បុរសវ័យ ៣៥ ឆ្នាំម្នាក់នៅប្រទេសចិន ដែលមិនជឿលើការរៀបការ និងគិតថាការងារជារឿងគ្មានប្រយោជន៍ បានបោះបង់ពីជីវិតក្នុងសង្គមស៉ីវិល័យទៅរស់នៅក្នុងរូងភ្នំអស់រយៈពេល ៤ ឆ្នាំ។ បុរសនោះឈ្មោះ Min Hengcai មកពីខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន។ គាត់បានកែប្រែរូងភ្នំមួយនៅភូមិដើមកំណើតរបស់គាត់ឲ្យក្លាយជាផ្ទះរបស់ខ្លួន។
.jpg)
នៅចុងឆ្នាំ ២០២១ Min បានបោះបង់ការងារជាអ្នកបើករថយន្តសេវាកម្មតាមកម្មវិធី ដែលធ្លាប់រកចំណូលបានដល់ ១០,០០០ យន់ ឬប្រហែល ១៤០០ ដុល្លារ ក្នុងមួយខែនៅទីក្រុង។ គាត់បានសម្រេចចិត្តត្រលប់ទៅភូមិកំណើតវិញ ដើម្បីរស់នៅដោយឯកឯង។ គាត់និយាយថា ការងារមិនមានន័យអ្វីឡើយ បើទោះបីជា កាលពីមុនគាត់ធ្វើការ ១០ ម៉ោង ក្នុងមួយថ្ងៃ ដើម្បីសងបំណុលដែលជំពាក់សាច់ញាតិរបស់គាត់ក៏ដោយ។
បច្ចុប្បន្ន គាត់នៅតែជំពាក់ធនាគារ និងក្រុមហ៊ុនផ្តល់ប្រាក់កម្ចីប្រហែល ៣០០,០០០ យន់ (៤២,000 ដុល្លារ) ទៀត។ គាត់បានបោះបង់ក្តីសង្ឃឹមក្នុងការសងប្រាក់បំណុល ដោយនិយាយថា ទ្រព្យសម្បត្តិដែលគាត់អាចលក់សងបាន ត្រូវសាច់ញាតិរបស់គាត់លក់អស់ហើយ។.jpg)
លោក Min បានប្តូរដីធំរបស់គាត់ជាមួយដីតូចរបស់អ្នកភូមិរួមម្នាក់ ដើម្បីអាចរស់នៅជិតរូងភ្នំនោះ។ គាត់បានចំណាយ ៤០,០០០ យន់ (៦,000 ដុល្លារ) ដើម្បីកែលម្អរូងភ្នំនេះឲ្យក្លាយជាផ្ទះដែលមានទំហំប្រហែល ៥០ ម៉ែត្រការ៉េប៉ុណ្ណោះ។ ជីវិតប្រចាំថ្ងៃរបស់គាត់គឺ ភ្ញាក់នៅម៉ោង ៨ ព្រឹក ហើយចំណាយពេលពេញមួយថ្ងៃដើម្បី អានសៀវភៅ ដើរលេងជុំវិញផ្ទះ និងធ្វើកសិកម្មលើដី។ គាត់ចូលគេងម៉ោង ១០ យប់ ហើយភាគច្រើនហូបបន្លែដែលគាត់ដាំបាន។ គាត់និយាយថា គាត់ចំណាយលើតែរឿងចាំបាច់ប្រចាំថ្ងៃបន្តិចបន្តួចប៉ុណ្ណោះ។
បើតាមប្រភពសារព័ត៌មាន South China Morning បានឱ្យដឹងថា នេះជារបៀបរស់នៅក្នុងក្ដីសុបិនរបស់គាត់ ចាប់តាំងពីនៅទីក្រុងមកម្លះ។ គាត់ក៏ចែករំលែកជីវិតលើបណ្តាញសង្គម ដែលមានអ្នកតាមដានប្រមាណ ៤០,០០០ នាក់។ ការផ្សាយផ្ទាល់ក៏អាចជួយគាត់រកចំណូលបានផងដែរ។ គាត់បានដាក់ឈ្មោះផ្ទះរូងភ្នំរបស់គាត់ថា “Black Hole” ឬ (ប្រហោងខ្មៅ) ដើម្បីបង្ហាញថា នេះជាពិភពលោកទាំងមូលរបស់គាត់ ហើយជារបៀបនៃការរំលឹកដល់ខ្លួនឯងថា មនុស្សគឺតូចតាចក្នុងពិភពលោកដ៏ធំនេះ។
Min បានប្រាប់ស្ថានីយ៍ទូរទស្សន៍ Sichuan ថា គាត់បដិសេធការរៀបការ ពីព្រោះគាត់គិតថា វាជាការខ្ជះខ្ជាយពេលវេលា និងប្រាក់។ គាត់និយាយថា «ឱកាសនៃការស្វែងរកស្នេហាដែលពិតប្រាកដ គឺទាបណាស់។ ហេតុអ្វីខ្ញុំត្រូវខិតខំធ្វើការដើម្បីអ្វីដែលកម្រមានដូចនោះ?»
ជីវិតរបស់គាត់បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញអ៊ីនធឺណិត។ មនុស្សមួយចំនួនបាននិយាយថា គាត់ជាអ្នក “Tang Ping” ដែលជាពាក្យចិនមានន័យថា “ដេកផ្អៀង” និងសំដៅទៅលើរបៀបរស់នៅបែបធម្មតា មិនប្រកួតប្រជែង និងគ្រាន់តែរស់នៅឲ្យតែមានជីវិតទៅតែប៉ុណ្ណោះ។
អ្នកមួយចំនួនទៀតសរសើរថា ទោះបីគាត់មិនបានរៀនចប់មធ្យមសិក្សាក៏ដោយ Min គឺជាទស្សនវិទូពិតម្នាក់។ ចំណែកអ្នកប្រើអ៊ីនធឺណិតម្នាក់សរសើរថា «នេះហើយ ជាជីវិតនៅស្ថានសួគ៌»។ រីឯអ្នកខ្លះផ្សេងទៀតវិញ មានការសង្ស័យថា តើ Min ពិតជារស់នៅឯកឯងដែរឬទេ ពីព្រោះគាត់នៅតែធ្វើការផ្សាយផ្ទាល់ និងទទួលសម្ភាសន៍ជារឿយៗ៕










