សហរដ្ឋអាមេរិក ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា អ្នកគ្រូបង្រៀនម្នាក់នៅអាមេរិកទ្រាំលែងបាន ក៏ដាក់ពាក្យលាឈប់ពីការងារ ដោយសារកូនសិស្សប្រើប្រាស់បច្ចេកវិទ្យា AI ធ្វើកិច្ចការសាលា រហូតលែងចេះអាន និងសរសេរអក្សរ ។ អ្នកគ្រូរូបនេះបារម្ភពីបច្ចេកវិទ្យា AI ធ្វើឱ្យប៉ះពាល់ដល់វិស័យអប់រំនាថ្ងៃអនាគត និងសំណូមពរឱ្យហាមឃាត់កូនសិស្សប្រើប្រាស់ រហូតដល់ចូលរៀនសាកលវិទ្យាល័យ ។
អ្នកនាង ហេនណា ម៉ារៀ គឺជាគ្រូបង្រៀននៅវិទ្យាល័យមួយកន្លែងនៅអាមេរិកធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីនាងបង្ហោះវីដេអូក្នុង TikTok និយាយថា នាងបានលាឈប់ពីការងារជាគ្រូបង្រៀនក្រោយពីបង្រៀនកូនសិស្សរយៈពេលជាង៣ឆ្នាំ ដោយសារបច្ចេកវិទ្យា AI កំពុងបំផ្លាញការអប់រំរបស់កុមារនាពេលបច្ចុប្បន្ន ដោយវីដេអូរបស់នាងមានចំនួនទស្សនារហូតដល់ជាង១លានលើក ។

បច្ចេកវិទ្យា AI បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ និងធ្វើឱ្យការបង្រៀនសិស្សកាន់តែពិបាក ដោយសារសិស្សពឹងផ្អែកលើបច្ចេកវិទ្យាឱ្យជួយធ្វើលំហាត់ និងឆ្លើយសំណួរផ្សេងៗជំនួស ។ ពួកគេពុំព្យាយាមប្រើប្រាស់សមត្ថភាពរបស់ខ្លួនទេ ហើយវាធ្វើឱ្យការសិក្សាធ្លាក់ចុះ ។ បច្ចេកវិទ្យាធ្វើឱ្យក្មេងៗលែងចេះអានអក្សរ និងចាប់អារម្មណ៍លើមេរៀនតិចជាងមុន ដោយពួកគេប្រើប្រាស់ឧបករណ៍អានជាសំឡេង ។ ក្រៅពីនេះ ពួកគេប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការកម្សាន្តប៉ុណ្ណោះ ប៉ុន្តែពុំរៀនសូត្រពីបច្ចេកវិទ្យា ។
អ្នកនាង ម៉ារៀ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន Fox News ថា នាងទើបតែលាឈប់ពីការងារគ្រូបង្រៀន ក្រោយពីបានបំពេញការងារនេះរយៈពេលជាង៣ឆ្នាំ ពីព្រោះនាងយល់ថា ការរៀនសូត្ររបស់សិស្សពុំល្អប្រសើរ ដោយសារពឹងផ្អែកលើបច្ចេកវិទ្យាខ្លាំងពេក ។ ពីដំបូង AI ជួយឱ្យការងារបង្រៀនមានប្រសិទ្ធភាព បើយើងបង្រៀនក្មេងៗឱ្យចេះប្រើប្រាស់វាយ៉ាងត្រឹមត្រូវ ប៉ុន្តែបើអនុញ្ញាតឱ្យពួកគេប្រើប្រាស់វាដោយសេរីក្នុងបន្ទប់រៀន ពួកគេនឹងពឹងលើវាជានិច្ច ហើយឈប់ធ្វើកិច្ចការសាលាដោយខ្លួនឯង ។.png)
អ្នកនាងបានឱ្យកូនសិស្សសរសេរអត្ថបទវែងៗ ហើយសង្កេតឃើញថា អត្ថបទដែលកូនសិស្សសរសេរប្រើប្រាស់ភាសាយ៉ាងត្រឹមត្រូវ ធ្វើឱ្យនាងឆ្ងល់យ៉ាងខ្លាំង ។ នាងក៏ប្រើប្រាស់ AI ឱ្យកែតម្រូវអត្ថបទសិស្ស គឺពួកគេយកអត្ថបទចេញពីកម្មវិធី ChatGPT ទាំងស្រុង បន្ទាប់មក នាងក៏ឱ្យពួកគេសរសេរអត្ថបទជាថ្មី ។ ប៉ុន្តែក៏មានកូនសិស្សខ្លះសរសេរអត្ថបទដោយខ្លួនឯងដែរ អ្នកនាងពុំបន្ទោសសិស្សទេ ប៉ុន្តែបច្ចេកវិទ្យាផ្តល់គុណវិបត្តិ ច្រើនជាងគុណសម្បត្តិ ។
ហេតុនេះ យើងគួរហាមឃាត់សិស្សកុំឱ្យប្រើប្រាស់បច្ចេកវិទ្យា រហូតដល់ពួកគេចូលរៀននៅសាកលវិទ្យាល័យ ។ គ្រូបង្រៀនគួរគិតពីបញ្ហានេះ ដោយតាមដានលទ្ធផលការសិក្សារបស់សិស្ស និងប្រៀបធៀបជាមួយសម័យពុំទាន់មានបច្ចេកវិទ្យា ។ បច្ចេកវិទ្យា AI ធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សយ៉ាងខ្លាំង ដូចជា ៖ ប៉ះពាល់ជំនាញការសរសេរ ការអាន និងវិភាគ ៕










