សហរដ្ឋអាមេរិក ៖ បច្ចុប្បន្ន អាមេរិកមានបញ្ហាសេដ្ឋកិច្ច នយោបាយ និងសង្គម ធ្វើឱ្យពលរដ្ឋអាមេរិកកាន់តែច្រើនស្វែងរកទីលំនៅថ្មីនៅក្រៅប្រទេស ក្នុងនោះព័រទុយហ្គាល់ បានក្លាយជាប្រទេសមួយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋអាមេរិកដែលចង់ផ្លាស់ប្តូរទីលំនៅ ដោយសារការចំណាយក្នុងជីវភាពប្រចាំថ្ងៃនៅព័រទុយហ្គាល់ ថោកជាងអាមេរិក រហូតដល់៤០% និងជាប្រទេសមានសុវត្ថិភាពបំផុត ។ រីឯការចំណាយប្រចាំថ្ងៃនៅអាមេរិកខ្ពស់ បើទោះជាអត្រាអតិផរណាអាមេរិកចាប់ផ្តើមធ្លាក់ចុះ ប៉ុន្តែតម្លៃទំនិញ និងសេវាកម្មកើនឡើងជាបន្តបន្ទាប់ ។

មូលហេតុមួយទៀតជំរុញឱ្យពលរដ្ឋអាមេរិកចាកចេញពីប្រទេសរបស់ខ្លួន ដោយសារការគ្រប់គ្រងប្រព័ន្ធសុខាភិបាលនៅអាមេរិកគ្មានប្រសិទ្ធភាព ទោះជារដ្ឋាភិបាលអាមេរិកបានចំណាយថវិកាលើកកម្ពស់ប្រព័ន្ធសុខាភិបាលច្រើនជាងប្រទេសនានា ប៉ុន្តែអាមេរិកបែរជាប្រឈមនឹងបញ្ហាការគ្រប់គ្រងសុខាភិបាល ។ ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard បញ្ជាក់ថា អាមេរិកទទួលបានពិន្ទុទាបបំផុតផ្នែកការទទួលយកសេវាព្យាបាលសុខភាពរបស់ពលរដ្ឋ អត្រាធ្វើអត្តឃាត និងការស្លាប់របស់ស្ត្រីមានផ្ទៃពោះ ហើយចំណុចសំខាន់ គឺពលរដ្ឋអាមេរិកបានចំណាយប្រាក់ច្រើនក្នុងការថែទាំសុខភាព បែរជាទទួលបានសេវាថែទាំសុខភាពមិនល្អ ។.png)
ការរកការងារធ្វើនៅអាមេរិកក៏ប្រឈមនឹងបញ្ហាដែរ ដោយសារពលរដ្ឋអាមេរិកស្មើ៥៤% ឬប្រមាណ១៣០លាននាក់ មានសមត្ថភាពអានអក្សរស្មើកូនសិស្សរៀនថ្នាក់បឋមសិក្សាទី៦ ។ លើសពីនេះ អាមេរិកគ្មានច្បាប់បង្ខំឱ្យនិយោជកផ្តល់ប្រាក់ឱ្យបុគ្គលិកពេលឈប់សម្រាកលំហែមាតុភាព និងឈប់សម្រាប់រដូវក្តៅ ដែលខុសគ្នាពីប្រទេសអភិវឌ្ឍន៍នានា ។
ចំណែកការចំណាយផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃនៅព័រទុយហ្គាល់ ដែលជាប្រទេសស្ថិតនៅភាគខាងត្បូងតំបន់អឺរ៉ុប គឺទាបជាងអាមេរិករហូតដល់៤០% ទើបធ្វើឱ្យពលរដ្ឋមកប្រទេសនានា ក៏ដូចជាពលរដ្ឋអាមេរិកចង់មករស់នៅព័រទុយហ្គាល់ ។ ក្រៅពីនេះ ព័រទុយហ្គាល់ មានអាកាសធាតុល្អ ហើយស្ថិតក្នុងចំណោមប្រទេសមានសុវត្ថិភាពបំផុតក្នុងចំណោម១០ប្រទេសនៅលើពិភពលោក ដែលស្ត្រីអាចធ្វើដំណើរម្នាក់ឯងនៅទីសាធារណៈដោយគ្មានគ្រោះថ្នាក់ ។
រដ្ឋាភិបាលព័រទុយហ្គាល់មានគោលនយោបាយទទួលជនបរទេសជាច្រើនមករស់នៅ តាមរយៈការផ្តល់ទិដ្ឋាការសម្រាប់ពលករប្រទេសជិតខាង និងផ្តល់ទិដ្ឋាការដល់ជនបរទេសដែលមានចំណូលទៀងទាត់អាចប្តូរទីលំនៅមករស់នៅព័រទុយហ្គាល់បាន ។ កត្តាទាំងនេះបានទាក់ទាញចំណាប់អារម្មណ៍ពលរដ្ឋអាមេរិកយ៉ាងខ្លាំង ដែលចង់គេចខ្លួនពីភាពពុំប្រាកដប្រជា និងបញ្ហាប្រឈមនានានៅអាមេរិក ៕










