ខេត្តត្រាត៖ នៅថ្ងៃអង្គារ ទី១៧ ខែមិថុនានេះ កម្ពុជាបានហាមឃាត់ការនាំចូលផ្លែឈើ និងបន្លែរបស់ថៃទាំងអស់ ដើម្បីឆ្លើយតបទៅនឹងការបដិសេធរបស់ប្រទេសថៃក្នុងការបើកច្រកព្រំដែនឲ្យវិលមករកសភាពប្រក្រតីវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post។
នៅច្រក Ban Hat Lek ក្នុងស្រុក Khong Yai នៃខេត្តភាគខាងកើតវិញ រថយន្តដឹកទំនិញថៃប្រមាណ៣០គ្រឿងកំពុងរង់ចាំនៅច្រកទ្វារព្រំដែនទាំងព្រឹក ព្រោះមានការរារាំងមិនឲ្យឆ្លងកាត់ដោយភាគីកម្ពុជា។ ទំនិញទាំងនោះរួមមានបន្លែស្រស់ ផ្លែឈើ និងគ្រឿងសមុទ្រ រួមទាំងអាហារក្លាសេមួយចំនួនផងដែរ។
លោក Cherdsak Chumnasiaw អធិការស្រុកខុងយ៉ៃ មានប្រសាសន៍ថា ការិយាល័យគយខេត្តកោះកុង បានបញ្ជាឱ្យហាមឃាត់ផលិតផលផ្លែឈើ និងកសិកម្មរបស់ថៃ ប៉ុន្តែបានអនុញ្ញាតឱ្យនាំចូលផលិតផលផ្សេងទៀត រួមទាំងសម្ភារៈសំណង់ផងដែរ។ លុះដល់ម៉ោង ៨ ព្រឹកកម្ពុជាក៏បានបើកទ្វារព្រំដែន ដោយអនុញ្ញាតឱ្យតែរថយន្តដឹកអាហារសមុទ្រស្រស់ និងបង្កកឆ្លងកាត់ប៉ុណ្ណោះ។ ចំណែករថយន្តផ្ទុកបន្លែ និងផ្លែឈើត្រូវបានរារាំងដដែល។

ទោះជាយ៉ាងណា កម្ពុជាក៏នៅតែអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញរបស់ថៃផ្សេងទៀតចូលផងដែរ ហើយប្រទេសទាំងពីរនៅតែអនុញ្ញាតឱ្យប្រជាជនទាំងសងខាងអាចដើរឆ្លងកាត់ព្រំដែនទៅមកបានធម្មតា ។ ចំណែកសិស្សានុសិស្សខ្មែរអាចឆ្លងព្រំដែនទៅរៀននៅសាលាថៃក្នុងខេត្តត្រាតដូចធម្មតា។
ការអនុម័តបែបនេះរបស់កម្ពុជា គឺជាការអនុវត្តតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានលើកឡើងកាលពីថ្ងៃចន្ទនេះ ទាមទារឲ្យប្រទេសថៃបើកប៉ុស្តិ៍ត្រួតពិនិត្យទាំងស្រុងឡើងវិញ ព្រោះបើមិនដូច្នោះទេ ថៃនឹងប្រឈមជាមួយការហាមឃា.ត់ការនាំចូលបន្លែ ផ្លែឈើរបស់ខ្លួនមកកម្ពុជាទាំងស្រុង។
ជាមួយគ្នានេះ កម្ពុជាបានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលមានទីស្នាក់ការនៅទីក្រុងឡាអេ ក្នុងការដោះស្រាយបញ្ហាលើតំបន់ជម្លោះព្រំដែនចំនួនបួន។ ផ្ទុយទៅវិញ ភាគីថៃបានច្រានចោលអាជ្ញាធររបស់តុលាការក្នុងរឿងនេះ ដោយអះអាងថាខ្លួនពេញចិត្តក្នុងការជ្រើសរើសដោះស្រាយតាមរយៈការចរចាទ្វេភាគីផ្អែកលើយន្តការដែលមានស្រាប់វិញ៕










