សហរដ្ឋអាមេរិក ៖ បុរសម្នាក់នៅរដ្ឋTexas បានចូលទៅញាំអាហារនៅក្នុងហាងមួយកន្លែងដែលមានឈ្មោះថា Whataburger និងបានកម្មង់ប៊ឺហ្គឺដោយស្នើសុំមិនយកខ្ទឹមបារាំង ប៉ុន្តែពេលបានអាហារគាត់រកឃើញថា ខាងហាងនៅតែដាក់វាមកឲ្យគាត់ដដែល ធ្វើឲ្យខឹ.ងជាខ្លាំង ព្រោះគាត់មានប្រតិកម្មអាឡែកហ្ស៊ីជាមួយខ្ទឹមបារាំង និងបានប្ដឹងទារប្រាក់ជិត 1លានដុល្លារពីហាងមួយនោះ។

លោក Demery Ardell Wilson ជាជនជាតិអាមេរិកនៅទីក្រុងហ៊ូស្តុន រដ្ឋតិចសាស បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនអាហារដែលមានឈ្មោះថា Whataburger ថាបានធ្វើឱ្យគាត់មានប្រតិកម្មអាលែហ្សីដោយសារតែខ្ទឹមបារាំងដែលមាននៅក្នុងប៊ឺហ្គឺ បន្ទាប់ពីគាត់បានស្នើសុំរួចហើយថាមិនឲ្យដាក់ទេ។ គាត់និយាយថាជាលទ្ធផល គាត់តម្រូវឱ្យមានការព្យាបាលនៅមន្ទីរពេទ្យ ព្រោះមានប្រតិកម្មធ្ងន់ធ្ងរ។ ពាក្យបណ្តឹងនេះត្រូវបានដាក់នៅតុលាការស្រុកហារីស កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ ដោយស្នើសុំសំណងចន្លោះពី $២៥០,០០០ ដល់ $១,០០០,០០០ ដុល្លារ។

លោក Wilson អះអាងថា Whataburger បានផ្ដល់សេវាកម្មដោយការធ្វេសប្រហែស និងមិនគោរពតាមសំណើរបស់អតិថិជន។ បន្ថែមពីនេះ លោកបានបន្តថា ម្ហូបដែលមានខ្ទឹមនោះមាន “កំហុសក្នុងការផលិត” និង “អាចបង្ករគ្រោះថ្នា..ក់មិនអាចទទួលយកបាន”។

ដោយឡែក ក្រុមហ៊ុន Whataburger បានបដិសេធផ្ដល់ការអត្ថធិប្បាយជាមួយសារព័ត៌មាន និងបានច្រានចោលការចោ.ទប្រកាន់ទាំងនេះ ព្រមទាំអបញ្ជាក់ថាពួកគេមិនបានដឹងថាម្ហូបនោះមានគ្រោះថ្នាក់ឡើយ។

គួរជម្រាបថា នេះមិនមែនជាលើកទី1ទេដែលលោក Wilson បានដាក់ពាក្យបណ្តឹងទៅកាន់ហាងអាហារដែលគាត់បានចូលញាំ។ កាលពីខែឧសភា ឆ្នាំ ២០២៤កន្លងទៅ លោកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងហាង Sonic Drive-In ផងដែរ និងចោ.ទប្រកាន់ថា អាហាររបស់ពួកគេក៏មានដាក់ខ្ទឹមបារាំង ដែលបណ្តាលឲ្យគាត់មានប្រតិកម្មអាឡែហ្ស៊ីដូចគ្នា។ ប៉ុន្តែពាក្យបណ្តឹងនោះត្រូវបានបដិសេធនៅខែបន្ទាប់ ដោយសារមិនមានភស្តុតាងគ្រប់គ្រាន់។

យ៉ាងណាមិញ បច្ចុប្បន្នបញ្ហារវាងបុរសខាងលើ និងហាង Whataburger កំពុងស្ថិតនៅក្នុងការដោះស្រាយនៅឡើយ។ ប៉ុន្តែករណីនេះបានបង្ហាញពីសារៈសំខាន់នៃការយកចិត្តទុកដាក់របស់ភោជនីយដ្ឋាន ចំពោះអតិថិជនដែលមានបញ្ហាអាឡែកហ្ស៊ី និងការទទួលខុសត្រូវក្នុងការបំពេញតាមសំណើរបស់អតិថិជនឲ្យបានត្រឹមត្រូច ចៀសវាងកើតមានបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ភាគីទាំងសងខាង៕