ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចថៃបានចុះឆែកឆេរទីតាំងផលិតស្ករសក្លែងក្លាយ ចំនួន២កន្លែង ដែលបានផលិតស្ករសរុបស្មើ៤តោន បិទស្លាកសញ្ញា «Cristalla» ហើយក្រោយការពិនិត្យឃើញថា ស្ករសក្លែងក្លាយទាំងនេះបានចែកចាយលក់ទៅកាន់ទីផ្សារជាច្រើនកន្លែង ។ សមត្ថកិច្ចបារម្ភពីផលប៉ះពាល់សុខភាពពលរដ្ឋ ពីព្រោះអ្នកផលិតបានយកស្ករសម្រាប់ប្រើប្រាស់ផលិតចំណីសត្វ មកលក់ឱ្យអតិថិជន និងច្រកក្នុងការ៉ុងគ្មានអនាម័យ ។.jpg)
ជំហ៊ានដំបូង សមត្ថកិច្ចបានឆែកឆេរទីតាំងផលិតស្ករសក្លែងក្លាយនៅខេត្តណាខនប៉ាធុម និងរឹបអូសស្ករស បិទស្លាកសញ្ញា «Cristalla» ចំនួន៨០ការ៉ុង ដែល១ការ៉ុងស្មើ៥០គីឡូក្រាម សរុបស្មើ៤,០០០គីឡូក្រាម ។ ក្រៅពីនេះ សមត្ថកិច្ចរកឃើញថា ការ៉ុងច្រកស្ករសក្លែងក្លាយមានសភាពកខ្វក់ គ្មានអនាម័យ និងគ្មានផ្លាស្ទិកការពារសំណើម ហើយសមត្ថកិច្ចបានប្រមូលសម្ភារៈផ្សេងៗក្នុងទីតាំងផលិតស្ករទាំងអស់សម្រាប់ធ្វើជាវត្ថុតាង ។
.jpg)
សមត្ថកិច្ចក៏បានចុះឆែកឆេរទីតាំងផលិតស្ករសក្លែងក្លាយមួយកន្លែងទៀតនៅស្រុកមឿងរ៉ាជបុរី ខេត្តរ៉ាជបុរី ដែលមានលោក ណាតាវុធ អាយុ៤៣ឆ្នាំ ជាម្ចាស់ទីតាំង ។ ក្រោយត្រួតពិនិត្យរួច សមត្ថកិច្ចបានរឹបអូសការ៉ុងស្ករស បិទស្លាកសញ្ញា «Cristalla» ដែលសល់ពីការផលិតចំនួន១៨ការ៉ុង ហើយការ៉ុងទាំងនេះ គឺដូចគ្នានឹងការ៉ុងច្រកស្ករសក្លែងក្លាយដែលសមត្ថកិច្ចរឹបអូសនៅខេត្តណាខនប៉ាធុម ។
.jpg)
លោក ណាតាវុធ ម្ចាស់ទីតាំងផលិតស្ករសក្លែងក្លាយនៅខេត្តរ៉ាជបុរី សារភាពថា បានផលិតស្ករសក្លែងក្លាយបិទស្លាក «Cristalla» និងលក់ចែកចាយទៅកាន់ទីផ្សារនានា ។ ស្ករស ដែលយកមកលក់ គឺលោកបានទៅសុំដេញថ្លៃស្ករសពណ៌ក្រហមគ្មានគុណភាព (សម្រាប់ប្រើប្រាស់ក្នុងការផលិតចំណីសត្វ) ចំនួន៣ម៉ឺនគីឡូក្រាម ហើយស្ករ១គីឡូក្រាម តម្លៃត្រឹមតែ៨.៥០បាត ។ រីឯការ៉ុងសម្រាប់ច្រកស្ករស គឺលោកបានទៅទិញការ៉ុងគ្មានស្តង់ដារពីរោងចក្រ ហើយឱ្យកម្មករច្រកស្ករសក្នុងការ៉ុងដោយដៃ ។ បន្ទាប់មក លក់ចេញស្ករនេះក្នុង១គីឡូក្រាម តម្លៃ១២បាត ឬ១ការ៉ុង តម្លៃ៦០០បាត ដោយមានឈ្មួញកណ្តាលមកទទួលទិញយកទៅលក់បន្ត ។
ក្រោយមក សមត្ថកិច្ចក៏ចាប់ខ្លួនលោក ណាតាវុធ បញ្ជូនទៅការិយាល័យស៊ើបអង្កេតដើម្បីចាត់វិធានការបន្តពីបទល្មើសនឹងច្បាប់ស្តីពីការផលិត និងចែកចាយអាហារក្លែងក្លាយ ដែលជនល្មើសអាចជាប់ពន្ធនាគារ ចាប់ពី៦ខែ រហូតដល់១០ឆ្នាំ និងត្រូវបង់ប្រាក់ពិន័យ ចាប់ពី៥ពាន់បាត រហូតដល់១សែនបាត ៕










