យើងតែងតែបានឮពាក្យថា ការក្រោកពីព្រឹកព្រលឹមនឹងល្អសម្រាប់សុខភាព ប៉ុន្តែការក្រោកព្រឹកព្រលឹមនោះ គួរតែក្រោកនៅម៉ោងប៉ុន្មានទើបល្អសម្រាប់សុខភាព និងមានអាយុវែង ។ តាមការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក បង្ហាញថា អ្នកក្រោកក្នុងចន្លោះចាប់ពីម៉ោង៥ភ្លឺ ដល់ម៉ោង៧ព្រឹក នឹងមានសុខភាពល្អ ព្រមទាំងមានអាយុវែងជាងអ្នកក្រោកនៅម៉ោងខុសពីនេះ រហូតដល់២០ឆ្នាំ ។
អ្នកស្រាវជ្រាវអាមេរិកឱ្យដឹងថា នាឡិកាជីវសាស្ត្ររបស់មនុស្សបានធ្វើការជាប្រព័ន្ធ ដោយកំណត់ការសម្រាន្តលក់ និងសុខភាពទូទៅ ។ បើយើងគោរពការធ្វើការរបស់នាឡិកាជីវសាស្ត្រតាមធម្មជាតិ ដូចជា ៖ ធ្វើការ និងសម្រាកតាមពេលវេលាសមស្រប គឺយើងនឹងមានសុខភាពល្អបំផុត ហើយសរីរាង្គផ្សេងៗរបស់រាងកាយនឹងធ្វើការបានល្អ ១០០% ។
ផ្ទុយទៅវិញ បើចូលសម្រាន្តយប់ជ្រៅពេក ឬសម្រាន្តច្រើនម៉ោង រហូតដល់រារាំងដល់ការធ្វើការរបស់នាឡិកាជីវសាស្ត្រ យើងនឹងប្រឈមបញ្ហាសុខភាពជាច្រើន ដូចជា ៖ អរម៉ូនពុំប្រក្រតី ឬប្រព័ន្ធការពាររាងកាយចុះខ្សោយ ឬមានអាយុខ្លី ។ ក្រៅពីនេះ គួរតែធ្វើ៣យ៉ាងនេះនៅពេលព្រឹក ដើម្បីជួយឱ្យមានអាយុវែង និងសុខភាពល្អ គឺ ៖
១-ដកដង្ហើមវែងៗ ៖ ការដកដង្ហើមវែងៗពេលព្រឹក គឺជួយដល់ការបំពេញមុខងាររបស់បេះដូង និងសួតឱ្យល្អប្រសើរឡើង, ធ្វើឱ្យចរន្តឈាមរត់ល្អ, កាត់បន្ថយភាពតានតឹងផ្លូវចិត្ត និងមានអារម្មណ៍ល្អ ។
២-ផឹកទឹកក្តៅឧណ្ឌៗ ៖ ការផឹកទឹកក្តៅឧណ្ឌៗក្រោយភ្ញាក់ពីសម្រាន្តពេលព្រឹក នឹងជួយបង្កើនការរំលាយអាហារ និងបណ្តេញជាតិពុលនានាចេញពីក្នុងរាងកាយ ។
៣-ហាត់ប្រាណ ៖ ការហាត់ប្រាណពេលព្រឹកផ្តល់ផលល្អដល់សុខភាព, កាត់បន្ថយហានិភ័យពីជំងឺរ៉ាំរ៉ៃ, ធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា និងមានថាមពលពេញមួយថ្ងៃ ៕