សហរដ្ឋអាមេរិក ៖ ភ្នំភ្លើង Kilauea នៃរដ្ឋហាវ៉ៃ បានបង្ហាញភាពគួរឲ្យខ្លាចរបស់វា កាលពីយប់ថ្ងៃអាទិត្យ ដោយបា.ញ់ចេញនូវកម្អែភ្នំភ្លើងជាង 1,000 ហ្វីតទៅលើអាកាសរយៈពេល6ម៉ោងពេញ បន្ទាប់មកបានស្ងប់ស្ងាត់ទៅវិញនៅម៉ោង១០និង២៥នាទីយប់ ។ វាបានធ្វើឲ្យអ្នកស្រុកក្នុងតំបន់មានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំង ព្រោះពួកគេមិនដឹងទេថា តើវាអាចនឹងមានការផ្ទុះខ្លាំងក្លាជានេះទៀត ឬអត់?

យោងតាមការចុះផ្សាយរបស់ ABC News ផ្អែកលើរបាយការណ៍ដែលទទួលបានពីក្រុមអង្កេតភូមិសាស្ត្រភ្នំភ្លើងហាវ៉ៃ (HVO) របស់ហរដ្ឋអាមេរិកបានឲ្យដឹងថា ៖ កម្អែរភ្លើងដែលបានបា.ញ់ចេញមកក្រៅមានកម្ពស់ជាង 1000ហ្វីត (304.8ម៉េត្រ) ដែលកម្ពស់នេះគឺប្រហាក់ប្រហែលនឹងកម្ពស់នៃអគារ Empire State ឬប្រហែលពីរដងនៃកម្ពស់វិមាន Washington ។ កត្តានេះពិតជាគ្រោះថ្នា.ក់ខ្លាំងណាស់ ដែលក្នុងរយៈពេលត្រឹមតែ 30នាទីប៉ុណ្ណោះ យន្តហោះទាំងអស់ដែលហោះឆ្លងកាត់ទីនេះ ត្រូវបានផ្លាស់ប្តូរជើងហោះហើររបស់ពួកគេ ឬត្រូវហោះឲ្យបានខ្ពស់ជាងនេះ។
មន្ត្រីជំនាញនិយាយថា ការផ្ទុះនេះអាចបង្កគ្រោះថ្នាក់ជាច្រើន ដូច្នេះប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន។ ក្រៅពីភ្នំភ្លើងនេះបញ្ចេញកម្ដៅដ៏ក្ដៅ វាក៏បញ្ចេញនូវឧស្ម័នស្ពាន់ធ័រឌីអុកស៊ីតដ៏គ្រោះថ្នាក់ ដែលបង្កើតឲ្យមាននូវ “vog” (ផ្សែងអ័ព្ទភ្នំភ្លើង) នៅពេលដែលវាមានប្រតិកម្មនៅក្នុងបរិយាកាស នេះបើយោងតាម HVO ។

HVO បានព្រមានបន្ថែមទៀតថា កំទិចផេះភ្នំភ្លើងដែលអណ្តែតតាមអាកាស ក៏អាចប៉ះពាល់ដល់ស្បែក និងភ្នែករបស់មនុស្សផងដែរ។ លើសពីនេះទៀត កម្រិតខ្ពស់នៃឧស្ម័នភ្នំភ្លើងនៅក្នុងតំបន់នេះ បង្កហានិភ័យដល់អ្នកដែលនៅក្បែរនោះ ជាពិសេសអ្នកដែលមានបញ្ហាដកដង្ហើម។ .png)
គួរបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពរបស់ភ្នំនេះមានភាពស្ងប់ស្ងាត់ទៅវិញហើយ ប៉ុន្តែគេនៅមិនទាន់អនុញ្ញាតឲ្យមានការចេញចូលនៅតំបន់នោះទេ ព្រោះកម្អែភ្លើងបានគ្របដណ្ដប់ជុំវិញផ្ទៃដីជាង 132ហិចតា។ .png)
ចំណែកឯការព្យាករណ៍របស់អ្នកវិទ្យាសាស្រ្តបានឲ្យដឹងផងដែរថា អាចនឹងមានការផ្ទុះមួយទៀតក្នុងពេលឆាប់ៗនេះ។ ព្រោះបន្ទាប់ពីការផ្ទុះនីមួយៗ ភ្នំភ្លើងនេះនឹងចាប់ផ្តើមផ្ទុះឡើងម្ដងទៀត នៅពេល magma ដែលស្ថិតនៅក្រោមស្រទាប់ដីបានបង្កើនបរិមាណច្រើនទៅៗ នោះការផ្ទុះនឹងកើតមានឡើង ៕










