ត្រឹមឆ្នាំ ២០២៤ តែមួយឆ្នាំប៉ុណ្ណោះ សហភាពអឺរ៉ុបបានចេញ លិខិតព្រមានលើសុវត្ថិភាពចំណីអាហារដែលនាំចូលដោយប្រទេសវៀតណាមដល់ទៅ ១៣០ដង។ ការព្រមានទាំងនោះ ត្រូវបានធ្វើឡើងបន្ទាប់ពីគេពិនិត្យឃើញថា មានសារធាតុគីមីលើសកម្រិតនៅក្នុងបន្លែជាច្រើនប្រភេទរបស់វៀតណាម។ នេះបើយោងតាមគេហទំព័រ Fresh Plaza ជាគេហទំព័រព័តឥមានស្ដីពីផលិតផលកសិកម្មមានទីតាំងនៅប្រទេសហូឡង់។

សារធាតុគីមី ភាគច្រើនគឺប្រភេទថ្នាំសម្លា.ប់សត្វល្អិត Cypermethrin , ថ្នាំកម្ចាត់ផ្សិត និងសារធាតុមួយចំនួនទៀត ត្រូវបានហាមឃា.តដោយសហភាពអឺរ៉ុប ព្រោះសារធាតុទាំងនោះអាចបង្កឲ្យកើតមានជំងឺធ្ងន់ធ្ងររួមមាន ខូចថ្លើម ប៉ះពាល់ដល់សរសៃប្រសាទ អម៉ូន និងខូចតម្រងនោម។ ក្រៅពីនាំចូលមកកាន់សហភាពអឺរ៉ុប បន្លែទាំងអស់នោះ ត្រូវបានគេដឹងថា ក៏បានចែកចាយនៅក្នុងតំបន់អាស៊ីផងដែរ។

គេហទំព័រ Fresh Plaza បានបង្ហាញថា បន្លែដែលមានផ្ទុកនូវសារធាតុគីមីគ្រោះថ្នា.ក់ដែលនាំចូលដោយវៀតណាមមានដូចជា ត្រកួន ម្ទេស ស្ពៃខៀវ ជីវ៉ាន់ស៊ុយ និងបន្លែបែតងមួយចំនួនទៀត ត្រូវបានគេពិនិត្យឃើញថាមានលើសកម្រិតសុវត្ថិភាពសម្រាប់អ្នកបរិភោគ។
ការសិក្សាលើតំបន់ភាគកណ្ដាលរបស់វៀតណាម កាលពីឆ្នាំ2022 បានរកឃើញថាជាង 80% នៃសំណាកបន្លែចំនួនជាង 290 ប្រភេទ មានផ្ទុកនូវសារធាតុថ្នាំសម្លា.ប់សត្វល្អិត ហើយមានបន្លែចំនួន 23% មានផ្ទុកនូវសារធាតុនេះលើសកម្រិតពីអតិបរមាស្តង់ដាសុវត្ថិភាពដែលសហភាពអឺរ៉ុបបានកំណត់។ ដោយឡែក តំបន់ដីសណ្ដរនៅតាមបណ្ដោយទន្លេមេគង្គបានបង្ហាញថា 59% នៃគំរូបន្លែចំនួន180 ប្រភេទមានសំណុលថ្នាំ លើសកម្រិតកំណត់ដូចគ្នា។

ការសិក្សាមួយផ្នែកទៀតបានបង្ហាញថា កសិករវៀតណាមដែលបានស្ទង់មតិទាំងអស់ មានតែ20% ប៉ុណ្ណោះដែលមិនប្រើប្រាស់ថ្នាំគីមីលើដំណាំ និង យល់ដឹងអំពីហានិភ័យដែលអាចបង្ករឡើងដោយសារធាតុគីមីទាំងនេះ។ ការសិក្សាដដែលនេះបានបញ្ជាក់ផងដែរថា ការប្រើបប្រាស់សារធាតុគីមីទាំងនេះមិនត្រឹមត្រូវ ជាពិសេសពស្ថិតនៅក្នុងរដូវវស្សា នាំឲ្យសារធាតុគីមីក្នុងដំណាំ ឬបន្លែមានកាន់តែខ្ពស់។

គួរជម្រាបថាក្រៅពីបន្លែ ផ្លែឈើមួយចំនួនរបស់វៀតណាមរួមមាន ផ្លែទុរេន ស្រកានាគ និងសាវម៉ៅក៏មានការព្រមាន ថាមានផ្ទុកនូវសារធាតុគីមី ដូចជា BY2 និងCadmium ផងដែរ។ សារធាតុ BY2 អាចនាំឲ្យកើតមានជំងឺមហារីក រីឯCadmium នាំឲ្យខួចតម្រងនោម និងប៉ះពាល់ដល់ឆ្អឹង។ បន្ថែមពីនេះ អាហារកែច្នៃមួយចំនួន រួមមាន មីកញ្ចប់ បន្លែ ឬផ្លែឈើសម្ងួត និងម្សៅគ្រឿងទេស ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុបន្ថែមរសជាតិច្រើនលើសលប់ រួមទាំងសារធាតុថ្នាំ Antibiotics ផងដែរ៕









