ប្រទេសថៃ ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានកោះហៅលោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ, អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាតផុន ណាក់ផានិត ក្នុងឋានៈជាប្រធានគណៈកម្មការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងតំណាងកងកម្លាំងប្រដាប់អាវុធ មកពីប្រជុំពិភាក្សានៅអគារថៃឃូហ្វា ពីការត្រៀមអនុវត្តវិធានការបន្ទាន់បិទព្រំដែនកម្ពុជា-ថៃ ។
កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនានេះ លោកស្រី ផេថងថាន នាយករដ្ឋមន្ត្រីថៃ បានមកកាន់វិមានរដ្ឋាភិបាលដើម្បីបំពេញការងារ ស្របពេលគណបក្សនយោបាយនានាដាក់សម្ពាធឱ្យលោកស្រីលាលែងពីតំណែង ក៏ដូចជាការចេញខ្លួនចេញពីរដ្ឋាភិបាលរបស់គណបក្សភូមិចៃថៃ ក្រោយពីការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទរបស់លោកស្រីជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។
លោកស្រី ផេថងថាន បានធ្វើដំណើរមកកាន់វិមានរដ្ឋាភិបាលតាមផ្លូវលូកហ្លួង ឆ្លងកាត់ស្ពានអ័រ៉ាថ័យ ដើម្បីគេចពីក្រុមអ្នកតវ៉ាដែលប្រមូលផ្តុំគ្នានៅបរិវេណគល់ស្ពានសាម័យមេរុឆេត និងផ្លូវពិស្នុលោក ។ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំដើម្បីអានសេចក្តីថ្លែងការណ៍អំពាវនាវឱ្យលោកស្រី ផេថងថាន ពិនិត្យមើលតួនាទីរបស់នាយករដ្ឋមន្ត្រីឡើងវិញ និងទាមទារឱ្យលោកស្រីលាលែងពីតំណែង ។.jpg)
លោកស្រី ផេថងថាន បានប្រជុំពិភាក្សានៅអគារថៃឃូហ្វា ជាមួយមន្ត្រីពាក់ព័ន្ធជាច្រើន ដូចជា ៖ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ, លោកឧត្តមសេនីយ៍ ឃ្លេវ ផ្លតថុក អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ, អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាតផុន ណាក់ផានិត ក្នុងឋានៈជាប្រធានគណៈកម្មការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងតំណាងកងកម្លាំងប្រដាប់អាវុធ ។
ការប្រជុំគ្នាលើកនេះរបស់លោកស្រី ផេថងថាន នាយករដ្ឋមន្ត្រីថៃ គឺដើម្បីត្រៀមអនុវត្តវិធានការបន្ទាន់បិទព្រំដែនកម្ពុជា-ថៃ ។ ប៉ុន្តែពុំទាន់មានព័ត៌មានលម្អិតពីរឿងការបិទព្រំដែននៅឡើយទេ ថា តើថៃនឹងបិទព្រំដែនទាំងស្រុងឬក៏យ៉ាងណា ៕










