ប្រទេសថៃ ៖ កងទ័ពថៃកាលពីថ្ងៃអង្គារនេះ បាននិយាយថា ព្រំដែនកម្ពុជា-ថៃត្រង់តំបន់«ចុងបូក» ខេត្តអ៊ូប៊ុនរ៉ាត់ថានី ប្រទេសថៃ ត្រូវបានឈ្លានពានចូលដោយភាគីកម្ពុជាចំនួន 651ដង ដោយមានទាំងការឡើងទៅច្រៀងភ្លេងជាតិនៅប្រាសាទតាមាន់ធំជាចំណុចចាប់ផ្តើម និងនាំទៅដល់ការដុតព្រះពន្លាត្រមូក ការជីកលេណដ្ឋាន និងការប៉ះទង្គិចគ្នា មុនពេលដែលកងទ័ពទាំងពីរបានចរចារត្រឡប់ទៅទីតាំងដើមវិញនៅថ្ងៃទី 1 មិថុនា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod ។
ប្រភពដដែលបានបន្តទៀតថា ចាប់ពីដើមឆ្នាំ ២០២៥ មក ភាពតានតឹងកើនឡើងនៅតំបន់ព្រំដែនរវាងថៃ–កម្ពុជា ជាពិសេសនៅចំណុច ចុងបូក។ ថៃបានរាយការណ៍ថា ភាគីកម្ពុជាបានរំលោ.ភអនុស្សរណៈការយោគយល់ឆ្នាំ 2000 (MOU 43) រហូតដល់ ៦៥១ ដង។ ករណីរំលោ.ភចូលអធិបតេយ្យភាពថៃនេះ បានចាប់ផ្តើមនៅថ្ងៃទី 13 កុម្ភៈ 2025 នៅពេលដែលពលរដ្ឋ និងទាហានកម្ពុជា នាំគ្នាឡើងទៅប្រាសាទ តាមាន់ធំ (ដែលស្ថិតក្នុងដែនដីថៃ) ហើយបានច្រៀងបទជាតិរបស់កម្ពុជា។ រដ្ឋាភិបាលថៃបានបង្ហាញការតវ៉ាយ៉ាងផ្លូវការទៅនឹងសកម្មភាពនេះ។
បន្ទាប់មក ស្ថានភាពកាន់តែតានតឹងនៅចុងខែកុម្ភៈ បន្ទាប់ពីកម្ពុជាបានដាក់ពង្រាយកងទ័ពនៅតំបន់នោះ។ ដល់ថ្ងៃទី 1 មីនា «សាលាត្រីមុខ» ដែលជានិមិត្តសញ្ញានៃមិត្តភាពថៃ-ឡាវ-កម្ពុជា ត្រូវបានឆាបឆេះ និងក្រោយមកកងយោធាថៃបានទទួលព័ត៌មានថា ទាហានកម្ពុជាបានបញ្ចូលកម្លាំង និងជីកលេណដ្ឋាននៅក្នុងដែនដីថៃប្រហែល 150 ម៉ែត្រ។
មកដល់ថ្ងៃទី២៨ ខែឧសភា ការប៉ះទង្គិចមួយបានកើតឡើង បន្ទាប់ពីកងទ័ពកម្ពុជាបានបា.ញ់លើកងកម្លាំងល្បាតឈ្លបរបស់ថៃ។ មួយថ្ងៃក្រោយមក មេដឹកនាំយោធាកំពូលនៃប្រទេសទាំងពីរ ក៏បានជួបប្រជុំគ្នា និងបានយល់ព្រមលើវិធានការកាត់បន្ថយ រួមទាំងការកែសម្រួលទ័ព និងការប្រើប្រាស់គណៈកម្មាធិការព្រំដែនរួម (JBC) ដើម្បីដោះស្រាយបញ្ហា។ ទោះយ៉ាងណាក៏ដោយ ក្រោយមកកម្ពុជាបានបរាជ័យក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងនេះ ដោយបដិសេធមិនព្រមដកថយ និងបន្តការទន្ទ្រានកាន់កាប់លើដែនអធិបតេយ្យភាពថៃដដែល។
ប្រទេសថៃបានបង្ហាញការតវ៉ាម្តងហើយម្តងទៀត នៅពេលដែលកម្ពុជាបានសាងសង់ផ្លូវថ្នល់ កែលម្អទីតាំងកាំភ្លើង និងជីកលេណដ្ឋានក្នុងតំបន់ដែលកំពុងមានវិវាទ។ នៅថ្ងៃទី៤ ខែមិថុនា នេះប្រទេសថៃបានបញ្ជាក់ជាថ្មី នូវអធិបតេយ្យភាពរបស់ខ្លួនលើប្រាសាទចំនួន ៤ និងបានរិះគន់ការប៉ុនប៉ងរបស់កម្ពុជាក្នុងការយកបញ្ហានេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។
ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងដែលបន្តកើតមាន នៅថ្ងៃទី 7 ខែមិថុនា ប្រទេសថៃបានដាក់បទប្បញ្ញត្តិថ្មីលើការឆ្លងកាត់ព្រំដែន ដោយកាត់បន្ថយម៉ោង និងការរឹតបន្តឹងច្រកទ្វារអន្តរជាតិ ។ កងកម្លាំងភារកិច្ចយោធាត្រូវបានរដ្ឋាភិបាលផ្តល់សិទ្ធិក្នុងការត្រួតត្រាលើចំណុចចេញ-ចូលព្រំដែន ហើយយុទ្ធសាស្ត្របួនដំណាក់កាលត្រូវបានណែនាំ ចាប់ពីការរឹតបន្តឹងការចូលប្រទេស រហូតដល់ការបិទព្រំដែនពេញលេញប្រសិនបើស្ថានការណ៍កាន់តែអាក្រ.ក់។
នៅថ្ងៃទី 8 ខែមិថុនា ការពិភាក្សារកចំណុចកណ្ដាលមួយបានកើតឡើង គឺភាគីទាំងពីរបានយល់ព្រមកែសម្រួលកងទ័ពទៅកាន់ទីតាំងដើមឆ្នាំ 2024 រៀងៗខ្លួន ដើម្បីស្ដារស្ថានការណ៍ និងរក្សាទំនាក់ទំនងតាមរយៈគណៈកម្មាធិការព្រំដែនក្នុងតំបន់។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណងកាត់បន្ថយភាពតានតឹងមុនពេលកិច្ចប្រជុំ JBC ដែលគ្រោងធ្វើនៅថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2025៕










