ផ្លូវជាតិលេខ៥ គឺជាខ្សែផ្លូវដ៏មានសក្តានុពលតភ្ជាប់ទំនាក់ទំនង ប្រជាជននៃខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តជាប់ព្រំប្រទល់គ្នា ហើយក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តយ៉ាងសំខាន់តភ្ជាប់ពីរាជធានីភ្នំពេញ ទៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត (ព្រំដែនកម្ពុជា-ថៃ)។.png)
ផ្លូវជាតិនេះ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលតភ្ជាប់គ្នារវាងរាជធានីភ្នំពេញ ទីក្រុងបាងកក និងទីក្រុងហូជីមិញ។
ផ្លូវជាតិលេខ៥ មានប្រវែងសរុប ៤០៧,៤៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។
ផ្លូវនេះ ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងក្នុងការបង្កើនការនាំចេញ-នាំចូល និងបម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការប្រកួតប្រជែងខ្លាំងសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ភស្តុភារកម្ម និងសេដ្ឋកិច្ចរបស់អាស៊ាន ក៏ដូចជាមហាអនុតំបន់មេគង្គ(GMS) ផងដែរ។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៥ ចំណាយពេលសាងសង់៥៥ខែ និងថវិកាជិត១៦៦លានដុល្លារ ក្រោមកម្ចីរបស់ជប៉ុន ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០២២៕










