ប្រទេសរុស្ស៊ី ៖ វ៉ាក់សាំងmRNA ប្រភេទថ្មី កំពុងបង្ហាញសញ្ញាពីភាគរយដែលអាចទៅរួចខ្ពស់ ក្នុងការចូលទៅជួយប្រព័ន្ធភាពស៊ាំក្នុងរាងកាយដើម្បីទទួលយក និងប្រឆាំងជាមួយកោសិកាមហារីក។ វាគឺជាការសន្យាដ៏អស្ចារ្យរបស់រុស្ស៊ី ក្នុងការបង្កើតថ្នាំទប់ស្កាត់ និងព្យាបាលជំងឺមហារីកនៅពេលអនាគត។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលរុស្ស៊ី ចេញផ្សាយដោយសារព័ត៌មាន TASS។

តាមរយៈការសិក្សារបស់អ្នកវិទ្យាសសាស្រ្តជាច្រើនប្រទេស ក្នុងការប្រើប្រាស់សមាសធាតុ mRNA ដើម្បីបង្កើតជាឳសថផ្សេងៗបានឲ្យដឹងថា វាជាជំហានដ៏សំខាន់មួយក្នុងការព្យាបាលនូវជំងឺកាចសាហាវដូចជា «ជំងឺមហារីក» បន្ទាប់ពីគេអាចយកវាទៅផលិតជាវ៉ាក់សាំងការពារជំងឺ COVID-19 កាលពីកន្លងមកនេះ។ 
ការសិក្សាពីបច្ចេកវិទ្យា mRNA ដំបូងកាលពី ឆ្នាំ 1990 របស់អ្នកវិទ្យាសាស្ត្រមកពីក្រុមហ៊ុនដូចជា Moderna (សហរដ្ឋអាមេរិក) និង BioNTech (អាឡឺម៉ង់) ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍ ការព្យាបាលជំងឺផ្អែកលើ ការជំនួយដល់ប្រព័ន្ធភាពស៊ាំ ទប់ស្កាត់ការឆ្លងនៃមេរោគផ្សេង និងបំផ្លាញកោសិកាមិនល្អនានានៅក្នុងរាងកាយ។ 
នៅក្នុងឆ្នាំ 2020 ដោយសារការរីករាលដាលនៃជំងឺCOVID-19 ទូទាំងសកលលោក បានជំរុញឲ្យមានការអភិវឌ្ឍ mRNA ទៅជាវ៉ាក់សាំងសម្រាប់ការពារCOVID បានដោយជោគជ័យ។ ក្រៅពីនេះ វាក៏ត្រូវបានគេយកទៅប្រើប្រាស់ក្នុងបង្កើតជាវ៉ាក់សាំងនៃជំងឺផ្សេងទៀតរួមមាន៖ ជំងឺZika ដែលឆ្លងដោយសត្វមូស, Rabies Virus ដែលជាជំងឺឆ្កែឆ្កួត, ជំងឺ Cytomegalovirus (CMV) ដែលកើតមានចំពោះស្រ្តីមានផ្ទៃពោះ និង បង្កើតជា Cancer vaccines សម្រាប់ការពារជំងឺមហារីក ប៉ុន្តែបច្ចុប្បន្នវានៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ។.jpg)
មានភស្តុតាងជាច្រើនដែលបង្ហាញពីលិទ្ធភាពរបស់ mRNA ក្នុងការកម្ចាត់កោសិកាមហាររីក ជាពិសេសទៅលើជំងឺមហារីកស្បែក (Melanoma), មហារីកសួត, មហារីកលំពែង និង ជំងឺមហារីក Colorectal ជាដើម។
បច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសរុស្ស៊ី កំពុងព្យាយាមអភិវឌ្ឍបច្ចេកវិទ្យានេះ ដើម្បីប្រើប្រាស់ mRNA ធ្វើជាវ៉ាក់សាំងការពារ និងថ្នាំព្យាបាលជំងឺមហារីក។ រុស្ស៊ីថែមទាំងបានសន្យាថា នៅពេលលទ្ធផលសាកល្បងជំហានបន្តបន្ទាប់ជោគជ័យ គេនឹងផ្ដល់ថ្នាំព្យាបាលនេះទៅកាន់ប្រជាជនរុស្ស៊ីទាំងអស់ដោយឥតគិតថ្លៃ។
គួរបញ្ជាក់ថា បើទោះជាពេលនេះវាមិនទាន់អាចដាក់ប្រើប្រាស់បានជាផ្លូវការក៏ពិតមែន ប៉ុន្តែអ្នកជំនាញជឿជាក់ថា វ៉ាក់សាំងនេះអាចនឹងបង្កើតការផ្លាស់ប្តូរយ៉ាងធំដល់វិធីសាស្ត្រព្យាបាលមហារីកក្នុងពេលអនាគតសម្រាប់អ្នកជំងឺទូទាំងពិភពលោក៕










