សហរដ្ឋអាមេរិក ៖ តាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Donald Trump បានកំណត់ឱ្យស្ថានទូតអាមេរិកនៅទូទាំងពិភពលោក ផ្អាកការណាត់ជួបនិស្សិតបរទេសមកស្នើសុំទិដ្ឋាការជាបណ្តោះអាសន្ន រួមទាំងមានវិធានការត្រួតពិនិត្យការប្រើប្រាស់បណ្តាញសង្គមរបស់និស្សិតបរទេសដែលសុំទិដ្ឋាការមករៀននៅអាមេរិកផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYvB993KefNpnShnhoOCdHatnOpphgWeHTjJqmHgtaX-EmRvK-Qg1_nDkCwcPm5kDnd6Eulp8izC4xAxlVz74Z_-lxvYBg6lgJdm0AtYGx1ABys-DJwUKQKuZKcrQqDfI2UWAz6skCt2seRqkTKOdCRXxgbUPchhjMj5C5bW4Ibg65s0cA-rHZ5MB4j0SV/s1600/image_2025-05-30_11-10-47.png
ក្នុងខ្លឹមសារសេចក្តីប្រកាសផ្ញើទៅកាន់ស្ថានទូតអាមេរិកជុំវិញពិភពលោក រដ្ឋមន្ត្រីក្រសួងការបរទេស លោក Marco Rubio បញ្ជាក់ថា ការផ្អាកណាត់ជួបជាមួយនិស្សិតបរទេសដែលស្នើសុំទិដ្ឋាការនៅស្ថានទូតអាមេរិក នឹងអនុវត្តរហូតដល់មានសេចក្តីប្រកាសបន្ថែម ។ សេចក្តីប្រកាសសរសេរថា ការពិនិត្យមើលទិន្នន័យការប្រើប្រាស់បណ្តាញសង្គមរបស់និស្សិតបរទេសដែលសុំទិដ្ឋាការមករៀននៅអាមេរិកនឹងកាន់តែតឹងរ៉ឹង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMZ9GPYi_dBerp7otTYv0X4STN8RKnEToyGb7LHa6J84clwFR7fnKzYZ9oOsECMq11wKUep67BaPB8TW17_O6cYSTjFXIZgl9bT8e3t5x5rMjJWXRy7CMLO8IuUOhCbQJkbcGCJ-tah1_mfF6OUJsaTTv2hwn1wdrKxrVqKBIl0OATzAOGTFsZxw2KAqiA/s1440/image_2025-05-30_11-10-48%20(2).png
ការផ្អាកណាត់ជួបជាមួយនិស្សិតបរទេស គឺស្របពេលមានភាពតានតឹងរវាងលោក Trump ជាមួយសាកលវិទ្យាល័យឈានមុខជាច្រើននៅអាមេរិក ដោយលោក Trump ចោទប្រកាន់ថា សាកលវិទ្យាល័យឈានមុខមានគំនិតឆ្វេងជ្រុល និងមានគោលការណ៍ទទួលយកនិស្សិតចូលរៀនដោយគ្មានភាពយុត្តិធម៌ ។ កាលពីថ្ងៃទី២៧ ខែឧសភា ស្ថានទូតអាមេរិកនៅទូទាំងពិភពលោក ត្រូវបានកំណត់ឱ្យលុបការណាត់ជួបនិស្សិតបរទេសដែលមកសុំទិដ្ឋាការ លើកលែងតែនិស្សិតដែលទទួលបានការបញ្ជាក់រួចហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisimLr1k9q6_GHNLuEUBN8VJ3BNfyQT1jo-fdCa0SUlMfJEwGDoP8nTGPO-7YIVJvErEZfCsASOrPmV3gZMEWDPhLgbqtbOVfd9KSHRA7Vqc71-TqrnsaOoITd_azWgQQVZHCF6WgeVyHil0pPbu1onImGsolQK_ryLljk0EM8jSUBiG4dYj6autfsIoL1/s690/image_2025-05-30_11-10-48.png

ក្រៅពីនេះ ក្រសួងការបរទេសអាមេរិកនឹងពិនិត្យមើលបណ្តាញសង្គមរបស់និស្សិតបរទេសដែលសុំទិដ្ឋាការទាំងអស់ ប៉ុន្តែពុំបានបញ្ជាក់ច្បាស់លាស់ថា តើនឹងពិនិត្យមើលខ្លឹមសារ និងការបង្ហោះប្រភេទណាខ្លះ? ជាទូទៅ និស្សិតបរទេសដែលមានគោលបំណងបន្តការសិក្សានៅអាមេរិក ចាំបាច់ត្រូវណាត់ជួបសម្ភាសន៍ជាមួយមន្ត្រីស្ថានទូតអាមេរិកក្នុងប្រទេសរបស់ខ្លួន មុនពេលស្ថានទូតអនុម័តទិដ្ឋាការ ។ រីឯសាកលវិទ្យាល័យជាច្រើននៅអាមេរិកទទួលបានចំណូលពីនិស្សិតបរទេស ដែលត្រូវបង់ថ្លៃសាលាខ្ពស់ជាងនិស្សិតអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiB74yaAMFj9rLc9BjlttBBypxiyoBd6AGm-RGUH09hibaMq9nwv3FJ49qWtw6ArT5mXPjfTUVnbsaVBx1wojp_VltrOXT68c9mkaTcGw8WxsewBgL2f8ELaQH6mIqsi99E-rWbAGzshBXSEmobLELNop20wwzmUyQegdakngp7gisvXuPqdhpkQRodWKB/s1200/photo_2025-05-29_16-04-47.jpg

រដ្ឋាភិបាលរបស់លោក Trump ធ្លាប់ឱ្យផ្អាកថវិការាប់លានដុល្លារដែលបែងចែកទៅឱ្យសាកលវិទ្យាល័យ និងព្យាយាមបណ្តេញនិស្សិតបរទេស រួមទាំងលុបចោលទិដ្ឋាការសិក្សារបស់និស្សិតបរទេសរាប់ពាន់នាក់ ។ កន្លងមក រដ្ឋាភិបាលអាមេរិកបានដកហូតសិទ្ធិរបស់សាកលវិទ្យាល័យ Harvard ដោយពុំអនុញ្ញាតឱ្យទទួលនិស្សិត និងអ្នកស្រាវជ្រាវបរទេស ប៉ុន្តែតុលាការអាមេរិកបានរារាំងការដកហូតសិទ្ធិនេះ ។ បើតុលាការអាមេរិកពុំរារាំងទេ វាអាចប៉ះពាល់ដល់សាកលវិទ្យាល័យ Harvard ដែលមាននិស្សិតបរទេសកំពុងសិក្សាជាង២៥% ក្នុងចំណោមនិស្សិតបរទេសសរុប ៕