ប្រទេសកាណាដា ៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា អភិបាលរដ្ឋមេនិថូបា (Manitoba) និងរដ្ឋសាស់ខេតជេវ៉ាន់ (Saskatchewan) របស់កាណាដា បានប្រកាសអាសន្ន និងសំណូមពរឱ្យពលរដ្ឋរាប់ម៉ឺននាក់ ដែលរស់នៅភាគខាងជើង និងខាងកើតរដ្ឋទាំងពីរនេះជម្លៀសចេញពីលំនៅឋានជាបន្ទាន់ ដោយសារភ្លើងឆេះព្រៃរាប់ម៉ឺនហិកតា ហើយភ្នាក់ងារពន្លត់ភ្លើងពុំអាចគ្រប់គ្រងស្ថានការណ៍ ។

លោក Wab Kinew អភិបាលរដ្ឋមេនិថូបា និយាយថា ពលរដ្ឋចំនួន១៧,០០០នាក់ បានជម្លៀសចេញពីលំនៅឋានយ៉ាងឆាប់រហ័សទៅស្នាក់នៅទីលានបាល់ទាត់ និងមជ្ឈមណ្ឌលសហគមន៍ក្នុងទីក្រុងវិននិផេក និងទីក្រុងផ្សេងៗ ។ កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលបានជួយជម្លៀសពលរដ្ឋ ហើយនេះជាការជម្លៀសពលរដ្ឋច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋមេនិថូបា រួមទាំងទាមទារកិច្ចសហការពីមន្ត្រីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ។
ចំណែកស្ថានការណ៍ភ្លើងឆេះព្រៃនៅរដ្ឋសាស់ខេតជេវ៉ាន់ នៅតែមានសភាពធ្ងន់ធ្ងរ រហូតដល់អភិបាលរដ្ឋប្រកាសអាសន្នរយៈពេល៣០ថ្ងៃ និងជម្លៀសពលរដ្ឋចំនួន៤,០០០នាក់ ចេញពីតំបន់គ្រោះថ្នាក់ ដោយសារភ្លៀងឆេះព្រៃ១៤កន្លែង ។ រហូតមកដល់ថ្ងៃទី៣០ ខែឧសភា ភ្នាក់ងារពន្លត់ភ្លើងពុំអាចគ្រប់គ្រងស្ថានការណ៍បានទេ រីឯការប្រកាសអាសន្ននឹងបន្តជាច្រើនថ្ងៃទៀតផ្អែកតាមស្ថានការណ៍ជាក់ស្តែង ។

ក្រៅពីនេះ ភ្លើងបានឆេះព្រៃនៅរដ្ឋអាល់ប៊ឺតា ផងដែរ ដែលធ្វើឱ្យរដ្ឋនេះបញ្ឈប់ការផលិតប្រេងឥន្ធនៈ និងឧស្ម័នមួយចំនួនជាបណ្តោះអាសន្ន ព្រមទាំងតម្រូវឱ្យពលរដ្ឋរស់នៅទីក្រុងតូចៗជម្លៀសចេញពីលំនៅឋាន ។ ក្រុមហ៊ុនផលិតប្រេង Cenovus Energy ឱ្យដឹងថា ក្រុមហ៊ុនបានបញ្ជូនបុគ្គលិកក្នុងរោងចក្រទៅជួយពន្លត់ភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋអាល់ប៊ឺតា ។.png)
ភ្លើងឆេះព្រៃនៅរដ្ឋអាល់ប៊ឺតា ពុំបណ្តាលឱ្យប៉ះពាល់បឹង Chipewyan ទេ ប៉ុន្តែអាជ្ញាធរបានជូនដំណឹងឱ្យពលរដ្ឋប្រញាប់ជម្លៀស ដោយសារខ្យល់អាចផ្លាស់ប្តូរទិស ។ ភ្លើងបានឆេះព្រៃនៅតំបន់មួយទៀតឆ្ងាយពីទីក្រុង Swan Hills ប្រមាណ៧គីឡូម៉ែត្រ ហើយភ្នាក់ងារពន្លត់ភ្លើងពុំអាចគ្រប់គ្រងស្ថានការណ៍ដូចគ្នា ។ កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា កន្លងមក ពលរដ្ឋប្រមាណ១,២០០នាក់ នៅទីក្រុង Swan Hills បានជម្លៀសចេញពីលំនៅឋាន និងធ្វើឱ្យ Aspenleaf Energy គឺជាក្រុមហ៊ុនផលិតប្រេង និងឧស្ម័នក្នុងទីក្រុង Swan Hills បានបញ្ឈប់ការផលិតប្រេងប្រមាណ៤,០០០បារ៉ែលក្នុង១ថ្ងៃ ។

គួរបញ្ជាក់ថា ប្រទេសកាណាដា តែងតែមានភ្លើងឆេះព្រៃ ចាប់ពីខែឧសភា ដល់ខែកញ្ញា ហើយភ្លើងបានឆេះព្រៃខ្លាំងបំផុតនៅកាណាដា កាលពីឆ្នាំ២០២៣ ៕










