ចាប់ពីថ្ងៃស្អែកទៅ កម្ពុជា នឹងបិទច្រកព្រំដែនកម្ពុជា-ថៃ នៅក្នុងខេត្តទាំង៧ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនតាមធម្មតាវិញ។
ថ្លែងក្នុងសម័យប្រជុំពេញអង្គលើកទី ៣ ព្រឹទ្ធសភា នីតិកាលទី ៥ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា៖” រឿងព្រំដែន ថៃជាអ្នកបិទមុន ដូច្នេះត្រូវដោះស្រាយខ្លួនឯង។ តាមពិតទៅថ្ងៃនេះត្រូវបិទគ្រប់ច្រក តែដោយសារមានការពិភាក្សាជាមួយនាយករដ្ឋមន្រ្តីថៃ ទើបកម្ពុជាទុកពេលឱ្យត្រឹមថ្ងៃស្អែក បើមិនដូច្នេះទេ គ្រប់ច្រកទាំងអស់នៅតាមព្រំដែនកម្ពុជា-ថៃ នឹងត្រូវបិទ។ ក្នុងនោះការនាំចូលបន្លែ ផ្លែឈើក៏ត្រូវបិទផងដែរ”។
សម្តេចតេជោ ក៏ស្នើឱ្យពលរដ្ឋថៃទៅតវ៉ាជាមួយរដ្ឋាភិបាលខ្លួនទៅ ព្រោះខ្លួនជាអ្នកបិទដោយឯកតោភាគី និងបានរំលោភលើកិច្ចព្រមព្រៀងច្រកព្រំដែន។
បន្ថែមពីនេះ សម្តេចតេជោ ក៏អំពាវនាវឱ្យសប្បុរសធម៌ខ្មែរ ដែលមានលទ្ធភាពជួយនាំគ្នាទិញបន្លែ ផ្លែឈើ ដែលប្រជាកសិករតែងយកទៅលក់នៅប្រទេសថៃ យកមកចែកជូនកងទ័ពដែលនៅជួរមុខតាមបន្ទាត់ព្រំដែន ដើម្បីជាការលើកទឹកចិត្តជំនួសវិញ៕










