ក្រោយពេលអាហាររួច គួរតែបរិភោគចំណី និងផឹកភេសជ្ជៈសុខភាពមួយចំនួន រួមទាំងធ្វើសកម្មភាពខ្លះៗដើម្បីជួយដល់ការរំលាយអាហារ ឬចៀសវាងផលប៉ះពាល់សុខភាពផ្សេងៗ ដូចជា ៖ ឆ្អល់ពោះ និងហើមពោះ ។
អ្នកជំនាញផ្នែកចំណីអាហារបានណែនាំឱ្យអនុវត្ត៣ចំណុចនេះក្រោយអាហាររួច ដូចជា ៖
១-គួរផឹកតែរុក្ខជាតិក្រោយបរិភោគអាហាររួច ដើម្បីជួយដល់ប្រព័ន្ធរំលាយអាហារ និងកុំឱ្យហើមពោះ ។
២-បរិភោគចំណីអាហារជួយឱ្យអារម្មណ៍ល្អ ដូចជា ៖ សូកូឡា ប៉ុន្តែត្រូវបរិភោគក្នុងបរិមាណសមល្មម ពីព្រោះសូកូឡាមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលផ្តល់ប្រយោជន៍ដល់សុខភាពបេះដូង និងមានអារម្មណ៍ល្អ ។
៣-ការដើរតិចៗនឹងជួយដល់ការរំលាយអាហារ, ជំរុញឱ្យការរំលាយអាហារកាន់តែឆាប់រហ័ស និងជួយពោះវៀន ។
ក្រៅពីការអនុវត្ត៣ចំណុចនេះក្រោយពេលបរិភោគអាហាររួច អ្នកជំនាញចំណីអាហារ ក៏បានហាមអនុវត្ត៣ចំណុចក្រោយបរិភោគអាហារផងដែរ ពីព្រោះទង្វើមួយចំនួនធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ ឬបាត់បង់ជីវិត ។ តើមានចំណុចអ្វីខ្លះដែលហាមធ្វើក្រោយបរិភោគអាហារ?
១-ហាមផឹកភេសជ្ជៈហ្គាសក្រោយអាហារ ៖ ហាមផឹកភេសជ្ជៈហ្គាសក្រោយបរិភោគអាហាររួច ជាពិសេស អ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារ និងដំបៅក្រពះ ដោយសារភេសជ្ជៈមានហ្គាសច្រើនធ្វើឱ្យអាការៈជំងឺកាន់តែធ្ងន់ធ្ងរ ។
២-ហាមងូតទឹកក្រោយអាហារ ៖ ការងូតទឹកភ្លាមៗក្រោយបរិភោគអាហារ គឺមានគ្រោះថ្នាក់ខ្លាំងសម្រាប់សុខភាព ពីព្រោះពេលយើងបរិភោគអាហាររួច ឈាមភាគច្រើននឹងប្រមូលផ្តុំនៅក្រពះអាហារដើម្បីជួយជំរុញការរំលាយអាហារ ។ ហេតុនេះ ការងូតទឹកក្រោយអាហារ ជាពិសេស ការងូតទឹកក្តៅឧណ្ឌៗនឹងធ្វើឱ្យងងឹតមុខដួល ឬបាត់បង់ជីវិត ។
៣-ហាមផឹកទឹកច្រើនក្រោយអាហារ ៖ មនុស្សមួយចំនួនបានផឹកទឹកយ៉ាងច្រើនក្រោយអាហារ គឺចាប់ពី១លីត្រ រហូតដល់ជាង១លីត្រ ដោយសារពួកគេយល់ថា វានឹងជួយជំរុញដល់ការរំលាយអាហារ ។ ផ្ទុយទៅវិញ ការធ្វើបែបនេះនឹងបណ្តាលឱ្យប្រព័ន្ធរំលាយអាហារដំណើរការខុសប្រក្រតី ឬហាមពោះ ៕