ការឈ្លោះប្រកែកគ្នានៅពេលយប់មុនពេលចូលគេងតែងកើតមានជាញឹកញាប់ មិនថាសម្រាប់គូស្វាមីភរិយា ឬគូរស្នេហ៍ដែលជាសង្សានឹងគ្នាមួយចំនួនដោយជាធម្មតា វាធ្វើឲ្យយើងមានអារម្មណ៍ថាចង់សម្រេចចិត្តធ្វើអ្វីមួយជាបន្ទាន់ ទោះជាក្រោយមកមានរឿងអ្វីកើតឡើងក៏ដោយ។ អ្នកជំនាញយល់ថាវាជារឿងមិនត្រឹមត្រូវប៉ុន្មានឡើយ ព្រោះការសម្រេចចិត្តទាំងកំពុងខឹ.ងអាចធ្វើឲ្យយើងមានការសោ.កស្ដាយនៅពេលក្រោយ។
វេជ្ជបណ្ឌិត Samantha Rodman Whiten ដែលជាអ្នកចិត្តសាស្រ្តព្យាបាលនៅ Potomac រដ្ឋ Maryland សហរដ្ឋអាមេរិក បាននិយាយថា ៖ អារម្មណ៍ដែលចង់ដោះស្រាយជម្លោះមុនពេលចូលគេង គឺជារឿងធម្មតាជាពិសេសសម្រាប់មនុស្សដែលធំឡើងនៅក្នុងគ្រួសារមួយដែលតែងមានទំនាស់មិនឈប់ឈរ។ ចំណែក វេជ្ជបណ្ឌិត Sabrina Romanoff ដែលជាចិត្តវិទូនៅទីក្រុងញូវយ៉កបាននិយាយថា ៖ សម្រាប់អ្នកផ្សេងទៀត ទំនោរនេះគឺដោយសារតែសុភាសិតបុរាណមួយដែលលើកឡើងថា «អ្នកមិនគួរចូលគេងដោយកំហឹងនោះទេ ប្រសិនបើមានបញ្ហាចូរដោះស្រាយឲ្យហើយ» ប៉ុន្តែការធ្វើបែបនេះមិនទំនងជាទទួលបានផលគ្រប់ពេលនោះទេ។ ដូចនេះ អ្នកជំនាញផ្នែកចិត្តវិទ្យាមួយចំនួនបានបង្ហាញពីអត្ថប្រយោជន៍ចំនួន៥យ៉ាងដែលអ្នកនឹងទទួលបាន ប្រសិនបើអ្នកសម្រេចចិត្តចូលគេងទាំងខឹងដៃគូ។
១. ជួយរក្សាលំនឹងអារម្មណ៍ ៖ ការគេងអាចជួយឲ្យខួរក្បាលទទួលបានភាពស្ងប់ស្ងាត់ និងបំភ្លេចអារម្មតានតឹង។ ក្រោយភ្ញាក់ពីគេង មនុស្សដែលខឹងភាគច្រើននឹងត្រជាក់ចិត្ត និងអារម្មណ៍នឹងថឹងជាងមុន។
២. អាចផ្ដល់ការសម្រេចចិត្តល្អៗ ៖ ពេលវាលានឹងជួយឲ្យមនុស្សយល់កាន់តែច្បាស់ បន្ទាប់ពីការគេងអ្នកនឹងមានអារម្មណ៍ធូរស្បើយ ហើយធ្វើឲ្យយល់ថាបញ្ហាដែលកំពុងជួបប្រទះវាមិនធ្ងន់ធ្ងររហូតដល់គ្មានវិធីដោះស្រាយឡើយ ដូច្នេះអ្នកនឹងអាចរកដំណោះស្រាយបានល្អជាងមុន។
៣. ជួយបញ្ចៀសការប៉ះទង្គិចធ្ងន់ធ្ងរ ៖ ភាពនឿយហត់ និងអារម្មណ៍ដែលកំពុងខឹងនឹងធ្វើឲ្យជម្លោះកាន់តែបន្តវែងឆ្ងាយ ដូចនេះជម្រើសដ៏ល្អបំផុត គឹផ្អាកវាមួយឡែក និងចូលគេងសិន ស្អែកឡើងអាចធ្វើការជជែកជាថ្មីជាមួយនឹងគំនិតល្អ និងច្បាស់លាស់។
៤. ផ្ដល់ចន្លោះពេលវេលាឲ្យគ្នាទៅវិញទៅមក ៖ ការផ្អាកជម្លោះដោយការចូលគេង មិនមែនសុទ្ធតែជាការគេចវេសពីបញ្ហាឡើយ។ ផ្ទុយទៅវិញ វាបង្ហាញពីចំណងទំនាក់ទំនងរវាងដៃគូរថាមានភាពរឹងមាំ និងចាស់ទុំ នៅពេលភាគីទាំងពីរត្រឡប់មកដោះស្រាយវិញដោយចិត្តត្រជាក់។
៥. អាចដោះស្រាយបញ្ហាបានល្អ ៖ តាមបទពិសោធគូស្វាមីភរិយាវ័យចំណាស់ដែលរស់នៅជាមួយគ្នារាប់សិបឆ្នាំបានបង្ហើបថា អារម្មណ៍ធូរស្បើយបន្ទាប់ពីផ្ដល់ចន្លោះពេលវេលាឲ្យគ្នារួចនឹងនាំឲ្យខួរក្បាលគិតឃើញនូវរឿងរ៉ាវល្អៗ ហើយអាចត្រឡប់មកនិយាយគ្នាវិញ និងផ្អែមល្ហែមដូចដើម។
គួរបញ្ជាក់ថា ការចូលគេងទាំងកំពុងខឹ.ងគ្នា គួរតែជាការគេងដោយអារម្មណ៍បរិសុទ្ធ ដាក់ចុះកំហឹង នោះទើបអាចភ្ញាក់ឡើងមកជាមួយនឹងដំណោះស្រាយសមស្រប មិនមែនជាការគេចពីបញ្ហា ហើយយកវាទៅចងជាកំហឹងគុំគួន និងទុកសងសឹកដាក់គ្នាឡើយ។ ចំណេកចំណុចដែលបានរៀបរាប់ខាងលើសុទ្ធតែជាអត្ថប្រយោជន៍ដែលល្អសម្រាប់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងផ្សារភ្ជាប់ចំណងក្ដីស្រលាញ់ឲ្យកាន់តែមានភាពយូរអង្វែង ជាមួយសេចក្ដីថ្លៃថ្នូ និងការផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមក៕