តារាសម្តែង ស៊ីន យូប៊ីន បានបន្តទទួលពានរង្វាន់ HOFS នៅក្នុងប្រទេសសិង្ហបុរីនាពេល ថ្មីៗនេះ។ នេះជាឆ្នាំទី៣ហើយរបស់តារាស្រីជួរមុខរូបនេះដែលបន្តទទួលបានពានរង្វាន់ ជាប់ៗគ្នាយ៉ាងដូចនេះ។ ឆ្នាំនេះគេក៏បានឃើញវត្តមានព្រះនាង នរោត្តម ជេនណា ទទួលបានពានរង្វាន់ផងដែរ។
នៅលើបណ្តាញសង្គមទិកតុកនាពេលថ្មីៗនេះពីអ្នកគាំទ្ររបស់តារាសម្តែង ស៊ីន យូប៊ីន បានចែករំលែកវីដេអូខ្លីរបស់ យូប៊ីន ដែលឡើងទទួលពានរង្វាន់នៅលើទឹកដីសិង្ហបុរី ពី
HOFS Award  លើផ្នែក The Iconic Figure of Social Media ។ ពានរង្វាន់នេះគឺ ផ្តល់ជូនដល់អ្នកធុរកិច្ច និងបុគ្គលមានឥទ្ធិពលក្នុងបណ្តាញសង្គមមកពីបណ្តាប្រទេស ផ្សេងៗ។

តាមរយៈការបង្ហោះរូបនៅលើបណ្តាញសង្គមពី HOFS Award ក្រៅពីតារាសម្តែង ស៊ីន យូប៊ីន ក៏លេចព្រះវត្តមានព្រះនាង នរោត្តម ជេនណា ទទួលពានផងដែរហើយនេះជាលើកទី១សម្រាប់ទ្រង់ដែលទទួលបានពានរង្វាន់នេះ។

គួរឱ្យដឹងថានេះជាឆ្នាំទី៣ សម្រាប់តារាសម្តែង ស៊ីន យូប៊ីន ដែលឡើងទៅទទួលពានរង្វាន់នៅប្រទេសសិង្ហបុរី នៃពានរង្វាន់ HOFS (Hall Of Fame Singapore) ។ កាលពីឆ្នាំ២០២៣ យូប៊ីន បានទៅទទួលពានរង្វាន់ជាមួយនឹងតារាសម្តែង មីយ៉ាន់ម៉ា បៃតាកន ខណៈកាលពីឆ្នាំ២០២៤ ជាមួយនឹងតារាសម្តែង ខាត់ វៃហាំង ដែលជាគូស្នេហ៍។
អាចនិយាយបានថាកញ្ញា ស៊ីន យូប៊ីន ក្រៅពីជាតួឯកលើកញ្ចក់ទូរទស្សន៍រូបនាងក៏ជាអ្នកជំនួញមួយរូបមានមុខរបរនៅក្នុងដៃ ហើយជារឿយៗគឺ ស៊ីន យូប៊ីន បានចូលរួមកម្មវីធីអន្តរជាតិនានាជាច្រើននិងបានជួបតារាល្បីៗជាច្រើនរូបផងដែរ៕
		
	









