រោងចក្រផលិតស៊ីម៉ង់ដ៍ធំបំផុតមួយ តម្លៃជាង ២៥០លានដុល្លារ មានទីតាំងស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

រោងចក្រនេះ គឺជារោងចក្រទី២ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន ខណៈទីតាំងរោងចក្រស៊ីម៉ងត៍ទី១ ស្ថិតនៅខេត្តបាត់ដំបង។

បើតាមលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រោងចក្រនេះ កើតចេញការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ខនស៍ អ៊ិនធឺណេស៊ីណល ហូឌីង ជាមួយក្រុមហ៊ុន ខេធី ស៊ីមេន កំពង់ស្ពឺ ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍បាន២,២លានតោនក្នុងមួយឆ្នាំ និងផ្តល់ការងារឱ្យពលរដ្ឋបាន៤៥០កន្លែង។

គួរបញ្ជាក់ថា នៅកម្ពុជាមាន រោងចក្រស៊ីម៉ងត៍៦កន្លែង ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ១១លានតោនក្នុងមួយឆ្នាំ ដែលបានប្រែក្លាយកម្ពុជា ពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេសដែលមានលទ្ធភាពផ្គត់ផ្គង់តម្រូវការស៊ីម៉ងត៍ទាំងស្រុងដោយខ្លួនឯង៕