ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា បណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ បានប្រមូលផ្តុំគ្នាតវ៉ាទាមទារឱ្យនាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ លាលែងពីតំណែង ក្រោយពីការបែកធ្លាយកិច្ចសន្ទនារបស់លោកស្រីតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។ សមត្ថកិច្ចបានពង្រាយកងកម្លាំងនៅតាមចំណុចតវ៉ាយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការប្រើប្រាស់អំពើហិង្សាពីសំណាក់ក្រុមអ្នកតវ៉ា ។.jpg)
កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា នៅស្ពានសាម័យមេរុឆេត បណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ បានប្រមូលផ្តុំគ្នាតវ៉ាទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន លាលែងពីតំណែង ។ ក្រុមអ្នកតវ៉ាបានធ្វើដំណើរមកតវ៉ាតាំងពីពេលព្រឹក ហើយពួកគេបានឡើងនិយាយលើវេទិកាម្តងម្នាក់ ដោយគោលបំណងនៃការតវ៉ានេះ គឺអំពាវនាវឱ្យលោកស្រី ផេថងថាន ទទួលខុសត្រូវនូវទង្វើរបស់ខ្លួន ។

ជាមួយគ្នានេះ សមត្ថកិច្ចថៃបានពង្រាយកងកម្លាំងយ៉ាងច្រើនការពារនៅមុខវិមានរដ្ឋាភិបាលយ៉ាងតឹងរ៉ឹង រួមទាំងមានរថយន្តសមត្ថកិច្ចចតតម្រៀបគ្នាជារបង ។ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ក៏មានការបិទផ្លូវចាប់ពីផ្លូវបំបែកព្រះណាខន, ផ្លូវពិស្នុលោក រហូតដល់ផ្លូវបំបែកសួនមិសសាកាន់ ប៉ុន្តែក្រោយមក ផ្លូវទាំងនេះត្រូវបានបើកឱ្យពលរដ្ឋធ្វើដំណើរឡើងវិញ ។

បណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ ក៏បានអំពាវនាវឱ្យគណបក្សនយោបាយទាំងអស់ដកខ្លួនចេញពីការចូលរួមជាមួយរដ្ឋាភិបាលដើម្បីបង្ហាញពីគោលជំហរពុំទទួលយកទង្វើរបស់នាយករដ្ឋមន្ត្រីថៃ និងគាំទ្រកងទ័ព ។ ក្រុមអ្នកតវ៉ាលើកឡើងថា ការលាលែងពីតំណែង គឺជាដំណោះស្រាយតែមួយគត់ដែលនាយករដ្ឋមន្ត្រីគួរជ្រើសរើស ប្រសិនបើនៅតែគោរពពលរដ្ឋ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមិថុនា ក្រោយពីមានការបែកធ្លាយកិច្ចសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានធ្វើឱ្យពលរដ្ឋថៃបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ។ មតិខ្លះថា លោកស្រីគ្មានចំណេះដឹងផ្នែកនយោបាយ គ្មានភាពជាអ្នកដឹកនាំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស មុខមាត់ប្រទេសជាតិ និងប៉ះពាល់កងទ័ពថៃដែលខំបម្រើជាតិ ។

លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ កាន់តែបាត់បង់ទំនុកចិត្តពីពលរដ្ឋថៃ ក្រោយពីលោកស្រីនិយាយតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថា ជំហររបស់លោកស្រី គឺមិនដូចនឹងជំហរកងទ័ពថៃទេ ៕










