កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៥ រដ្ឋាភិបាលកូរ៉េខាងជើងបានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់បួននាក់ បន្ទាប់ពីបរាជ័យក្នុងការបាញ់បង្ហោះនាវាចម្បាំងថ្មីទម្ងន់ ៥,000 តោន។ នាវាកងទ័ពជើងទឹកនេះបានក្រឡាប់ និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលការបាញ់បង្ហោះចេញពីកន្លែងផលិតកប៉ាល់។ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានហៅឧបទ្ទវហេតុនេះថាជា “អំពើឧក្រិដ្ឋកម្ម” ដែលនាំឱ្យ “ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់ប្រទេសជាតិ”។ នេះបើតាមសារព័ត៌មានBBC។
មន្រ្តីដែលមានតួនាទីខ្ពស់បំផុតក្នុងចំណោមអ្នកត្រូវបានចាប់ខ្លួនគឺ លោក រី ហ្យុង សុន (Ri Hyong-son) ដែលជាអនុប្រធាននាយកដ្ឋានឧស្សាហកម្មយោធានៃគណបក្សកម្មករ និងជាសមាជិកនៃគណៈកម្មាធិការយោធាជាន់ខ្ពស់។ ខណៈពេលដដែលនោះ មន្រ្តីបីនាក់ផ្សេងទៀតមកពីកន្លែងផលិតកប៉ាល់នៅទីក្រុងចុងជីន (Chongjin shipyard) ដែលនាវាចម្បាំងត្រូវបានសាងសង់ ក៏ត្រូវបានចាប់ខ្លួនផងដែរ ដូចជា ប្រធានវិស្វករ ប្រធានគ្រប់គ្រងសំណង់ និងមន្ត្រីរដ្ឋបាល។
លោក គីម ជុងអ៊ុន បានស្តីបន្ទោសការបរាជ័យនេះ លើការធ្វើផែនការមិនល្អ គ្មានទំនួលខុសត្រូវ និងវិធីសាស្រ្តគ្មានវិទ្យាសាស្រ្ត។ លោកបានចោទប្រកាន់អ្នកដែលទទួលបន្ទុកថាជាអ្នកធ្វេសប្រហែស និងមិនអើពើនឹងស្តង់ដារវិស្វកម្មទំនើប។ លោកថា សកម្មភាពរបស់ពួកគេមិនត្រឹមតែជាការបរាជ័យផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអាម៉ាស់ផ្នែកនយោបាយ និងជាតិយ៉ាងធ្ងន់ធ្ងរដែរ។
គួរបញ្ជាក់ថា វាកម្រណាស់សម្រាប់កូរ៉េខាងជើងក្នុងការលាតត្រដាងជាសាធារណៈនូវការបរាជ័យក្នុងគម្រោងយោធារបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ប្រតិកម្មរហ័ស និងឃោរឃៅពីរដ្ឋាភិបាល ជាពិសេសការចាប់ខ្លួនមន្ត្រីកំពូលៗ បង្ហាញថាតើរបបនេះកំពុងចាត់វិធានការយ៉ាងធ្ងន់ធ្ងរប៉ុណ្ណា។ អ្នកវិភាគជឿថា ទង្វើនេះគូសបញ្ជាក់អំពីភាពបន្ទាន់ដែលកំពុងកើនឡើងរបស់ប្រទេសកូរ៉េខាងជើងក្នុងការពង្រឹងកងទ័ពជើងទឹក ព្រមទាំងពង្រីកអំណាចយោធារបស់ខ្លួនផងដែរ។.jpg)
ទោះជាយ៉ាងណា បច្ចុប្បន្ននាវាចម្បាំងដែលរងការខូចខាតកំពុងស្ថិតក្រោមការជួសជុល។ ត្រឹមតែប៉ុន្មានសប្តាហ៍មុនការបាញ់បង្ហោះដែលបរាជ័យ កូរ៉េខាងជើងបានបង្ហាញនាវាពិឃាតស្រដៀងគ្នានេះ ដែលលោក Kim បានសរសើរថាជារបកគំហើញក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹក។ នាវានោះត្រូវបានគេរំពឹងថានឹងត្រូវដាក់ពង្រាយនៅដើមឆ្នាំ២០២៦។

អ្នកជំនាញនិយាយថា កូរ៉េខាងជើងកំពុងបង្កើនការផ្តោតការយកចិត្តទុកដាក់លើការកសាងកម្លាំងយោធារបស់ខ្លួនទាំងនៅលើដី ផ្លូវអាកាស និងសមុទ្រ ហើយឧបទ្ទវហេតុនេះ(ទោះបីជាមានការថយក្រោយក៏ដោយ) បង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសនេះក្នុងការពង្រីកសមត្ថភាពការពាររបស់ខ្លួន៕










