ក្រុមហ៊ុន Phase Scientific International (PSI) ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានប្រកាសអំពីការរៃអង្គាសបានទុនចំនួន ៣៤ លានដុល្លារអាមេរិកក្នុងវគ្គវិនិយោគស៊េរី A ដោយមានការចូលរួមពីមូលនិធិវិនិយោគឯកជន Value Partners Group និងអ្នកវិនិយោគផ្សេងៗទៀត។ ទុននេះនឹងត្រូវប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍តេស្ត Human Papillomavirus (HPV) ដំបូងគេរបស់ពិភពលោកតាមរយ:ទឹកនោម។

HPV គឺជាវីរុសមួយដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការប៉ះពាល់ផ្លូវភេទ ហើយវាជាមូលហេតុចម្បងនៃជំងឺមហារីកមាត់ស្បូន។ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ប្រហែល ៩៥ ភាគរយនៃករណីជំងឺមហារីកមាត់ស្បូនបណ្តាលមកពីការឆ្លងវីរុស HPV។ បច្ចេកវិទ្យាថ្មីរបស់ PSI មានគោលបំណងធ្វើឱ្យការធ្វើតេស្តកាន់តែងាយស្រួល មិនរំខានដល់រាងកាយ និងអាចប្រើនៅគ្រប់ទីកន្លែង ដោយប្រើប្រាស់ទឹកនោមជាសំណាក។ នាយកប្រតិបត្តិ និងស្ថាបនិក PSI លោក Ricky Chiu Yin-to បានបញ្ជាក់ថា ក្រុមហ៊ុនបានអភិវឌ្ឍបច្ចេកវិទ្យាជាសិទ្ធិប៉ាតង់សម្រាប់ប្រមូលនិងបន្សុទ្ធទឹកនោម ដើម្បីអាចចាប់បានសារធាតុបញ្ជាក់ជំងឺ (biomarkers) ដ៏មានប្រសិទ្ធភាពខ្ពស់ជាងវិធីធម្មតាដល់ទៅ ១០ ដង។.png)
ការសិក្សាគ្លីនិកថ្មីដែលធ្វើឡើងជាមួយសាកលវិទ្យាល័យ Peking University Shenzhen Hospital លើអ្នកចូលរួម ១,000 នាក់ បង្ហាញថា តេស្តនេះមានភាពត្រឹមត្រូវរហូតដល់ ៩៣.៤% ក្នុងការរកឃើញដំបៅមុនជំងឺមហារីក និងអាចសម្រេចលទ្ធផលជាមួយនឹងតេស្ត Pap smear ស្តង់ដារមាសក្នុងអត្រា ៩៧%។ PSI គ្រោងនឹងពង្រីកការសិក្សាផ្នែកព្យាបាលលើអ្នកចូលរួម ២០,០០០ នាក់ នៅឆ្នាំក្រោយ ដោយសហការជាមួយមន្ទីរពេទ្យមួយនៅសាកលវិទ្យាល័យប៉េកាំង និងសាកលវិទ្យាល័យមួយនៅហុងកុង។ ប្រសិនបើលទ្ធផលបន្តល្អ PSI នឹងស្នើសុំអនុម័តពីអាជ្ញាធរច្បាប់សម្រាប់ការចេញលក់ជាសាធារណៈ រួមមាន FDA (សហរដ្ឋអាមេរិក) និង NMPA (ចិន)។
.png)
PSI បច្ចុប្បន្នមានមន្ទីរពិសោធន៍ផ្ទាល់ខ្លួននៅហុងកុង សិនជិន និងកាលីហ្វ័រញ៉ា ដែលអាចដំណើរការគំរូទឹកនោមសម្រាប់តេស្តនេះ។ កាលពីឆ្នាំ ២០២៣ ក្រុមហ៊ុនបានទិញយកមន្ទីរពិសោធន៍ ONCO ដែលជាអ្នកផ្តល់សេវាតេស្តរោគស្ត្រីធំបំផុតមួយនៅហុងកុង។ PSI គ្រោងនឹងប្រើ ONCO ដើម្បីបន្តអនុវត្តតេស្តទឹកនោមនេះទៀតផង ហើយជំហានបន្ទាប់ ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមវគ្គរៃអង្គាសស៊េរី B ក្នុងរយៈពេល ១២ ទៅ ១៨ ខែក្រោយ ដើម្បីគាំទ្រការចូលទីផ្សារ និងការធ្វើពាណិជ្ជកម្មតេស្តនេះ។ លោក Chiu បានបញ្ជាក់ថា ក្រុមហ៊ុនក៏កំពុងនឹងស្វែងរកដៃគូយុទ្ធសាស្ត្រដើម្បីពង្រីកសេវាកម្ម និងចូលទៅកាន់ទីផ្សារអន្តរជាតិ។
.png)
លើសពីនេះ ការធ្វើតេស្តនេះក៏អាចប្រើសម្រាប់បុរសផងដែរ។ ក្នុងប្រទេសអភិវឌ្ឍន៍ដូចជាសហរដ្ឋអាមេរិក ករណីជំងឺមហារីកក្បាល និងកដែលបណ្តាលមកពី HPV បានកើនឡើងខ្ពស់ជាងមហារីកមាត់ស្បូន។ នេះបង្ហាញពីសក្ដានុពលទីផ្សារថ្មី និងឱកាសច្រើនសម្រាប់ការអភិវឌ្ឍន៍បន្ថែមនាពេលអនាគត។ នេះបើតាមការចុះផ្សាយរបស់ South China Morning Post នៅព្រឹកថ្ងៃអង្គារ ខែឧសភា ឆ្នាំ ២០២៥ នេះ៕









