រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ ទី១៧ ខែមិថុនា ក្រសួងការពារជាតិកម្ពុជា បានចេញនូវសេចក្ដីប្រកាសព័ត៌មានស្ដីពីស្ថានភាពវិវត្តន៍ថ្មីៗនៅតំបន់ព្ររំដែនរវាងកម្ពុជា.ថៃ ដោយលើកឡើងអំពីសកម្មភាពដែលបំពានលើកិច្ចព្រមព្រៀង ផ្ទុយពីអនុស្សរនៈយោគយល់គ្នា និងបំពានលើអធិបតេយ្យភាពរបស់កម្ពុជា។
ក្នុងនោះក្រសួងការពារជាតិបានលើកឡើងថា៖
កម្ពុជាមានបំណងរក្សាសុខសន្តិភាព និងរក្សាជំហរដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ តាមរយៈតុលាការ អន្តរជាតិ (ICJ) នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដោយសន្តិវិធី និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្រៅអំពីនេះ កម្ពុជា បានរៀបចំឱ្យមានកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ ហើយបានឯកភាពគ្នាលើកិច្ចការដែលភាគីកម្ពុជា-ថៃ ត្រូវបំពេញបន្តទៀត ។
.jpg)
ជាការសោកស្តាយ ភាគីថៃ មិនបានគោរព នូវកិច្ចព្រមព្រៀង ហើយថែមទាំងបានបង្កើនការធ្វើសកម្មភាពរំលោភបំពាន លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ផ្ទុយពីអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU2000)។

ក្រសួងបានបញ្ជាក់ថា ភាគីថៃ បានបង្កើនសកម្មភាពបង្ហោះដ្រូន ការជីកលេណដ្ឋាន ការបង្កើន និងចល័តអាវុធគាំទ្រ និងសព្វាវុធគ្រប់ប្រភេទ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខ នៃប្រទេសទាំងពីរ ។

ជាមួយគ្នានេះ កងទ័ពកម្ពុជា គាំទ្រនូវជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី និងរក្សាជំហរយ៉ាងមុតមាំទាំងកងទ័ព ទាំងប្រជាជននៅទូទាំងប្រទេស គោរពអធិបតេយ្យរបស់ប្រទេសជិតខាង និងប្តេជ្ញាប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់សន្តិភាព ប៉ុន្តែមិនអនុញ្ញាតជាដាច់ខាតដល់ការប៉ុនប៉ងរំលោភឈ្លានពានពីប្រទេសណាមួយឡើយ ហើយប្តេជ្ញាការពារបូរណភាពទឹកដី ទោះជាក្នុងតម្លៃណាក៏ដោយ ៕










