ការស្រាវជ្រាវថ្មីមួយរបស់ក្រុមអ្នកស្រាវជ្រាវចិនបានរកឃើញការពាក់ព័ន្ធគ្នារវាងភាពឯកា និងបាត់បង់ការស្តាប់ ហើយវាកើតឡើងទៅលើស្ត្រីច្រើនជាងបុរស គឺអ្នករស់នៅយ៉ាងឯកាប្រឈមមុខនឹងបាត់បង់ការស្តាប់ រហូតដល់២៤% បើប្រៀបធៀបនឹងមនុស្សទូទៅ ។ បើទោះជាអ្នកស្រាវជ្រាវព្យាយាមផ្លាស់ប្តូរវិធីសាស្ត្រវិភាគ ប៉ុន្តែនៅតែទទួលលទ្ធផលដដែលថា ភាពឯកោ និងបាត់បង់ការស្តាប់ ពិតជាពាក់ព័ន្ធនឹងគ្នា ។

ក្រុមអ្នកស្រាវជ្រាវចិនមកពីសាកលវិទ្យាល័យ Tianjin, Shenyang Medical College, Shengjing Hospital Medical College និងសាកលវិទ្យាល័យ Hong Kong បានផ្សព្វផ្សាយលទ្ធផលការស្រាវជ្រាវពាក់ព័ន្ធនឹងការស្តាប់ក្នុងសៀវភៅ Health Data Science កាលពីខែដើមខែឧសភា ឆ្នាំ២០២៥ ដែលបង្ហាញថា ភាពឯកាបានបង្កើនហានិភ័យធ្វើឱ្យបាត់បង់ការស្តាប់ច្រើនជាងមនុស្សទូទៅ ។
.jpg)
ការស្រាវជ្រាវពីការស្តាប់នេះ គឺក្រុមអ្នកស្រាវជ្រាវបានតាមដានការរស់នៅរបស់មនុស្សប្រមាណ៥សែននាក់ ក្នុងរយៈពេលជាង១២ឆ្នាំ ហើយលទ្ធផលបង្ហាញថា ភាពឯកោប្រឈមនឹងបាត់បង់ការស្តាប់ ។ ទោះជាក្រុមអ្នកស្រាវជ្រាវបានវិភាគពីរាងកាយ និងតាមដានការរស់នៅរបស់មនុស្សទាំងអស់ក្តី ប៉ុន្តែលទ្ធផលនៅតែបង្ហាញថា អ្នករស់នៅយ៉ាងឯកាប្រឈមមុខនឹងបាត់បង់ការស្តាប់ រហូតដល់២៤% ។
.jpg)
ការបាត់បង់ការស្តាប់ គឺជាបញ្ហាមួយផ្នែកសុខភាពដែលកើតឡើងជាញឹកញាប់ ហើយនៅលើពិភពលោក មានមនុស្សបាត់បង់ការស្តាប់ ប្រមាណ១ពាន់៥រយលាននាក់ បណ្តាលមកពីអាកប្បកិរិយា និងសុខភាព រីឯការបាត់បង់ការស្តាប់ដោយសារភាពឯកោ គឺទើបតែមានការស្រាវជ្រាវចុងក្រោយ ។ ការបាត់បង់ការស្តាប់បណ្តាលមកពីខូចត្រចៀកខាងក្នុង ឬខូចសរសៃប្រសាទត្រចៀក ហើយស្ត្រីប្រឈមនឹងបញ្ហានេះច្រើនជាងបុរស ។

កត្តាជាច្រើនបញ្ជាក់ពីមូលហេតុភាពឯកោធ្វើឱ្យប៉ះពាល់ដល់ការស្តាប់ ដូចជា ៖ ការរលាកដោយមិនដឹងខ្លួនដែលបណ្តាលមកពីភាពឯកា ភាពតានតឹង សម្ពាធឈាមខ្ពស់ ជំងឺរ៉ាំរ៉ៃ រួមទាំងការបរិភោគអាហារប៉ះពាល់សុខភាព និងការសម្រាកតិច ។ កត្តាទាំងនេះនឹងធ្វើឱ្យប្រព័ន្ធប្រសាទ រួមទាំងសរសៃប្រសាទត្រចៀកកាន់តែចុះខ្សោយ ។
.jpg)
ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា លទ្ធភាពស្រាវជ្រាវនៅតែមានភាពត្រឹមត្រូវ បើទោះជាពួកគេព្យាយាមផ្លាស់ប្តូរវិធីសាស្ត្រវិភាគ ឬកាត់បន្ថយការតាមដានមនុស្សឱ្យតិចជាងមុនក្តី ប៉ុន្តែនៅតែទទួលលទ្ធផលដដែល ៕