ប្រទេសជប៉ុន ៖ ជប៉ុនចាប់ផ្តើមអនុវត្តគម្រោងឱ្យភោជនីយដ្ឋាននានា និងពលរដ្ឋកាត់បន្ថយរសជាតិប្រៃក្នុងអាហារដើម្បីការពារការឡើងសម្ពាធឈាមខ្ពស់ និងផលប៉ះពាល់សុខភាព ពីព្រោះបើតាមលទ្ធផលស្ទង់មតិបង្ហាញថា ពលរដ្ឋជប៉ុនម្នាក់ ក្នុងចំណោម៣នាក់ មានសម្ពាធឈាមកើនឡើងខ្ពស់ ដោយសារបការដាក់អំបិលក្នុងអាហារច្រើនពេក ។

ក្រសួងសុខាភិបាលជប៉ុនបានបង្ហាញលទ្ធផលការស្ទង់មតិមួយ គឺពលរដ្ឋជប៉ុនបរិភោគអំបិលក្នុង១ថ្ងៃ ជាមធ្យមស្មើជាង៩ក្រាម ។ នេះជាបរិមាណអំបិលខ្ពស់ជាងការកំណត់របស់អង្គការសុខភាពិភពលោក (WHO) រហូតដល់ទ្វេដង ។ ហេតុនេះ ដើម្បីឱ្យភោជនីយដ្ឋាននានាដាក់អំបិលក្នុងអាហារតិចជាងមុន សាលាក្រុងតូក្យូ បានផ្តល់លិខិតបញ្ជាក់ទៅភោជនីយដ្ឋានណាដែលគ្រប់គ្រងបរិមាណអំបិលក្នុងអាហារគ្រប់មុខ ។ 
ការចេញលិខិតបញ្ជាក់នេះ គឺដើម្បីឱ្យអតិថិជនដែលចូលបរិភោគអាហារដឹងថា តើភោជនីយដ្ឋានណាខ្លះបានគ្រប់គ្រងបរិមាណអំបិលក្នុងអាហារ ឬមិនដាក់អំបិលក្នុងអាហារច្រើនពេក ពីព្រោះពលរដ្ឋជប៉ុនមួយចំនួនងាកមកចាប់អារម្មណ៍ថែទាំសុខភាព និងបរិភោគអាហារប្រៃតិចជាងមុន ។
នៅឆ្នាំ២០២៥ មានភោជនីយដ្ឋានចំនួន៧៣កន្លែង នៅទីក្រុងតូក្យូ ទទួលបានលិខិតបញ្ជាក់ពីសាលាក្រុង ស្តីពីការគ្រប់គ្រងបរិមាណអំបិលក្នុងអាហារ ។ តាមធម្មតា អាហារជប៉ុនបានផ្សំគ្រឿងដោយដាក់អំបិលយ៉ាងច្រើន ទើបធ្វើឱ្យពលរដ្ឋជប៉ុនចូលចិត្តបរិភោគអាហារមានរសជាតិប្រៃ ហើយការផ្លាស់ប្តូរទម្លាប់បរិភោគអាហារ គឺជប៉ុនត្រូវចំណាយពេលយូរ ។ .png)
បច្ចុប្បន្ន ភោជនីយដ្ឋានជាច្រើនកន្លែងនៅប្រទេសជប៉ុនចាប់ផ្តើមកាត់បន្ថយអំបិលក្នុងអាហារបន្តិចម្តងៗ ដើម្បីឱ្យអាហារផ្តល់អត្ថប្រយោជន៍ដល់សុខភាព និងមានរសជាតិឆ្ងាញ់ដូចមុន ដោយការបិទស្លាកប្រាប់អតិថិជនពីការកាត់បន្ថយរសជាតិប្រៃក្នុងអាហារ ។
គួរបញ្ជាក់ថា ការបរិភោគអាហារប្រៃប្រឈមនឹងការកើតជំងឺផ្សេងៗ ដូចជា ៖ ជំងឺបេះដូង លើសឈាម តម្រងនោមរ៉ាំរ៉ៃ និងជំងឺធាត់ ។ ជាទូទៅ បរិមាណសូដ្យូមដែលរាងកាយត្រូវការ គឺមិនលើសពី២,០០០មីលីក្រាមក្នុង១ថ្ងៃ (ឬស្មើអំបិល ១ស្លាព្រាកាហ្វេ) ដោយគ្រូពេទ្យបានណែនាំឱ្យបរិភោគអាហាររសជាតិសាប ពុំប្រៃពេក និងបន្ថែមគ្រឿងផ្សំតាមក្រោយបន្តិចម្តងៗ ៕










