លោក អ៊ិន វិចិត្រ បានសម្តែងការអាក់អន់ចិត្តក្នុងការប្រកួតកម្មវិធីបវរកញ្ញាដែលលោករៀបចំកម្ពុជាធ្វើជាម្ចាស់ផ្ទះមិនសូវទទួលបានការគាំទ្រពីទស្សនិកជនប៉ុន្តែបែរល្បីក្នុងពេលដែល Sasha Star
Miss Teen Icon International 2025 បង្ហាញកាយវិការមិនសមរម្យរហូតដល់ចេញ សេចក្តីថ្លែងការសូមទោសជាសាធារណៈ។ ជាមួយគ្នានេះលោក អ៊ិន វិចិត្រ សង្ឃឹមថាទស្សនិកជននឹងអភ័យទោសទៅដល់ Miss Teen Icon International 2025។
បន្ទាប់ពី Sasha Star ចេញមកសូមទោសចំពោះកំហុសឆ្គងរបស់ខ្លួន លោក អ៊ិន វិចិត្រ បានចេញមកបង្ហោះសំណេរជាបន្តបន្ទាប់ថា «ពេលភ្ញៀវបរទេសមកលេងផ្ទះយើងហើយ យើងរៀបចំម្ហូបឱ្យគាត់ញុំាម្ហូបខ្លះគាត់ញុំាបាន ម្ហូបខ្លះគាត់ញុំាអត់បាន វាជារឿងធម្មតា។ សម្រាប់កំហុសរបស់Sasha គឺគាត់គួរតែបង្ហាញ ការគោរពទៅលើម្ហូបម្ចាស់ផ្ទះរៀបចំឱ្យ។ កំហុសនេះ មិនគួរជាការធំដុំពេកទេ ដែលត្រូវកាត់ទោសគាត់មួយជីវិតគាត់នៅជាយុវវ័យ នៅឡើយ សម្រាប់ខ្ញុំ គាត់ដឹងខុស គាត់សុំទោស ហើយសន្យានឹងកែខ្លួនឱ្យល្អខ្ញុំគិតថា បងប្អូនគួរយោគយល់គាត់។ប៉ុន្តែការគិតម្នាក់ៗខុសៗគ្នាខ្ញុំសុំបងប្អូនយោគយល់ទៅលើបញ្ហានេះ បើបងប្អូនមានគំនិតផ្ទុយខ្ញុំ»។
នាយកប្រតិបត្តិ Media Load រូបនេះបានបង្ហោះសំណេរមួយទៀតថា ក្នុងន័យថាប្រសិនជាមិនពេញចិត្តបវរកញ្ញារូបនេះសុំបញ្ចេញយោបល់ដោយមានសុជីវធម៌ លោកមិនបិទការបញ្ចេញមតិទេ តែខ្ញុំសុំកុំឱ្យមានការជេរប្រទិចគ្នា ឬហិង្សាពាក្យសម្តី ដែលពេលនេះនាងនៅជាយុវវ័យនៅឡើយ។ លោកក៏បញ្ជាក់ដែរថានាងជាលោកខាងលិច មានចរិតត្រង់ៗបើមិនចូលចិត្តអ្វីនឹងនិយាយភ្លាមៗហើយការអត់ឱន និងស្វាគមន៍រាប់អាន ជាភាពទន់ភ្លន់របស់ខ្មែរ។ លោក អ៊ិន វិចិត្រ ក៏បានបញ្ជាក់ដែរថាក្រុមការ ងាររបស់លោកនៅជាមួយ Sasha Star នាងគេងតែ ៣ -៤ ម៉ោងអីទេមួយយប់ៗ ហើយ មកកម្ពុជាមួយខែមុនការប្រកួតគឺបានផ្តល់តម្លៃដល់កម្មវិធីយើងណាស់ដែរ។

ជាមួយនឹងការលើកឡើងអំពីបវរកញ្ញា Sasha Star លោក អ៊ិន វិចិត្រ ក៏បានសម្តែងការ អន់ចិត្តដែលកម្មវិធីបវរកញ្ញារៀបចំនៅប្រទេសខ្លួនក្រោមក្រុមហ៊ុនរបស់លោកមិន សូវទទួលបានការសាទរទាំងប្រទេសដទៃៗគេសរសើរពីការរៀបចំកម្មវិធីលោក ។ លោកបានបញ្ជាក់ទៀតថា ការគាំទ្របវរកញ្ញាពិតគឺត្រូវធ្វើប្រចាំ រាល់ថ្ងៃ រាល់ពេល។ បើជា fan ពិតត្រូវទិញសំបុត្រទៅទស្សនា។ សុំឱ្យការគាំទ្របងប្អូនពិតប្រាកដឈឺឆ្អាលដើម្បីជាតិ ពិតប្រាកដ ដោយចូលរួមជាថវិការទិញសំបុត្រ ឬ sponsor ជាពេលវេលាទៅទស្សនាផ្ទាល់ កំលាំងជួយការងាររៀបចំដោយស្មគ្រចិត្ត ដើម្បីជាតិ។ លោកបានធ្វើកិច្ចការងារទាំងនេះ ហើយ ចំណាយកំលាំង និងលុយរាប់លានដុល្លារ»។

ជាមួយគ្នានេះលោក អ៊ិន វិចិត្រ ក៏បានរម្លឹកក្នុងការបញ្ជូនបវរកញ្ញារបស់ខ្លួនជិត៣០នាក់ លោកបានរួមចំណែកចេញជាថវិកា និងក្រុមការងារ ចំណាយរាប់សែនដុល្លារទាំងថ្លៃ franchise, ថ្លៃយន្តហោះ ថ្លៃប្រាក់ខែក្រុមការងារ ត្រូវចំណាយពេលវេលាច្រើន ដាច់បាយ ដាច់ទឹក។ពេលពួកគាត់ឈ្នះបានមកុដត្រឡប់មកវិញពេលខ្លះលោកត្រូវជួលមនុស្សឱ្យទៅទទួលគាត់ទៀតព្រោះស្ងាត់មនុស្សណាស់។ លោកបានសង្កត់ធ្ងន់ចុងក្រោយទៀតថា មិនបាច់បង្រៀនលោកឱ្យស្រលាញ់ជាតិទេ ព្រោះលោកកំពុងធ្វើវាជារាល់នាទី ទាំងថវិកា សកម្មភាព និងពេលវេលា៕










