ថ្មីៗនេះនៅលើបណ្តាញសង្គមមានការចែករំលែកវីដេអូរបស់តារាចម្រៀងរ៉េប វណ្ណដា និងក្រុមគ្រួសារមានដំណើរកម្សាន្តទៅកាន់កោះរ៉ុងបន្ទាប់ពីដកដៃពីការងារសិល្បៈ។ អ្វីដែលធ្វើឱ្យមហាជនសរសើរនោះគឺដំណើរកម្សាន្តលក្ខណៈគ្រួសារនេះ វណ្ណដា បានជួយជាថវិកា១០០០ដុល្លាររួមទាំងចែករំលែកនៅលើបណ្តាញសង្គមរបស់ខ្លួនជាសំឡេងមួយជួយទៅដល់សិស្សានុសិស្សដែលខ្វះខាតទឹកស្អាតប្រើប្រាស់។
.png)
នៅថ្ងៃទី៣១ ឧសភា ម៉ាន់ វណ្ណដា បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា «ជំរាបសួរពុកម៉ែបងប្អូន បន្ទាប់ពីខ្ញុំបានមកដល់ក្រុងកោះរ៉ុងដែលជាកោះដ៏ស្រស់ស្អាតរបស់ខ្មែរយើង ខ្ញុំក៏បានសង្កេតឃើញពីកង្វះទឹកស្អាតរបស់អូនៗដែលកំពុងរៀនសូត្រនៅ « សាលាបឋមសិក្សាភូមិសុខសាន្ត »ដោយហេតុកង្វះទឹកស្អាតសម្រាប់ពួកគាត់ ។ ខ្ញុំបានចូលរួម ឧបត្ថម្ភ រឺ donateសម្រាប់ពួកគាត់ចំនួន ១០០០$ ហើយឆ្លៀតពេលសូមឱ្យពុកម៉ែបងប្អូនទាំងអស់ចូលរួមមូលនិធិមួយនេះបន្ថែមទាំងអស់គ្នា តាមសទ្ធាជ្រះថ្លានិងតាមរយៈ QR code The Royal Sands Koh Rong Resort ដើម្បីសុខភាព រួមទាំងកាត់បន្ថយផ្លាស្ទិច និងស្នាមញញឹមរបស់ក្មេងៗ សូមអរគុណ»។

ការបង្ហោះរបស់ វណ្ណដា ពិតជាសំឡេងដ៏ល្អប្រសើរមួយព្រោះបានជំរុញឱ្យអ្នកគាំទ្របានចូលរួមបរិច្ចាគតាមសទ្ធាជ្រះថ្លារបស់ខ្លួនជួយទៅដល់សិស្សានុសិស្សនៅទីនោះដែលកំពុងជួបប្រទះខ្វះខាតទឹកស្អាតប្រើប្រាស់។ នៅក្នុងការចែករំលែករបស់ វណ្ណដា ក៏បានទៅដល់ដៃលោក ហេង វិសាល បានចូលរួមបរិច្ចាគទឹកប្រាក់១០០០ដុល្លារដល់មូលនិធិខាងលើនេះជួយទៅដល់ប្អូនៗកុមារផងដែរ។
គួរបញ្ជាក់ផងដែរថា វណ្ណដា កម្រនឹងបង្ហាញការបរិច្ចាគរបស់ខ្លួនជាសាធារណៈដោយខ្លួនឯងណាស់លើកលែងតែភាគីម្ខាងទៀតចេញមកបង្ហាញប៉ុន្តែលើកនេះលោកចេញមកបង្ហាញដើម្បីអាចជួយទៅដល់សិស្សានុសិស្សបន្ថែមទៀត។ នៅក្នុងខែនេះ វណ្ណដា ក៏បានបរិច្ចាគទឹកប្រាក់ចំនួន១០លានរៀលជូនដល់មូលនិធិគន្ធាបុផ្ផាផងដែរ៕
		
	









