នៅព្រឹកថ្ងៃទី១៨ មិថុនា សិល្បករ សិល្បការិនី បុគ្គលមានឥទ្ធិពលលើបណ្តាញសង្គម បង្ហាញវត្តមានយ៉ាងច្រើនកុះករចូលរួមកម្មវិធីដំណើរថ្មើរជើង «Solidarity March» ដើម្បី បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ក្នុងគ្រាដែល កម្ពុជា-ថៃ មានជម្លោះតានតឹងនៅបណ្តោយព្រំដែនដែលភាគីថៃជាអ្នកចាប់ផ្តើមបញ្ហាមុន។
.png)
នៅលើបណ្តាញសង្គមគេឃើញវត្តមាន តារាចម្រៀង ពេជ្រ សោភា , ជី ដេវីត , ទេព បូព្រឹក្ស , កុយ អេនណា ,សុគន្ធ ថេរ៉ាយុ ,ពិធីការិនី ចាន់ កែវនិមល, ឈិន ម៉ានិច្ច ម្ចាស់ពាន Cambodian Idol រដូវកាលទី២, ដួង វីរៈសិទ្ធិ , សុគន្ធ និសា , ណុប បាយ៉ារិទ្ធ , វី ឌីណែត , ឆន សុវណ្ណារាជ , សាយ , Influencer ល្បីៗ ហេង វិសាល, ជា ស្រីនា ,ពេជ្រ ពិសី រួមទាំងវត្តមានសិល្បករ សិល្បការិនី និងបុគ្គលមាន ឥទ្ធិពល ជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះព្រឹត្តិការណ៍នេះមានទាំងព្រះតេជគុណ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ មន្រ្តីរាជការ សហគ្រិន អាជីវករ កីឡាករ សិស្ស និស្សិត ជាពិសេសអ្នកចូលរួមមកពីគណបក្សនយោបាយ នានាក៏បានចូលរួមជាមួយគ្នាផងដែរ។ 
កម្មវិធីការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយនេះគឺជាការផ្តួចផ្តើមគំនិតរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា។ព្រឹត្តិការណ៏ដ៏អស្ចារ្យនេះក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាអគ្គនាយកក៏បានចូលរួមគាំទ្រឧបត្ថម្ភក្នុងកម្មវិធីផងដែរ។ នេះជាឆន្ទៈកូនខ្មែររស់ក្រោមដំបូលសន្តិភាពបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាលក្នុងការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធីនិងលើកទឹកចិត្តដល់វីរៈយុទ្ធជនកម្ពុជាដែលកំពុងបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់នៅព្រំដែនដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ 
កម្ពុជាមិនដែលមានបំណងចង់ឈ្លានពាន ឬស្វែងរកទឹកដីរបស់ប្រទេសណាមួយឡើយ សូម្បីតែ១មីលីម៉ែត្រហើយ ប្រជាជនកម្ពុជានឹងមិនអនុញ្ញាតឱ្យមានការឈ្លានពានចូលដីរបស់ខ្លួនសូម្បីតែបន្តិចដូចគ្នា៕










