កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ សារព័ត៌មាន South China Morning បានឲ្យដឹងថា ប្រជាជននៅតំបន់ជិតព្រំដែនភាគខាងជើងប្រទេសថៃ ត្រូវបានគេជូនដំណឹងអំពីបញ្ហាធំមួយទាក់ទងនឹងបរិស្ថាន គឺទន្លេកុក ដែលជាទន្លេសំខាន់មួយនៅខេត្តជៀងរ៉ាយ បានប្រែពណ៌ជាពណ៌ទឹកក្រូច។ អាជ្ញាធរបានពិនិត្យឃើញថា ទឹកក្នុងទន្លេនេះមានសារធាតុអាសេនិច (arsenic) ដែលជាសារធាតុគីមីពុល និងមានហានិភ័យខ្ពស់ចំពោះសុខភាពមនុស្ស។

សារធាតុពុលនេះត្រូវបានគេជឿជាក់ថា កើតចេញមកពីការជីកយករ៉ែ នៅតំបន់ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ដែលជាប់ព្រំដែនជាមួយប្រទេសថៃ។ នៅតំបន់នេះ មានការជីកយករ៉ែ “Rare Earth” ដែលជារ៉ែមានតម្លៃខ្ពស់មួយ ដែលត្រូវបានប្រើសម្រាប់ផលិតឧបករណ៍អេឡិចត្រូនិកដូចជា ទូរស័ព្ទដៃ កុំព្យូទ័រ ថ្មទូរស័ព្ទ និងរថយន្តអគ្គិសនីជាដើម។ បច្ចេកវិទ្យាដែលប្រើក្នុងការជីករ៉ែបែបនេះ មិនបានគ្រប់គ្រងយ៉ាងម៉ត់ចត់ឡើយ ដែលជាហេតុធ្វើឲ្យសារធាតុគីមីដូចជា អាសេនិច ហូរចូលក្នុងទឹកភ្លៀង ហើយច្រោះចូលមកទន្លេកុក។
គួរបញ្ជាក់ថា ទន្លេកុកគឺជាអ្នកផ្គត់ផ្គង់ទឹកសំខាន់បំផុតសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនថៃជាច្រើន។ ពួកគេប្រើទឹកនេះសម្រាប់ផឹក លាងសម្អាត ចិញ្ចឹមសត្វ ព្រមទាំងកសិកម្មនានាផងដែរ។ ការធ្វើឲ្យសារធាតុគីមីហូរចូលទឹកស្អាតនេះ បានបង្កការលំបាកយ៉ាងខ្លាំងដល់ជីវភាពរបស់ពួកគេ។ យ៉ាងណាមិញ អាជ្ញាធរថៃក៏បានចេញសេចក្ដីជូនដំណឹងផងដែរ ឲ្យប្រជាជនជៀសវាងការប្រើប្រាស់ទឹកពីទន្លេ។ ការនេះមានន័យថា មនុស្សជាច្រើនត្រូវរកទឹកពីប្រភពផ្សេង ដែលអាចនឹងមិនមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ឬមានការចំណាយថវិកាច្រើនជាងមុន។
ដូចគ្នានេះ រដ្ឋាភិបាលថៃកំពុងធ្វើការស៊ើបអង្កេតបន្ថែម និងពិភាក្សាជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយ ក៏ដូចជាការសហការជាមួយអង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិ ដើម្បីត្រួតពិនិត្យ និងសម្អាតទឹកជាដំណាក់កាល។ អាជ្ញាធរបានចេញព្រមានឲ្យប្រជាជនប្រុងប្រយ័ត្ន និងរកវិធីការពារសុខភាពរបស់ខ្លួន ដូចជាការមិនផឹកទឹកពីទន្លេ ឬធ្វើម្ហូបជាមួយទឹកនេះ។
ទោះជាយ៉ាងណា ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយលឿននោះទេ វាអាចនាំឲ្យមានបញ្ហាសុខភាពរាំរៃដល់ប្រជាជន ដូចជា ជំងឺស្បែក ជំងឺក្រពះ ឬសូម្បីតែជំងឺមហារីក។ បន្ថែមពីនេះ វាក៏អាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ត្រី និងសត្វដែលនៅក្នុងទន្លេនេះផងដែរ។ វាជាបញ្ហាមួយធំសម្រាប់ប្រទេសទាំងពីរ ដែលត្រូវការការសហការយ៉ាងខ្លាំង ដើម្បីការពារបរិស្ថាន និងជីវភាពប្រជាជន៕










