ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ លោក អនុគូន ព្រឹក្សានុសាក់ អ្នកនាំពាក្យរដ្ឋាភិបាលថៃនិយាយថា ការត្រួតពិនិត្យក្នុងបណ្តាញសង្គមថៃដែលផ្សព្វផ្សាយព័ត៌មាន និងរូបភាពពាក់ព័ន្ធនឹងបញ្ហាទំនាក់ទំនងរវាងប្រទេសកម្ពុជា-ថៃឃើញថា បច្ចុប្បន្ននេះ មានការបំភ្លៃព័ត៌មានដើម្បីទាក់ទាញការចាប់អារម្មណ៍ ធ្វើឱ្យពលរដ្ឋថៃយល់ខុស ភ័យខ្លាច បារម្ភ និងបង្កើតភាពច្របូកច្របល់ក្នុងសង្គមយ៉ាងខ្លាំង ។

មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយប្រទេសថៃ (Anti-Fake News Center) រួមទាំងក្រសួងឌីជីថលដើម្បីសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលថៃបានត្រួតពិនិត្យឃើញថា មានព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-ថៃ រហូតដល់ ៣៣ព័ត៌មាន ហើយមានព័ត៌មានក្លែងក្លាយចំនួន៩ ដែលភ្នាក់ងាររដ្ឋាភិបាលពិនិត្យឃើញ ។ រីឯព័ត៌មានក្លែងក្លាយដែលពលរដ្ឋថៃចាប់អារម្មណ៍បំផុត គឺ «រដ្ឋាភិបាលថៃត្រៀមបិទព្រំដែនកម្ពុជា-ថៃ ៦កន្លែង» ដែលវាជាព័ត៌មានមិនពិត មានបំណងធ្វើឱ្យពលរដ្ឋជ្រួលច្របល់ ។ 
ក្រោយការទំនាក់ទំនង និងត្រួតពិនិត្យរួមគ្នារបស់ប៉ូលិសអន្តោប្រវេសន៍ និងភ្នាក់ងារព្រំដែនពាក់ព័ន្ធបង្ហាញថា គ្រប់ច្រកព្រំដែនកម្ពុជា-ថៃបើកដំណើរធម្មតា ។ ហេតុនេះ ភ្នាក់ងារក៏បានសម្រេចបិទការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាំងនេះ ។.jpg)
ព្រំដែនកម្ពុជា-ថៃ គឺជាបញ្ហារសើបរវាងពលរដ្ឋទាំងពីរប្រទេស ហើយការចែកចាយព័ត៌មានក្លែងក្លាយកាន់តែធ្វើឱ្យស្ថានការណ៍តានតឹងខ្លាំង ។ ក្រៅពីនេះ ក៏មានព័ត៌មានខ្លះបង្កើតរូបភាព AI ផ្សព្វផ្សាយញុះញង់ឱ្យមានអំពើហិង្សា ឬផ្សាយខ្លឹមសារមិនពិត រួមទាំងព័ត៌មានចចាមអារ៉ាមពីការបណ្តេញមេបញ្ជាការកងទ័ពភូមិភាគទី៣ ជាដើម ។ ដូច្នេះ សូមពលរដ្ឋជឿជាក់លើព័ត៌មានពីបណ្តាញផ្សព្វផ្សាយផ្លូវការ និងសារព័ត៌មានគួរឱ្យទុកចិត្តប៉ុណ្ណោះ ។
មុននឹងជឿព័ត៌មាន ឬចែកចាយព័ត៌មានផ្សេងៗ សូមពលរដ្ឋពិនិត្យមើលថា តើព័ត៌មាននេះមានប្រភពពីស្ថាប័នគួរឱ្យទុកចិត្តដែរឬទេ ដោយអាចពិនិត្យមើលព័ត៌មានជាមួយបណ្តាញសំខាន់របស់មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយប្រទេសថៃ ។ បើពលរដ្ឋបានឃើញការបង្ហោះព័ត៌មានគួរឱ្យសង្ស័យ គឺអាចផ្ញើលីង ឬរូបភាពភស្តុតាងដើម្បីត្រួតពិនិត្យ កុំឱ្យពលរដ្ឋជឿព័ត៌មានក្លែងក្លាយ ។

ការចែកចាយព័ត៌មានក្លែងក្លាយជាការល្មើសច្បាប់កុំព្យូទ័រ ដែលនឹងជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន១សែនបាត ឬទាំងជាប់ពន្ធនាគារនិងពិន័យជាប្រាក់ ។ ពលរដ្ឋអាចរាយការណ៍ពីការផ្សាយព័ត៌មានក្លែងក្លាយ និងឧក្រិដ្ឋកម្មអនឡាញគ្រប់ប្រភេទ តាមរយៈលេខទូរស័ព្ទ ១១១១ រយៈពេល២៤ម៉ោង ។ នេះបើតាមការលើកឡើងរបស់លោក អនុគូន ព្រឹក្សានុសាក់ អ្នកនាំពាក្យរដ្ឋាភិបាលថៃ ៕










