ថៃ ៖ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ ក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនរវាងកម្ពុជា-ថៃ កាលពីថ្ងៃពុធម្សិលមិញនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមក្នុងប្រទេសថៃបានបញ្ចេញមតិរិះគ.ន់ជាថ្មីម្ដងទៀត ពាក់ព័ន្ធនឹងការពាក់ស្បែកជើងដែលមានតម្លៃថ្លៃខ្ទង់ពាន់ដុល្លារ។ នេះបើយោងតាមសារព័ត៌មានថៃ Khaosod បានចុះផ្សាយ។

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កាលពីថ្ងៃពុធ ទី១១ ខែមិថុនា បានចុះទៅបំពេញទស្សនកិច្ចនៅខេត្ត Surin ដើម្បីបង្ហាញការគាំទ្រដល់កងកម្លាំងយោធា ចំពេលមានភាពតានតឹងកើនឡើងជាមួយកម្ពុជាជុំវិញតំបន់ជម្លោះព្រំដែន។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីចាប់តាំងពីមានការប៉ះទង្គិចគ្នាកាលពីថ្ងៃទី២៨ ខែឧសភា នៅតំបន់ចុងបូក។

ក្រៅពីសកម្មភាពចុះសួរសុខទុក្ខប្រជាជននៅតាមសហគមន៍ និងពិនិត្យមើលស្ថានភាពតាមព្រំដែន មហាជនថៃមួយចំនួនបែរជានាំគ្នាកត់សម្គាល់ទៅលើការតុបតែងខ្លួនរបស់លោកស្រី Paetongtarn ជាពិសេសពួកគេបានចាប់អារម្មណ៍ទៅលើស្បែកជើង ដែលពួកគេស្គាល់ថាជាស្បែកជើងប្រេនមានតម្លៃថ្លៃទៅវិញ។.jpg)
សារព័ត៌មានថៃ Khaosod បានសរសេថា ៖ វាជារឿងដែលពិបាកនៅពេលដែលអ្នកក្លាយជានាយករដ្ឋមន្ត្រីដ៏មានម្នាក់ ហើយវាកាន់តែពិបាកថែមទៀត នៅពេលដែលឪពុករបស់អ្នកដែលជាអតីតនាយករដ្ឋមន្ត្រីក៏ជាមហាសេដ្ឋីដែរនោះ ព្រោះមនុស្សជាច្រើននឹងយកចិត្តទុកដាក់កាន់ខ្លាំងលើអ្វីដែលអ្នកពាក់។
សារព័ត៌មានដដែលនេះ បានបន្ថែមទៀតថា នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra ត្រូវបានគេប្រទះឃើញនៅថ្ងៃនេះ ខណៈពេលកំពុងបំពេញទស្សនកិច្ចនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តសុរិន្ទ ដោយពាក់ស្បែកជើងប៉ាតាមួយគូ មានតម្លៃចន្លោះពី ៣៨,០០០ ទៅ ៤០,០០០បាត ឬជាងប្រហែល ១,២០០ដុល្លារអាមេរិក ។ ស្បែកជើងនេះ គឺជាផលិតផលមកពីប្រទេសបារាំងរបស់យីហោ Roger Vivier ហើយវាត្រូវបានគេរចនាលម្អដោយត្បូងគ្រីស្តាល់។
យ៉ាងណាមិញ នៅក្នុងផ្នែកមតិយោបល់របស់ការចុះផ្សាយខាងលើនេះ ក៏មានប្រជាជនថៃមួយចំនួនឈរខាងលោកស្រីនាយករដ្ឋមន្រ្តីផងដែរ ដោយពួកគេលើកឡើងថា«វាប្រាកដណាស់ គ្មាននរណាទៅពាក់ស្បែកជើងតម្លៃត្រឹម ២០០បាត ឬ ៤-៥ដុល្លារដែលទិញមកពីផ្សារនោះទេ។» ឯអ្នកខ្លះទៀតនិយាយថា «ខ្ញុំមិនយល់ថាហេតុអ្វីបានជាមនុស្សទាំងនោះខ្វល់យ៉ាងនេះ? វាជាលុយរបស់គាត់ ហើយគាត់ចង់ចំណាយយ៉ាងម៉េចក៏បានដែរ។»៕










