ថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថង់ថាន ស៊ីណាវ៉ាត្រ បានបង្ហោះសំណេរមួយនៅលើបណ្ដាញទំនាក់ទំនងសង្គម Instagram ដែលមានអត្ថន័យចង់បង្ហាញអំពីសម្ពាធផ្លូវចិត្ត ប៉ុន្តែសំណេរនោះត្រូវបានលុបចេញវិញ ក្រោយបង្ហោះបានតែបន្តិចប៉ុណ្ណោះ។
ក្រោយប្រទេសថៃមានភាពរកាំរកូសជាមួយកម្ពុជាលើបញ្ហាព្រំដែន បញ្ហាច្រកទ្វារអន្តរជាតិ និងបញ្ហាក្នុងប្រទេសជាច្រើនដែលត្រូវដោះស្រាយ ក្នុងនាមជានាយករដ្ឋមន្រ្តីគេសង្កេតឃើញថា លោកស្រី ផែថង់ថាន ស៊ីណាវ៉ាត្រ ហាក់ទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីសំណាក់ភាគីជម្លោះ ប្រជាជនថៃ និងសមាជិកសភាដែលមកពីបក្សប្រឆាំង។
នៅលើប្រព័ន្ធ Instagram លោកស្រីបានបង្ហោះសំណេរជាភាសាអង់គ្លេសប៉ុន្មានឃ្លាដែលមានអត្ថន័យថា «មនុស្សមិនសម្ដែងធ្វើជាបាក់ទឹកចិត្តនោះទេ។ ប៉ុន្តែពួកគេសម្ដែងធ្វើជាមិនអី។ សូមចងចាំចំណុចនេះ ត្រូវមានចិត្តទូលាយ។» បន្ទាប់ពីបង្ហោះសារនេះទៅក្នុង Story របស់ខ្លួនបានបន្តិច ស្រាប់តែលោកស្រី ផែថងថាន បានលុបវាវិញ។
គួរឲ្យដឹងថា នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែមិថុនា នេះលោកស្រី ផែថង់ថាន មានកាលវិភាគត្រូវប្រជុំមួយជាមួយក្រុមប្រឹក្សារបស់លោកស្រីនៅវិមាន Phitsanulok ប៉ុន្តែលោកស្រីបានលុបចោលការប្រជុំនោះ ហើយប្រញាប់ធ្វើដំណើរទៅកាន់វិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកកវិញ ដើម្បីប្រជុំបន្ទាន់ជាមួយឧបនាយករដ្ឋមន្រ្តី លោក Phumthan Wechayachhai , អនុរដ្ឋមន្រ្តី និងសមាជិកជាច្រើនទៀតលើផែនការបិទព្រំដែនជាមួយកម្ពុជាទាំងស្រុង។
.jpg)
យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់លោកស្រីត្រូវគេដឹងថា គឺបានធ្វើដំណើរតាមផ្លូវវាង ព្រោះស្របពេលជាមួយគ្នានេះ មានក្រុមបាតុករជាច្រើនបានប្រមូលផ្ដុំគ្នាក្នុងទីក្រុងបាងកក ដើម្បីទាមទារឲ្យលោកស្រីលាលែងពីតំណែង៕










