ប្រទេសវៀតណាម ៖ រដ្ឋាភិបាលវៀតណាមបានអនុញ្ញាតឱ្យបើកក្រុមហ៊ុនអាកាសចរណ៍ថ្មី ឈ្មោះ «Sun PhuQuoc Airways» ដើម្បីទទួលភ្ញៀវទេសចរមកលេងនៅកោះ Phu Quoc (កោះត្រល់) ដោយកំណត់គោលដៅឱ្យក្រុមហ៊ុននេះមានយន្តហោះ រហូតដល់ជាង៣០គ្រឿង ក្នុងឆ្នាំ២០៣០ ។ នេះបើតាមការអះអាងរបស់ Sun Group គឺជាក្រុមហ៊ុនអាកាសចរណ៍មេរបស់ក្រុមហ៊ុន Sun PhuQuoc Airways មកកាន់សារព័ត៌មាន AFP កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ។
វិស័យអាកាសចរណ៍របស់ប្រទេសវៀតណាម បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារកំណើនពលរដ្ឋវៀតណាមមានជីវិតធូរធាកើនឡើង ហើយពួកគេមានប្រាក់គ្រប់គ្រាន់សម្រាប់ការធ្វើដំណើរតាមយន្តហោះ ។.png)
ក្រុមហ៊ុនអាកាសចរណ៍ Sun PhuQuoc Airways (SPA) នឹងទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកោះ Phu Quoc (កោះត្រល់) ដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាមឱ្យបានច្រើន ហើយកោះ Phu Quoc នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ភ្ញៀវទេសចរវៀតណាម និងបរទេស ។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនអាកាសចរណ៍ Sun Group ។
.png)
លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ថ្មីនឹងផ្តោតគោលដៅទាក់ទាញទេសចរណ៍ និងក្រុមហ៊ុនអាជីវកម្មធំៗជាច្រើននៅប្រទេសវៀតណាម និងទូទាំងពិភពលោក ។ ក្រុមហ៊ុន Sun Group បានវិនិយោគប្រាក់ក្នុងវិស័យអាកាសចរណ៍ ស្មើជិត១០០លានដុល្លារ និងមានគម្រោងបង្កើនយន្តហោះឱ្យបានចំនួន៣១គ្រឿង នៅឆ្នាំ២០៣០ ។ យន្តហោះដឹកអ្នកដំណើរដំបូងរបស់ក្រុមហ៊ុន Sun PhuQuoc Airways គឺនឹងចាប់ផ្តើមនៅត្រីមាសទី៤ ឆ្នាំ២០២៥ ។
ក្រៅពីវិស័យអាកាសចរណ៍ Sun Group គឺជាក្រុមហ៊ុនអចលនទ្រព្យ និងការកម្សាន្តដ៏ល្បីល្បាញ ហើយក្រុមហ៊ុននេះមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនកន្លែងទៀតនៅទូទាំងប្រទេស ។
គួរបញ្ជាក់ថា ប្រទេសវៀតណាមមានក្រុមហ៊ុនអាកាសចរណ៍ជាតិ ដូចជា ៖ ក្រុមហុម Vietnam Airlines និងក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Vietjet Air ។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways និង Vietravel Airlines ៕










