សិទ្ធី លីមថុងគុល គឺជាអតីតមេដឹកនាំក្រុមអាវលឿងថៃ ដ៏មានឥទ្ធពលមួយរូប ដែលតែងតែប្រឆាំងនឹងការកាន់អំណាចរបស់ត្រកូលថៃសុីន និងយកកម្ពុជាទៅពាក់ព័ន្ធនយោបាយប្រទេសថៃ។
កេរ្តិ៍ឈ្មោះអ្នកនយោបាយរូបនេះ បានល្បីរន្ទឺ ក្រោយពីលោកបានធ្វើបាតុកម្ម រហូតដល់មានការធ្វើរដ្ឋប្រហារនៅឆ្នាំ២០០៦ ទម្លាក់លោកថាក់ស៊ីន ចេញពីតំណែងនាយករដ្ឋមន្ត្រី។
ក្រោយមកទៀត នាក្នុងអំឡុងពេលថៃឈ្លានពានចង់បានប្រាសាទព្រះវិហារ សិទ្ធី លីមថុងគុល បានស្នើឱ្យកងទ័ពវាយចូលរហូតទៅដល់ទឹកដីសៀមរាប កាន់កាប់ប្រាសាទអង្គរ ដើម្បីដោះដូរជាមួយរដ្ឋាភិបាលកម្ពុជា ប្រគល់ប្រាសាទព្រះវិហារទៅឱ្យថៃ។
លុះដល់ពេលកូនស្រីរបស់លោកថាក់ស៊ីន គឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី លោកសិទ្ធី លីមថុងគុល ក៏បានយកកម្ពុជាទៅពាក់ព័ន្ធម្តងទៀត ដោយប្រកាសឱ្យរដ្ឋាភិបាលថៃ លុបចោលអនុស្សារណៈនៃការយោគយល់(MOU) ស្តីពីការអភិវឌ្ឍរួមគ្នានៅតំបន់OCA ឆ្នាំ២០០១ជាមួយកម្ពុជា។
បន្ថែមពីនេះទៅទៀតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ សកម្មជនជ្រុលនិយមថៃរូបនេះ ក៏បានធ្វើការប្រមូលផ្តុំប្រជាជនថៃ ដើម្បីទាមទារឱ្យរដ្ឋាភិបាលថៃ កំណត់ព្រំដែនឱ្យច្បាស់ បើមិនដូច្នេះ នឹងមានបាតុកម្មទម្លាក់លោកស្រីនាយករដ្ឋមន្ត្រី ដូចកាលលោកធ្វើដាក់លោកថាក់ស៊ីន៕










