ថៃ ៖ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បាននិយាយថា ប្រទេសថៃចាត់ទុកការគំរា.មបិទព្រំដែន និងហាមឃា.ត់ការនាំចូលផលិតផលថៃទាំងស្រុង របស់សម្ដេច ហ៊ុន សែន ប្រសិនបើថៃមិនព្រមធ្វើតាមការទាមទាររបស់គាត់នោះ គឺជាសកម្មភាពដែល “អ្នកជិតខាងល្អនឹងមិនធ្វើនោះទេ” ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thai PBS World កាលពីល្ងាច ថ្ងៃទី១៦ ខែមិថុនា។

ដោយមិនបញ្ចេញឈ្មោះស្ដេចតេជោ ហ៊ុន សែន ដោយផ្ទាល់ ប៉ុន្តែអ្នកនាំពាក្យរូបនេះបាននិយាយថា «អ្នកជិតខាងល្អគួរតែចូលរួមក្នុងការសន្ទនា ដើម្បីស្វែងរកដំណោះស្រាយ និងស្ថាបនាគ្នាទៅវិញទៅមក ជំនួសឱ្យការផ្តល់ឳកាសជាចុងក្រោយ។ ផលប៉ះពាល់នៃវិធានការបែបនេះ នឹងត្រូវប្រជាជននៃប្រទេសទាំងពីរជាអ្នកទទួលរង។»
លោក Nikorndej បានលើកឡើងថា «លោក ហ៊ុន សែន និងកូនប្រុសរបស់គាត់លោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីកាន់អំណាច តែងប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីចេញសេចក្តីថ្លែងការណ៍ផ្លូវការនានា។ អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា «ប្រព័ន្ធផ្សព្វផ្សាយសង្គមមិនមែនជាបណ្តាញផ្លូវការ សម្រាប់ទំនាក់ទំនងការទូតនោះទេ។»

គួររំលឹកថា កាលពីព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានគំរា.មថា ប្រសិនបើថៃមិនព្រមបើកច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាឡើងវិញនៅថ្ងៃស្អែកទេ កម្ពុជានឹងដាក់បម្រាមមិនអោយបន្លែ ផ្លែឈើថៃចូលតាមច្រកព្រំដែនណាមួយរបស់កម្ពុជាឡើយ។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រទេសថៃបានដាក់កំហិតលើម៉ោងបើក.បិទច្រកព្រំដែនជាច្រើនជាមួយកម្ពុជាដោយឯកតោភាគីកាលពីសប្តាហ៍មុន ចំពេលដែលមានភាពតានតឹងកើនឡើងនៅក្នុងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ 
លោក Nikorndej បានឆ្លើយតបដោយនិយាយថា “ការចេញផ្សាយជាចុងក្រោយ ឬធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈដែលនាំឱ្យមានការយល់ច្រលំបែបនេះ ឆ្លុះបញ្ចាំងពីកង្វះខាតនៃចេតនាពិតប្រាកដរបស់កម្ពុជា ក្នុងការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដោយផ្អែកលើទំនាក់ទំនងអ្នកជិតខាងល្អ”។
លោក Nikorndej បានសង្កត់ធ្ងន់ថា ៖ ក្នុងការដោះស្រាយភាពតានតឹងតាមព្រំដែន ប្រទេសថៃផ្តល់អាទិភាពដល់សុខុមាលភាពរបស់ប្រជាជន។ លោកបានបន្តថា៖ «វិធានការប្រឆាំងរបស់ប្រទេសថៃគឺសំដៅមកលើរដ្ឋាភិបាលមិនមែនប្រជាជននោះទេ»។ «រដ្ឋាភិបាលថៃតែងអនុវត្តការវិនិច្ឆ័យដោយប្រុងប្រយ័ត្ន និងមានស្មារតីចាស់ទុំក្នុងការអនុវត្តវិធានការប្រឆាំងដោយមិនបញ្ចេញអារម្មណ៍ និងមិនធ្វើនយោបាយលើទំនាក់ទំនងនៃប្រទេសទាំងពីរនោះទេ»៕










