អគារបុរាណ មានអាយុកាលជាង១០០ឆ្នាំ ស្ថិតនៅផ្នែកពាយ័ព្យ នៃប្រាសាទបាយ័ន ខេត្តសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុល និងគ្រោងដាក់ឱ្យប្រើប្រាស់ឡើងវិញ ដើម្បីបម្រើឱ្យផ្នែកវិស័យទេសចរណ៍។
តាមប្រវត្តិសាស្រ្ត អគារនេះ ធ្លាប់ជាឃ្លាំងនៃអភិរក្សដ្ឋានទី១ ដែលបានកសាងឡើង តាំងពីសម័យបារាំងនោះ មានលក្ខណៈជារោង ត្រូវបានប្រើសម្រាប់បម្រើ ឱ្យការងារជួសជុស ប្រាសាទបុរាណនានា នៅក្នុងតំបន់អង្គរ។
អគារនេះ មានលក្ខណៈតូច មិនអាចពង្រីកបាន ព្រោះប៉ះពាល់ដល់ប្រាសាទ និងមិនអាចទ្រទ្រង់ការងារអភិរក្សដែលមានទំហំធំ ទើបអ្នកគ្រប់គ្រងពេលនោះ បានសម្រេចចិត្តប្តូរមកកសាងអគារអភិរក្សដ្ឋានថ្មី ដែលមានទីតាំងនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ទល់មុខវត្តព្រះឥន្ទកោសីយ រហូតដល់សព្វថ្ងៃ នេះវិញ។
ដោយឡែក ការប្រើប្រាស់អគារអភិរក្សទី១ឡើងវិញ គឺចង់ឱ្យកូនខ្មែរជំនាន់ក្រោយ បានយល់ដឹងពីប្រវត្តិសាស្ត្រ និងដំណើរនៃការជួសជុលអង្គរ កាលពីសម័យមុន៕.png)










