សហរដ្ឋអាមេរិក ៖ លោកយាយម្នាក់រស់នៅរដ្ឋញូវហាំសៀ សហរដ្ឋអាមេរិក ពុំធ្លាប់លះបង់ក្តីសុបិនរបស់ខ្លួនទេ ដោយលោកយាយបានទទួលសញ្ញាបត្របរិញ្ញាបត្រពីសាកលវិទ្យាល័យនៅអាយុ៨៨ឆ្នាំ ក្រោយពីមានឧបសគ្គធ្វើឱ្យលោកយាយពុំអាចបន្តការសិក្សា ។ កាលពីជាង៦០ឆ្នាំមុន លោកយាយបានឈប់រៀនសាកលវិទ្យាល័យដោយសារមានផ្ទៃពោះកូនដំបូង ទើបសាកលវិទ្យាល័យពុំអនុញ្ញាតឱ្យលោកយាយរៀនបន្ត ដែលជាច្បាប់នាសម័យនោះ ។

លោកយាយឈ្មោះ Joan Alexander គួរតែទទួលបានសញ្ញាបត្របរិញ្ញាបត្រនៅឆ្នាំ១៩៥៩ ឬកាលពីជាង៦០ឆ្នាំមុន ប៉ុន្តែពេលនោះ លោកយាយពុំទទួលបានការអនុញ្ញាតឱ្យរៀននៅសាកលវិទ្យាល័យបន្ត ដែលជាច្បាប់កំណត់សម្រាប់បញ្ចប់ការសិក្សា ដោយសារលោកយាយមានទម្ងន់កូនដំបូងកូនស្រី ។ បច្ចុប្បន្ន លោកយាយ និងស្វាមីមានកូនទាំងអស់៤នាក់ ។

នាដើមឆ្នាំ២០២៥ កូនស្រីម្នាក់របស់លោកយាយបានទាក់ទងទៅសាកលវិទ្យាល័យដើម្បីសាកសួរពីការទទួលសញ្ញាបត្ររបស់ម្តាយ ។ លោក Justin Dimmel ព្រឹទ្ធបុរសរងរបស់សាកលវិទ្យាល័យនិយាយថា បទពិសោធន៍របស់លោកយាយដែលបានធ្វើជាជំនួយការគ្រូមត្តេយ្យកាលពីដើមឆ្នាំ១៩៨០ គឺគ្រប់គ្រាន់ហើយសម្រាប់ការទទួលសញ្ញាបត្របរិញ្ញាបត្រដែលលោកយាយត្រូវបានបដិសេធកាលពីមុន ។ វាធ្វើឱ្យលោកមើលឃើញពីការលះបង់ក្នុងការងារ ទើបសាកលវិទ្យាល័យសម្រេចប្រគល់សញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រអប់រំដល់លោកយាយ ។

លោកយាយ Joan បាននិយាយពីអារម្មណ៍របស់ខ្លួនថា ៖ «អរគុណសាកលវិទ្យាល័យដែលប្រគល់សញ្ញាបត្រដល់ខ្ញុំ ខ្ញុំដឹងថា ការទទួលបានសញ្ញាបត្រនេះមានអត្ថន័យខ្លាំងប៉ុនណា ។ ខ្ញុំមានអារម្មណ៍ថាប្រហោងក្នុងបេះដូងបានព្យាបាលហើយ» ។

ទោះជាលោកយាយពុំអាចដើរឡើងលើវេទិកាដើម្បីចូលរួមពិធីទទួលសញ្ញាបត្របរិញ្ញាបត្រ ប៉ុន្តែកូនស្រី និងចៅស្រីលោកយាយបានឡើងទទួលសញ្ញាបត្រជំនួសក្នុងពិធីប្រគល់សញ្ញាបត្រ ។ កូនស្រីលោកយាយប្រាប់ថា ៖ «វាពិសេសខ្លាំងណាស់ បើម្តាយខ្ញុំអាចចូលរួមពិធីដោយខ្លួនឯងបាន ប៉ុន្តែគាត់មកនៅទីនេះជាមួយចៅ គឺវារំភើបណាស់ហើយ ។ មនុស្សគ្រប់គ្នារំភើប និងចងចាំ ដែលម្តាយខ្ញុំបានសម្រេចក្តីសុបិន» ។

បច្ចុប្បន្ន លោកយាយ និងស្វាមីរស់នៅរដ្ឋញូវហាំសៀជាមួយកូនស្រីម្នាក់ ហើយលោកយាយនៅតែស្ម័គ្រចិត្តធ្វើការក្នុងព្រះវិហារ បណ្ណាល័យ និងសាលារៀនបឋមសិក្សាផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLbFz79roO2hRv7chiWSjmVUHtX22t1rM1w1mLi0UNL5LsRjQ8LcliMNfVOZjJJnIoBrKs9v8a2pikQ80G2kcKDgx4aYD7ijExWjdnh8sTH8cqTkFMpxUd8av5qPRzc44Cbj1gK-y_Hm0_bNM-VH23SWHWgswap6QfuEuKLu9PuD9Pim3XtmAkx6GoiwVy/s1500/image_2025-06-11_08-25-00.png