តារាចម្រៀង សុគន្ធ និសា បានរៀបរាប់ពីជីវិតគូដ៏កម្រតាមរយៈបទសម្ភាសន៍នាពេលថ្មីៗនេះដោយបង្ហាញថាដំណាក់កាលដំបូងនៃទំនាក់ទំនងជាមួយស្វាមីគឺមានការប្រចណ្ឌខ្លាំង ពិបាកក្នុងការធ្វើការ។ យ៉ាងណាក្រោយមកស្វាមីរបស់តារាចម្រៀងរូបនេះលែងសូវប្រចណ្ឌប៉ុន្តែបែរជា សុគន្ធ និសា ជាអ្នកប្រចណ្ឌច្រើនវិញ។ ទោះយ៉ាងណាបច្ចុប្បន្នអ្នកទាំងពីរលែងមានការប្រចណ្ឌគ្នាដូចមុនទៀតហើយ។
.png)
ជឿជាក់ថាអ្នកតាមដានប្រាកដជាជ្រាបមកហើយថាអ្នកនាង សុគន្ធ និសា គឺជាតារាចម្រៀងមួយរូបដ៏មានឈ្មោះបោះសំឡេងដែលកម្រនឹងមានរឿងអាស្រូវក្នុងសង្គមសិល្បៈណាស់មិនថាតែការងារឬជីវិតនៅក្នុងគ្រួសារនោះទេ។ លើសពីនេះទៅទៀត អ្នកនាង សុគន្ធ និសា តែងតែធ្វើខ្លួនយ៉ាងសាមញ្ញសុភាពរាបសា សម្តីសំដៅប្រកបដោយសេចក្តីថ្លៃថ្នូរមិនបង្កឱ្យមានរឿងចម្រូងចម្រាសនៅលើបណ្តាញសង្គមនោះទេ។

នាពេលថ្មីៗនេះអ្នកនាង សុគន្ធ និសា ក៏បានបង្ហាញមុខនៅក្នុងកម្មវិធីរបស់ពិធីការិនី ពេជ្រ សិរីរ័ត្ន ដោយបង្ហាញពីអាជីពការងាររបស់ខ្លួនរួមទាំងជីវិតគូជាមួយនឹងស្វាមីផងដែរ។ នេះគឺជាទិដ្ឋភាពដ៏កម្រមួយដែលតារាចម្រៀងរូបនេះលើកឡើងពីស្វាមីទាក់ទងនឹងការប្រចែប្រចណ្ឌ។.png)
ឆ្លើយតបនឹងសំណួរតារាចម្រៀង សុគន្ធ និសា បាននិយាយថានៅពេលស្គាល់ស្វាមីដំបូងៗគឺស្វាមីប្រចណ្ឌខ្លួនខ្លាំងណាស់ សឹងតែធ្វើអ្វីមិនកើតទោះបីជាច្រៀងនៅទីណាក៏មិនបាន មិនងាយឱ្យទទួលកម្មវិធីច្រៀងឡើយ។ បន្ទាប់ពីស្គាល់គ្នាអស់រយៈពេលជាច្រើនឆ្នាំតារាចម្រៀង សុគន្ធ និសា ទម្លាយថាស្វាមីរបស់ខ្លួនគឺលែងប្រចណ្ឌ។ ទាក់ទងនឹងចំណុចដែលថាស្វាមីលែងប្រចណ្ឌអ្នកនាងបញ្ជាក់ថាមិនមែនគាត់លែងស្រលាញ់ខ្លួននោះទេតែនាងយល់ថាស្វាមីគឺយល់ពីនាង យល់ពីការងារ និងអត្តចរិតរបស់នាង ជារួមគឺគាត់មានទំនុកចិត្តលើនាង។ បន្ទាប់ពីយល់ពីគ្នាស្វាមី អ្នកនាង សុគន្ធ និសា បាននិយាយថាស្រលាញ់គ្នាត្រូវយល់ពីគ្នាទុកចិត្តគ្នាកាលណាដែលមានការប្រចណ្ឌមានតែការមិនទុកចិត្តគ្នា។
គួរបញ្ជាក់ផងដែរថា តារាចម្រៀង សុគន្ធ និសា បានរៀបការជាមួយលោក ចៅ សម្បត្តិ ហៅ សាំបា អាណិកជនខ្មែរ-អាម៉េរិក កាលពីខែធ្នូ ឆ្នាំ២០១៧។ ទោះបីជាពេលនេះអ្នកទាំងពីរពុំទាន់មានកូនស្នងត្រកូលក្តីប៉ុន្តែជីវិតរបស់អ្នកទាំងពីរនៅតែមានសុភមង្គលដោយយូរៗម្តងទើបអ្នកនាង សុគន្ធ និសា ចែករំលែករូបភាពឱ្យអ្នកគាំទ្របានឃើញ៕










