ផោម គឺជាការដើរខ្យល់តាមធម្មជាតិ វាប្រសើរបំផុត បើបានផោមចេញក្រៅដើម្បីបញ្ចេញជាតិហ្គាសប្រមូលផ្តុំក្នុងពោះ ។ ជាតិហ្គាសទាំងនេះកើតឡើងពេលយើងទទួលថាមពលពីចំណីអាហារ ប៉ុន្តែមនុស្សភាគច្រើនពុំចូលចិត្តក្លិនផោម និងគិតថា ផោមមិនល្អ និងពុំគួរផោមនៅទីសាធារណៈ ។ ប៉ុន្តែអ្នកជំនាញសុខភាពអះអាងថា ការផោម និងហិតក្លិនផោម ផ្តល់នូវអត្ថប្រយោជន៍ច្រើនដល់សុខភាព ។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃការផោម និងការស្រូបក្លិនផោម ៖
១-កាត់បន្ថយឈឺពោះ ៖ ក្រោយពេលបរិភោគអាហារនឹងមានការប្រមូលផ្តុំជាតិហ្គាសក្នុងពោះ ខណៈអាហារមួយចំនួនកាន់តែជំរុញឱ្យមានជាតិហ្គាសខ្លាំងឡើងដែលបណ្តាលឱ្យឈឺពោះ ។ ប៉ុន្តែការឈឺពោះនឹងកាត់បន្ថយភ្លាមៗ ប្រសិនបើយើងបានផោមបញ្ចេញជាតិហ្គាសមកក្រៅ ។
២-កាត់បន្ថយហើមពោះ ៖ ការហើមពោះបណ្តាលមកពីក្នុងពោះមានជាតិហ្គាសច្រើនពេក ។ ក្រៅពីលេបថ្នាំ គឺមានតែវិធីមួយគត់ដែលអាចកាត់បន្ថយការហើមពោះបាន គឺផោម ដោយសារវានឹងបញ្ចេញជាតិហ្គាសក្នុងពោះយ៉ាងឆាប់រហ័ស ។
៣-កាត់បន្ថយហានិភ័យជំងឺពោះវៀន ៖ ហាមព្យាយាមរក្សាទុកជាតិហ្គាសក្នុងរាងកាយ ឬទប់ផោមកុំឱ្យចេញក្រៅ ពីព្រោះវានឹងធ្វើឱ្យប៉ះពាល់ពោះវៀន ។ គួរតែបញ្ចេញផោមឱ្យដើរខ្យល់តាមធម្មជាតិដើម្បីកុំឱ្យពោះវៀនមានបញ្ហា ។
៤-ការផោមប្រាប់ពីអាការៈពុលអាហារ ៖ អាហារមួយចំនួនមិនត្រូវគ្នាជាមួយរាងកាយទេ ប៉ុន្តែយើងអាចសង្កេតតាមរយៈការផោម ។ បើផោមញឹកញាប់ក្រោយពេលបរិភោគអាហារណាមួយ គឺត្រូវឈប់បរិភោគអាហារនោះ ដើម្បីកុំឱ្យពុលអាហារកាន់តែខ្លាំង ។
៥-ការផោមប្រាប់ពីតុល្យភាពរបបអាហារ ៖ ការផោម គឺជាសញ្ញាល្អប្រាប់ពីតុល្យភាពរបបអាហារដែលបានបរិភោគ ពីព្រោះបើយើងបរិភោគបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិជាញឹកញាប់ ក្រៅពីជួយសម្រួលដល់ការបន្ទោរបង់ យើងនឹងផោមញឹកញាប់ផងដែរ ។ ផ្ទុយទៅវិញ ការផោមតិចតួច គឺបណ្តាលមកពីការបរិភោគអាហារមានស្ករច្រើនពេក ដែលមិនល្អដល់សុខភាព ។
៦-ហិតក្លិនផោមកាត់បន្ថយហានិភ័យជំងឺបេះដូង ៖ ការហិតក្លិនផោមក៏មានប្រយោជន៍ដែរទោះជាក្លិនផោមពុំគួរឱ្យស្រូបចូលច្រមុះក្តី ។ ការស្រាវជ្រាវបញ្ជាក់ថា ការហិតក្លិនផោមអាចជួយកាត់បន្ថយសម្ពាធឈាម និងជួយឱ្យសរសៃឈាមរឹងមាំ ដែលកាត់បន្ថយហានិភ័យជំងឺបេះដូង ។ បើទោះជានេះជាការស្រាវជ្រាវទៅលើសត្វ ប៉ុន្តែអ្នកជំនាញសន្និដ្ឋានថា វាគួរតែមានលទ្ធផលដូចគ្នាជាមួយមនុស្ស ។
៧-ហិតក្លិនផោមការពារការខូចខួរក្បាល ៖ ក្រៅពីការហិតក្លិនផោមល្អសម្រាប់បេះដូងហើយ វាក៏ជួយការពារការខូចខួរក្បាលផងដែរ ។ ការស្រាវជ្រាវកាលពីឆ្នាំ២០១៦ បង្ហាញថា ការហិតក្លិនផោមអាចការពារការខូចខួរក្បាល ពីព្រោះក្នុងផោមមានជាតិហ្គាសអ៊ីដ្រូសែនសាន់សាយ ដែលមានតួនាទីកាត់បន្ថយផលប៉ះពាល់ខួរក្បាល ទើបធ្វើឱ្យការហិតក្លិនផោមផ្តល់អត្ថប្រយោជន៍ដល់សុខភាព ។
សរុបមក គួរតែផោម ល្អជាងព្យាយាមទប់វា ប៉ុន្តែបើអាចធ្វើបាន គួរជ្រើសរើសទីកន្លែង និងពេលវេលា រួមទាំងសង្កេតការផ្លាស់ប្តូរផោមរបស់ខ្លួន ។ កុំខ្លាចក្នុងការផោម បើក្លិនរបស់វាពុំប៉ះពាល់អ្នកដទៃ គួរផោមចេញក្រៅដើម្បីផ្តល់ប្រយោជន៍ដល់សុខភាព ៕