រាជធានីភ្នំពេញ ៖ បន្ទាប់ពីការសន្ទនាជាលក្ខណៈឯកជនរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលបាននិយាយដល់«មេទ័ពភូមិភាគទីពីរ» លោក ប៊ុនស៊ីន ផាត់ខ្លាំង ថាជាក្រុមប្រឆាំងនឹងរដ្ឋាភិបាល ពេលនេះកងទ័ពភូមិន្ទថៃបានសម្តែងការគាំទ្ររបស់ខ្លួនចំពោះមេទ័ពរូបនេះ ថាជាបុគ្គលដ៏អង់អាចក្លាហាន ហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារទឹកដី។

យោងតាមការចុះផ្សាយរបស់ The Nation Thailand នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា កងទ័ពភូមិន្ទថៃ និងអង្គភាពយោធាផ្សេងៗ ដូចជានាយកដ្ឋានកិច្ចការស៊ីវិល បានបង្ហោះសារនៅលើទំព័រ Facebook របស់ពួកគេ ដោយដកស្រង់ព្រះរាជសាររបស់ព្រះបាទ ចូឡាឡុងកន (រាមាទី ៥) អំពីសេចក្តីថ្លៃថ្នូររបស់ទាហាន។ សេចក្តីប្រកាសបានគូសបញ្ជាក់ថា៖
ទាហានគឺជាបុគ្គលដែលទទួលបានការគោរពខ្ពស់បំផុតពីប្រទេសជាតិ ជាសុភាពបុរស និងកាន់អាវុធដើម្បីការពារប្រទេស។ ទាហានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីសុខុមាលភាពប្រជាជន និងការរស់រានមានជីវិតរបស់ប្រទេសជាតិ។ ទាហានឲ្យតម្លៃខ្ពស់ជាងទ្រព្យសម្បត្តិ។ ដូចនេះ មិនគួរមាននរណាម្នាក់មកប្រមា.ថមើលងាយបុគ្គលដែលជាទាហានបានឡើយ។
សារលិខិតក៏បានលើកទឹកចិត្តដល់ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន និងទាហានទាំងអស់ ដោយគេបានសង្កត់ធ្ងន់ថា «ទឹកដីថៃមិនមែនបានមកដោយពាក្យសម្ដីទេ តែតាមរយៈដង្ហើម និងជីវិតរបស់ដូនតាយើង ដែលបានលះបង់ពេលវេលាចុងក្រោយដើម្បីការពារវា។»
ក្រៅពីនេះ ក៏មានការតាំងបង្ហាញរូបថតរបស់លោក ប៊ុនស៊ីន នៅលើផ្ទាំងLED ធំៗតាមអគារប៉ុស្តិ៍នគរបាល និងទីស្នាក់ការកងទ័ពថៃមួយចំនួន នៅលើផ្លូវ Vibhavadi Rangsit ក្នុងទីក្រុងបាងកក ដើម្បីជាចូលរួមជាការលើកទឹកចិត្តចំពោះមេទ័ពរូបនេះ។

ជាមួយគ្នានេះ ទំព័រហ្វេសប៊ុកកងទ័ពភូមិន្ទថៃ បានបង្ហោះសារដោយបញ្ជាក់ថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ កងទ័ពបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈរជើងយ៉ាងរឹងមាំក្នុងការការពារអធិបតេយ្យភាពជាតិ រួមនឹងសញ្ញា #Save2ndArmyRegionChief ដែលមានន័យថា «ការពារលោកមេទ័ពតំបន់ភូមិភាគទីពីរ»។

គួរជម្រាបថា បច្ចុប្បន្នស្ថានភាពនយោបាយនៅក្នុងប្រទេសថៃកំពុងមានភាពតានតឹងខ្លាំង ដោយអ្នកនយោបាយ និងគណបក្សជាច្រើនបានដាក់សម្ពាធឲ្យលោកស្រី ផែថងថាន ធ្វើការលាលែងពីតំណែងដោយខ្លួនឯង។ ចំណែកប្រជាជនក៏បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងរបស់ពួកគេផងដែរ ដែលមេទ័ពគំរូរបស់ពួកគេ ត្រូវបានចោ.ទប្រកាន់ថាជាជនប្រឆាំងនឹងរដ្ឋាភិបាលដោយនាយករដ្ឋមន្រ្តីបែបនេះ៕










