កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើលិខិតផ្លូវការទៅកាន់លោក ម៉ារីស សាងៀមផុង រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដើម្បីអញ្ជើញឱ្យថៃរួមគ្នាយកបញ្ហាជម្លោះព្រំដែនដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។
.png)
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបង្ហាញខ្លឹមសារលិខិតថា ទោះជាប្រទេសទាំងពីរខិតខំប្រឹងប្រែងប្រើប្រាស់យន្តការទ្វេភាគី និងដោះស្រាយក្នុងលក្ខណៈមិត្តភាពដើម្បីស្វែងរកដំណោះស្រាយជាច្រើនលើកក៏ដោយ ប៉ុន្តែជម្លោះព្រំដែនអូសបន្លាយជាច្រើនទសវត្សរ៍រវាងប្រទេសទាំងពីរនៅតែពុំទាន់ធូរស្រាល ហើយជាប្រភពនៃការយល់ច្រឡំ និងភាពតានតឹងដែលតែងតែកើតឡើងវិញ រហូតមានហេតុការណ៍កើតឡើងជាច្រើន រួមទាំងការប៉ះទង្គិចគ្នានៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានបាញ់មកលើកងទ័ពកម្ពុជាបណ្តាលឱ្យកងទ័ពកម្ពុជាបាត់បង់ជីវិតម្នាក់ ។

ហេតុការណ៍ប៉ះទង្គិចនេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែឧសភា កន្លងមក ដែលត្រូវស្វែងរកដំណោះស្រាយបន្ទាន់ប្រកបដោយសន្តិភាព និងនិរន្តរភាព ។ ភាពស្មុគ្រស្មាញ លក្ខណៈប្រវត្តិសាស្ត្រ និងភាពរសើបនៃវិវាទទាំងនេះ យើងឃើញកាន់តែច្បាស់ថា ការចរចាទ្វេភាគីអាចមិនគ្រប់គ្រាន់ ដើម្បីទទួលបានដំណោះស្រាយដ៏ទូលំទូលាយ និងយូរអង្វែងទេ ។ ហេតុនេះ រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា មាគ៌ាទៅមុខដែលសមស្រប និងសន្តិវិធីបំផុត គឺ ការបញ្ជូនបញ្ហាពាក់ព័ន្ធនឹងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីកាត់ក្ដី ។
.png)
សេចក្តីសម្រេចចេញដោយតុលាការអន្តរជាតិ គឺផ្អែកលើច្បាប់អន្តរជាតិ នឹងផ្តល់ដំណោះស្រាយមួយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង។ សេចក្ដីសម្រេចនេះនឹងផ្ដល់ភាពច្បាស់លាស់ដែលត្រូវការចំាបាច់សម្រាប់ព្រំដែនគោករៀងរបស់យើង ហើយសំខាន់បំផុត គឺ ងជួយជំរុញឱ្យមានបរិយាកាសប្រកប ដោយសន្តិភាពយូរអង្វែង ស្ថិរភាព និងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ ។

អាស្រ័យដូចបានជម្រាបជូន ខ្ញុំសូមជំរុញឱ្យរដ្ឋាភិបាលថៃពិចារណាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកវិវាទព្រំដែនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ។ យើងគួរចាប់យកឱកាសនេះដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមចំពោះកិច្ចចរចាដោយសន្តិវិធី ដំណោះស្រាយតាមផ្លូវច្បាប់ និងអនាគតជាប្រទេសជិតខាងល្អ ។
គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនាពេលកន្លងមកថា កម្ពុជានឹងយកបញ្ហាជម្លោះព្រំដែនជាមួយថៃទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ដោយសារយន្តការទ្វេភាគីកន្លងមកពុំទទួលបានលទ្ធផលច្បាស់លាស់ ៕










