ចេកណាំវ៉ា មានកាល់ស្យូមខ្ពស់ជាងចេកផ្សេងៗ ហើយផ្តល់ផលល្អបំផុតសម្រាប់សុខភាព ជាពិសេស ស្ត្រីមានផ្ទៃពោះ និងមនុស្សចាស់ ដោយសារវាអាចជួយកាត់បន្ថយហានិភ័យបញ្ហាឆ្អឹង ។
បច្ចុប្បន្ន ការស្រាវជ្រាវផ្នែកចំណីអាហារបានរីកចម្រើនយ៉ាងខ្លាំង ដោយបានស្រាវជ្រាវពីសារធាតុចិញ្ចឹមផ្សេងៗរបស់ចំណីអាហារពេលយើងបរិភោគរួមគ្នា និងផ្តល់អត្ថប្រយោជន៍ដល់សុខភាពខ្លាំងបំផុត ក្នុងនោះក៏មានការស្រាវជ្រាវពីការបរិភោគចេកណាំវ៉ាជាមួយចំណីអាហារមួយចំនួនផ្តល់ផលល្អសម្រាប់សុខភាព ។
១-ចេកណាំវ៉ា និងទឹកសណ្តែក ៖ ការបរិភោគចេកណាំវ៉ា និងទឹកសណ្តែក គឺផ្តល់ផលល្អសម្រាប់សុខភាព ពីព្រោះចេកណាំវ៉ាសម្បូរប៉ូតាស្យូម ហើយទឹកសណ្តែកមានប្រូតេអ៊ីនខ្ពស់ ។ វាជួយសាច់ដុំ ថែមទាំងមានវីតាមីន C ជួយប្រព័ន្ធការពាររាងកាយ ។
២-ចេកណាំវ៉ា និងយៅអ៊ួ ៖ ការបរិភោគចេកណាំវ៉ា និងយៅអ៊ូ នឹងជួយប្រព័ន្ធរំលាយអាហារដោយផ្ទាល់, ជួយដល់ដំណើរការរបស់ពោះវៀន និងកាត់បន្ថយការទល់លាមក ។
៣-ចេកណាំវ៉ា និងកាហ្វេខ្មៅ ៖ ការបរិភោគចេកណាំវ៉ា និងកាហ្វេខ្មៅ នឹងទទួលបានកម្លាំងថាមពលដ៏រឹងមាំ ជំនួយខួរក្បាល និងមានសមាធិក្នុងការងារ ។
៤-ចេកណាំវ៉ា និងទឹកឃ្មុំ ៖ ការបរិភោគចេកណាំវ៉ា ដែលមានវីតាមីន C ខ្ពស់ជាមួយទឹកឃ្មុំ នឹងជួយពន្យារពេលចាស់ និងជំនួយស្បែក ។
៥-ចេកណាំវ៉ា និងផ្លែប័រ ៖ ជួយគ្រប់គ្រងកម្រិតសម្ពាធឈាម, ជំរុញការអភិវឌ្ឍខួរក្បាល ផ្តល់កម្លាំងថាមពលខ្ពស់ ហើយវាស័ក្តិសមសម្រាប់អ្នកថែទាំសុខភាព ។
ការបរិភោគចេកណំាវ៉ាជាមួយចំណីអាហារទាំងនេះពុំត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការជំរុញឱ្យចេកណាំវ៉ាកាន់តែផ្តល់អត្ថប្រយោជន៍ដល់សុខភាពខ្លាំងឡើង ដើម្បីឱ្យរាងកាយទទួលបានសារធាតុចិញ្ចឹមជាច្រើនមុខ ។
ក្រៅពីនេះ ចេកណាំវ៉ា បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៀត ដូចជា ៖
-បរិភោគចេកណាំវ៉ាស្រគាល ជួយឱ្យអារម្មណ៍ល្អ និងមានសេចក្តីសុខ
-បំបាត់ភាពតានតឹង និងសម្រាន្តលក់ស្រួល
-បំបាត់ការទល់លាមក ព្រោះចេកណាំវ៉ាសម្បូរជាតិសរសៃ
-ព្យាបាលរាគរូស និងកាត់បន្ថយសម្ពាធឈាម
-កាត់បន្ថយស្នាមជ្រួញលើផ្ទៃមុខ
-សម្រកទម្ងន់ និងគ្រប់គ្រងការឡើងទម្ងន់
-សម្រួលការបន្ទោរបង់ និងសម្អាតពោះវៀន
-ដោះស្រាយបញ្ហាដំបៅមាត់ ក្តៅក្នុង និងជួយកុំឱ្យស្អុយមាត់
-ការពារភាពស្លេកស្លាំង
-ជួយអញ្ចាញធ្មេញ និងការពារធ្មេញពុក ៕