ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រាក់ចំណូលរបស់អាជីវករថៃលក់ទំនិញនៅព្រំដែនកម្ពុជា-ថៃបានធ្លាក់ចុះយ៉ាងខ្លាំង កន្លងមក អាជីវករថៃធ្លាប់ទទួលបានចំណូល១ម៉ឺនបាតក្នុង១ថ្ងៃ ពេលនេះ ចំណូលធ្លាក់ចុះមកនៅត្រឹម១០០បាតប៉ុណ្ណោះក្នុង១ថ្ងៃ តាំងពីមានបញ្ហាព្រំដែន ។ អាជីវកទាំងនេះបារម្ភពីបញ្ហាព្រំដែនអូសបន្លាយប៉ះពាល់ដល់ចំណូល និងសំណូមពរឱ្យរដ្ឋាភិបាលពន្លឿនដោះស្រាយបញ្ហាដើម្បីកាត់បន្ថយការលំបាករបស់ពលរដ្ឋ ។
ភាគីកម្ពុជា និងថៃបានបើកច្រកព្រំដែនជប់គគី-សាយតាគូ (ខេត្តឧត្តរមានជ័យ-ខេត្តបុរីរាំ) ដើម្បីឱ្យពលរដ្ឋទាំងពីរប្រទេសឆ្លងដែនទិញទំនិញទៅវិញទៅមក ដោយអនុវត្តតាមគោលការណ៍កាត់បន្ថយថ្ងៃបើក-បិទព្រំដែន គឺពី៧ថ្ងៃក្នុង១សប្តាហ៍ មកនៅត្រឹម៣ថ្ងៃក្នុង១សប្តាហ៍ (ថ្ងៃអង្គារ ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍) ។ ភាគីថៃបើកព្រំដែននៅម៉ោង៩ព្រឹក រីឯកម្ពុជាបើកព្រំដែនម៉ោង១០ព្រឹក និងបិទពេលវេលាដូចគ្នា គឺម៉ោង១២ថ្ងៃត្រង់ ។

ការផ្លាស់ប្តូរម៉ោងបើក-បិទព្រំដែននេះធ្វើឱ្យពលរដ្ឋកម្ពុជា និងថៃ នៅសល់ពេលតែ២ម៉ោងប៉ុណ្ណោះក្នុង១ថ្ងៃ ហើយធ្វើឱ្យការលក់ដូរនៅច្រកព្រំដែនជប់គគី-សាយតាគូ ស្ងាត់ជ្រងំ ។ ពលរដ្ឋកម្ពុជា-ថៃបានឆ្លងដែនទិញទំនិញទៅវិញទៅមកមិនដល់១០០នាក់ទេក្នុង១ថ្ងៃ ដែលធ្វើឱ្យប៉ះពាល់ដល់ការលក់ដូររបស់អាជីវករថៃ តូបខ្លះបិទទ្វារដោយសារគ្មានចំណូល តូបខ្លះនៅតែបើកលក់ ប៉ុន្តែទទួលចំណូលតិចតួច ។
.jpg)
បើតាមស្ត្រីអាជីវករថៃម្នាក់លក់ជីកសិកម្ម និងផលិតផលកសិកម្មនៅច្រកព្រំដែនជប់គគី-សាយតាគូ គឺតាំងពីការប៉ះទង្គិចគ្នារវាងកងទ័ពទាំងពីរប្រទេស និងមានវិធានការគ្រប់គ្រងពេលវេលាបើក-បិទព្រំច្រកដែន ធ្វើឱ្យប៉ះពាល់ដល់ការលក់ដូរជាបន្តបន្ទាប់ ។ កាលពីមិនទាន់មានបញ្ហាព្រំដែន អាជីករថៃអាចលក់ដូររាល់ថ្ងៃ និងទទួលចំណូលចំនួន១ម៉ឺនបាតក្នុង១ថ្ងៃ ប៉ុន្តែពេលនេះ ទទួលចំណូលត្រឹមតែ១០០បាតប៉ុណ្ណោះ ហើយស្ទើរតែគ្មានពលរដ្ឋខ្មែរឆ្លងដែនមកទិញជីកសិកម្ម ឬផលិតផលកសិកម្ម ។.jpg)
អ្នកស្រីបារម្ភថា បើបញ្ហាព្រំដែនអូសបន្លាយយូរទៀតនឹងប៉ះពាល់ដល់ការលក់ដូរកាន់តែខ្លាំង ។ ការពិត អាជីវករថៃ និងពលរដ្ឋទាំងពីរប្រទេសគ្មានបញ្ហាអ្វីជាមួយគ្នាទេ អ្នកស្រីសំណូមពរទៅរដ្ឋាភិបាលពន្លឿនការចរចារកដំណោះស្រាយបញ្ឈប់ជម្លោះយ៉ាងឆាប់រហ័សបំផុត ដើម្បីកាត់បន្ថយផលប៉ះពាល់អាជីវករ និងពលរដ្ឋ ។
ចំណែកស្ត្រីម្នាក់ទៀតលក់សាច់ក្រក ប្រាប់ថា ប្រាក់ចំណូលធ្លាក់ចុះតាំងពីមានបញ្ហាព្រំដែនកើតឡើង ដោយសារពលរដ្ឋកម្ពុជា-ថៃពុំអាចឆ្លងដែនដើម្បីលក់ដូរ-ទិញទំនិញដូចមុន ។ អ្នកស្រីចង់ឱ្យរដ្ឋាភិបាលប្រញាប់ចរចាបញ្ចប់បញ្ហាជម្លោះឱ្យលឿនបំផុត ដើម្បីឱ្យពលរដ្ឋអាចលក់ដូរទំនិញដូចធម្មតា ៕










