តារាចម្រៀង ទេព បូព្រឹក្ស បានលាតត្រដាងអាថ៌កំបាំងរបស់ខ្លួនជាបន្តទៀតជាមួយនឹង តារាចម្រៀង ពេជ្រ សូលីកា ដោយបានបញ្ជាក់ច្បាស់ៗថា សូលីកា ជាអ្នកធ្វើឱ្យនាង ស្គាល់ស្រុកគេលើកដំបូងដោយបានទៅលេងនៅប្រទេសចិន។
ជឿជាក់ថាប្រិយមិត្តដែលតាមដានវិស័យសិល្បៈជ្រាបមកហើយថាតារាចម្រៀង ទេព បូព្រឹក្ស និង ពេជ្រ សូលីកា គឺជាមិត្តភក្តិស្និទ្ធស្នាលគ្នាជាយូរឆ្នាំមកហើយមានទាំងពេល វេលា មិនត្រូវគ្នា ឈ្លោះគ្នា មិននិយាយរកគ្នាជាដើម។ យ៉ាងណា នាពេលបច្ចុប្បន្នមិត្តភាព របស់អ្នកទាំងពីរ មានស្ថេរភាពវិញបន្ទាប់ពីក្លាយជាម្តាយគេរៀងៗខ្លួននិងមានភាពចាស់ គំនិតរៀងៗខ្លួន។

ស្របពេលមិត្តសម្លាញ់របស់ខ្លួនត្រៀមចូលរោងការ ពេជ្រ សូលីកា បានទៅរោងការតាំង ពីយប់ថ្ងៃទី៥ មិថុនា ហើយ ទេព បូព្រឹក្ស ក៏បានលាតត្រដាងមិត្តភាពរវាងនាងនិង តារាចម្រៀង ពេជ្រ សូលីកា ម្តងទៀត។
តាមរយៈវីដេអូមួយដែលបង្ហោះនៅយប់ថ្ងៃទី៥ ម្ចាស់បទ វីរៈនារី បានដាក់ចំណងជើងថា «ជាង10ឆ្នាំហើយតែពួកយើងនៅតែជាមិត្តល្អ»។ ទេព បូព្រឹក្ស និង ពេជ្រ សូលីកា បានឱបគ្នាដោយក្តីស្រលាញ់និងភាពកក់ក្តៅអមដោយក្តីរំភើបចិត្ត ហើយអ្នកទាំងពីរស្ទើរតែ ស្រក់ទឹកភ្នែកព្រោះតែការរំភើបចិត្តនូវអាពាហ៍ពិពាហ៍នេះ។ ក្នុងនោះដែរ ទេព បូព្រឹក្ស បានទម្លាយថានាងនិង ពេជ្រ សូលីកា បើសាច់ស្គាល់គ្នាតាំងពីរៀនថ្នាក់ទី១០ ហើយអ្វីដែលសំខាន់ដែលចង់និយាយមកជាយូរហើយនោះគឺនាងស្គាល់ស្រុកគេដំបូងដោយសារតែ ពេជ្រ សូលីកា ។

ភរិយា ជី ដេវិត បានបន្តថាកាលពីពេលនោះនាងចង់ទៅស្រុកគេ ជិះយន្តហោះ ប៉ុន្តែគ្មាន លុយ ហើយ ពេជ្រ សូលីកា បាននិយាយថាមិនអីនោះទេនាងនឹងនាំដើរលេងហើយក៏ បាននាំគ្នាទៅដល់ចិនហើយពេលនោះនាងពិតជារំភើបខ្លាំង។ ជាមួយគ្នានេះដែរ ទេព បូព្រឹក្ស ក៏បាននិយាយថាថ្ងៃមង្គលការរបស់ខ្លួន ពេជ្រ សូលីកា មិនមែនចូលរួម លក្ខណៈមិត្តភក្តិអ្វីនោះទេ ប៉ុន្តែគឺលក្ខណៈជាបងប្អូនដែលមកជួយទទួលភ្ញៀវ៕










