហ៊ុនមួយឈ្មោះថា Genepax នៅក្នុងប្រទេសជប៉ុនបានអះអាងថាខ្លួនបានបង្កើតរថយន្តដែលដំណើរការដោយទឹក។ ប៉ុន្តែក្រោយមកការអះអាងនោះត្រូវបានលុបចោល ហើយក្រុមហ៊ុនក៏បាត់ខ្លួនមិនយូរប៉ុន្មាន។

នៅទីបញ្ចប់ ប៉ាតង់របស់ក្រុមហ៊ុនតូយ៉ូតាគឺអំពីការធ្វើឱ្យម៉ាស៊ីនអ៊ីដ្រូសែនកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពជាងមុន មិនមែនបង្កើតរថយន្តដែលប្រើប្រាស់ប្រេង ប្ដូរមកជាដំណើរការដោយទឹកនោះទេ។ ខណៈពេលដែលបច្ចេកវិជ្ជាអ៊ីដ្រូសែនកំពុងមានសក្ដានុពល និងមានទំនាក់ទំនងនឹងបរិស្ថាន វាជារឿងសំខាន់ក្នុងការបែងចែកការពិតពីការឃោសនាបំផ្លើស។ ដូច្នេះ នៅពេលដែលអ្នកឃើញវីដេអូ ឬចំណងជើងអំពីរថយន្តដែលដំណើរការដោយទឹក សូមចំណាយពេលបន្តិចដើម្បីសួរថា តើវាមានន័យបែបវិទ្យាសាស្ត្រដែរឬទេ? មុននឹងជឿ ឬចែករំលែកវា៕










