ការតស៊ូរបស់រដ្ឋាភិបាលជប៉ុនក្នុងការលើកទឹកចិត្តគូស្វាមីភរិយាឱ្យមានកូនកាន់តែច្រើនត្រូវបានផ្តល់ភាពបន្ទាន់កាន់តែខ្លាំង បន្ទាប់ពីទិន្នន័យបានបង្ហាញថាចំនួនកំណើតប្រចាំឆ្នាំបានធ្លាក់ចុះមកនៅក្រោម ៧០ ម៉ឺននាក់ ជាលើកដំបូងចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមជាងមួយសតវត្សមុន។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ The Guardian ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយក្នុងសប្តាហ៍នេះ ចំនួនកំណើតមាន ៦៨៦,០៦១ នាក់ ក្នុងឆ្នាំ ២០២៤ ដែលជាការធ្លាក់ចុះ ៥.៧% ធៀបនឹងឆ្នាំមុន និងទាបបំផុតចាប់តាំងពីស្ថិតិដែលត្រូវបានរក្សាទុកជាលើកដំបូងក្នុងឆ្នាំ ១៨៩៩។ ទិន្នន័យនេះមិនរាប់បញ្ចូលទារកដែលកើតចេញពីជនបរទេសនោះទេ។
ក្រសួងសុខាភិបាលបាននិយាយថា អត្រានៃការមានកូន ជាមធ្យមដែលស្ត្រីមានក្នុងជីវិតរបស់នាង ក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតគឺ ១.១៥ ដែលធ្លាក់ចុះពី ១.២០ ក្នុងឆ្នាំ ២០២៣។ នោះគឺទាបជាងអត្រា ២.១ ដែលត្រូវការ ដើម្បីរក្សាចំនួនប្រជាជនឱ្យស្ថិតស្ថេរ។ 
ចំនួនកំណើត និងអត្រានៃការមានកូនបានធ្លាក់ចុះក្នុងរយៈពេលប្រាំបួនឆ្នាំជាប់ៗគ្នា ទោះបីជាចំនួនអាពាហ៍ពិពាហ៍បានកើនឡើងបន្តិចកាលពីឆ្នាំមុនក៏ដោយ។ រីឯ ចំនួនអាពាហ៍ពិពាហ៍ ដែលជាកត្តាសំខាន់ក្នុងការជះឥទ្ធិពលលើនិន្នាការកំណើតនៅក្នុងប្រទេសដែលមានកូនតិចតួចកើតចេញពីអាពាហ៍ពិពាហ៍ បានកើនឡើងជាលើកដំបូងក្នុងរយៈពេលពីរឆ្នាំដល់ទៅ ៤៨៤,០៦៣ នាក់កើនឡើង ១០,៣២២ នាក់ធៀបនឹងឆ្នាំមុន។ ប៉ុន្តែនិន្នាការធ្លាក់ចុះដែលបានឃើញតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ នៅតែមិនផ្លាស់ប្តូរ។
ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត ប្រជាជនជប៉ុនប្រហែល ១២៤ លាននាក់ត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះដល់ ៨៧ លាននាក់នៅឆ្នាំ ២០៧០ នៅពេលដែល ៤០% នៃចំនួនប្រជាជននឹងមានចាប់ពី ៦៥ ឆ្នាំឡើងទៅ។ ចំនួនប្រជាជនដែលមានការថយចុះ និងវ័យចំណាស់អាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសន្តិសុខជាតិ ដោយសារប្រទេសនេះស្វែងរកការបង្កើនកម្លាំងយោធារបស់ខ្លួន ដើម្បីទប់ទល់នឹងការគំរាមកំហែងដ៏មានសក្តានុពលពីប្រទេសចិន និងកូរ៉េខាងជើង។
.jpg)
នាយករដ្ឋមន្ត្រី Shigeru Ishiba ដែលបានពណ៌នាប្រជាសាស្រ្តរបស់ប្រទេសជប៉ុនថាជា “ភាពអាសន្នស្ងៀមស្ងាត់” ថ្មីៗនេះបានបង្ហាញវិធានការដើម្បីបង្កើនអត្រាកំណើត រួមទាំងការពង្រីកប្រាក់ឧបត្ថម្ភកូន និងការអប់រំវិទ្យាល័យដោយឥតគិតថ្លៃ និងការធានាថាគូស្វាមីភរិយាដែលឈប់ធ្វើការ ដើម្បីមើលថែទាំកូន ពេលដូចគ្នានឹងទទួលបាន ១០០% នៃប្រាក់ខែរបស់ពួកគេដូចពេលនៅធ្វើការជាប្រចាំដែរ។
.jpg)
ប៉ុន្តែ រដ្ឋាភិបាលត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះការផ្តោតលើគូស្វាមីភរិយាជាជាងលើអ្នកនៅលីវ និងមនុស្សអាយុតិច ដែលបញ្ឈប់គំនិតរៀបការ។ មនុស្សជាច្រើនបានលើកឡើងពីទស្សនវិស័យការងារមិនល្អ និងសន្តិសុខការងារ ការកើនឡើងតម្លៃនៃការរស់នៅ និងវប្បធម៌សាជីវកម្មដែលបង្កការលំបាកដល់និយោជិតស្ត្រីក្នុងការក្លាយជាម្តាយផង និងធ្វើការផង។
គួរបញ្ជាក់ថា ការស្ទង់មតិឆ្នាំ ២០២៣ ដោយ Nippon Foundation បានរកឃើញថា មនុស្សដែលមានអាយុពៅ ១៧ ទៅ ១៩ ឆ្នាំ មានតែ ១៦.៥% ប៉ុណ្ណោះដែលជឿថាពួកគេនឹងអាចរៀបការ ទោះបីជា មនុស្សភាគច្រើនក្នុងចំណោមពួកគេចង់រៀបការក៏ដោយ៕










