ថ្មីៗនេះ អាជ្ញាធរខេត្តបាត់ដំបងបានប្រកាសថា នឹងរៀបចំពិធីបុណ្យផ្លែឈើប្រចាំឆ្នាំ២០២៥ ដ៏ធំមិនធ្លាប់មាននៅប្រទេសកម្ពុជា នៅថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ដែលគ្រោងប្រារព្ធនៅកណ្តាលក្រុងបាត់ដំបង តែម្តង ក្រោមប្រធានបទ ៖«ទទួលទានទុរេនល្អ ភ្លក្សបាយអង្ករបាត់ដំបង » ។
យោងតាមប្រសាសន៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា អំឡុងខែមិថុនានេះជារដូវកាលដែលម្ចាស់ចំការផ្លែឈើដូចជាទុរេនជាដើម កំពុងសម្រុកប្រមូលផល ហើយក៏ជារដូវដែលភ្ញៀវទេសចរណ៍សម្រេចចិត្តមកលេងកំសាន្តនៅខេត្តបាត់ដំបង ជាពិសេសនៅតាមផ្លូវចូលតំបន់ចំការស្រុករតនមណ្ឌល និងស្រុកសំឡូតតែងមានការកកស្ទះរថយន្តជាហូរហែរ ដូចនេះរដ្ឋបាលខេត្តបាត់ដំបងក៏សម្រេចរៀបចំនូវកម្មវិធីបុណ្យផ្លែឈើនេះ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត ព្រោះភ្ញៀវទេសចរអាចចូលរួមការតាំងពិពណ៌ផ្លែឈើនៅក្នុងក្រុងផង និងតាមចំការផង។
ក្នុងបទបង្ហាញរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថាការត្រៀមរៀបចំពិធីបុណ្យផ្លែឈើបាត់ដំបងឆ្នាំ២០២៥នេះ គឺជាផ្នែកមួយនៅក្នុងការគាំទ្រ ដល់យុទ្ធនាការទេសចរណ៍រដូវកាលបៃតង ដែលមានការណែនាំពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជំរុញឱ្យរដូវកាលភ្លៀង ដែលជារដូវការ Low season មិនសូវមានភ្ញៀវទេសចរ ពីឆ្នាំនេះទៅប្រែឱ្យក្លាយជារដូវកាលបៃតង Green season ក្នុង អនុញ្ញាតឱ្យភ្ញៀវទទួលបានបទពិសោធន៍ថ្មីក្នុងដំណើរទស្សនកិច្ចនៅរដូវកាលភ្លៀង។
ក្នុងព្រឹត្តិការណ៍នេះនឹងមានកម្មវិធីប្រកួតញ៉ាំផ្លែឈើ ការប្រណាំងរែកផ្លែឈើ នឹងព្រឹត្តិការណ៍កំសាន្តជាច្រើនទៀត ដូចជាការប្រគុំតន្រ្តី និងមានប្រកួតកីឡាប្រដាល់ជាដើម ។ នេះគឺជាឱកាសបង្កើនទំនុកចិត្តដល់ភ្ញៀវ ដែលចង់ជាវផលិតផល ផល្លានុផល ក្នុងខេត្តបាត់ដំបងដែលមានដូចជា ផ្លែទុរេន ម្នាស់ សាវម៉ាវ មៀន ក្រូច ដូង ត្នោត ស្រកានាគ ស្វាយ និងផ្លែឈើជាច្រើនមុខទៀត រួមទាំងមាន បង្អែម និងអាហារជាច្រើនមុខ។ 
បន្ថែមពីនេះ ពិធីបុណ្យផ្លែឈើបាត់ដំបងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន រួមមានការចូលរួមលើកកម្ពស់សេដ្ឋកិច្ចដល់ប្រជាកសិករ, ជួយជម្រុញដលដល់វិស័យទេសចរណ៍ តាមរយៈការទាក់ទាញ ជម្រុញផលិតផល ដែលប្រជាកសិករបង្កបង្កើនផលបាន និងចូលរួមក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះខេត្តបាត់ដំបងផងដែរ៕










